ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន គឺជាដៃគូដ៏សំខាន់ជួយអាស៊ានក្នុងការថែរក្សានិងពង្រឹងមជ្ឈភាពរបស់ខ្លួន
2022-11-15 18:34:51cri
Share with:


ប្រទេសកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ នាទីក្រុងភ្នំពេញ។ ក្នុងចំណោមប្រធានបទចម្បងៗជាច្រើនដែលប្រមុខរដ្ឋាភិបាលអាស៊ានបានលើកយកមកពិភាក្សា ការថែរក្សានិងពង្រឹងមជ្ឈភាពនិងសាមគ្គីភាពរបស់អាស៊ាន គឺជាប្រធានបទស្នូលដែលប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍សំខាន់ៗរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំអាស៊ាន ចាត់ទុកការថែរក្សានិងការពង្រឹងមជ្ឈភាពនិងសាមគ្គីភាពរបស់អង្គការតំបន់នេះ គឺជាអាទិភាពកំពូលរបស់អាស៊ាន។

នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដែលកាន់តែកើនកម្ដៅនៅលើឆាកអន្តរជាតិ ជាពិសេសការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាស៊ាន ពិតជាប្រឈមនឹងការលំបាកយ៉ាងខ្លាំង ក្នុងការថែរក្សានិងពង្រឹងសាមគ្គីភាព និងមជ្ឈភាព របស់  ខ្លួន។ ជាការពិត មេដឹកនាំអាស៊ាន បានបង្ហាញនូវក្ដីព្រួយបារម្ភអំពីការប្រើប្រាស់ឥទ្ធិពលដោយប្រទេសមហាអំណាចនានា ដើម្បីអូសទាញនិងដាក់សម្ពាធឲ្យប្រទេសសមាជិកអាស៊ាន ធ្វើការជ្រើសរើសចូលរួមជាមួយក្រុមម្ខាងដើម្បីប្រឆាំងនឹងក្រុមម្ខាងទៀត ដែលវានឹងធ្វើឲ្យអាស៊ានបាត់បង់សាមគ្គីភាពនិងមជ្ឈភាពរបស់ខ្លួន។ ហេតុដូច្នេះហើយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មេដឹកនាំអាស៊ាន បានអំពាវនាវឲ្យប្រទេសមហាអំណាចនានា គោរពមជ្ឈភាពរបស់អាស៊ាន។

នាពេលកន្លងមក មានការរិះគន់ និងវាយប្រហារឥតឈប់ឈរដែលមានលក្ខណៈជាប្រព័ន្ធ ដោយអ្នកនយោបាយ អ្នកស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយចោទប្រកាន់ថាប្រទេសចិន គឺជាអ្នកបង្កឲ្យសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ានចុះខ្សោយ។ តែផ្ទុយទៅវិញ ជារៀងរហូតមក មេដឹកនាំចិនបានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហរឥតងាករេរបស់ខ្លួនក្នុងការគោរពនិងគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ កាលពីឆ្នាំ២០២១កន្លងទៅ លោកប្រធានរដ្ឋចិន ស៊ី ជិនពីង បានបញ្ជាក់នូវគោលជំហរឥតប្រែប្រួលរបស់ចិនក្នុងការគាំទ្រមជ្ឈភាពរបស់អាស៊ាននៅក្នុងគ្រប់យន្តការតំបន់ និងគាំទ្រការបំពេញតួនាទីកាន់តែធំឡើងរបស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងអន្តរ    ជាតិ។ ប្រទេសចិន តែងតែគាំទ្រភាពជាអ្នកដឹកនាំរបស់អាស៊ាន និងគាំទ្រការពង្រឹងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដូចជាយន្តការអាស៊ានបូក១ អាស៊ានបូក៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន ជាដើម។ ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំកំពូល  អាស៊ាន ចិន លើកទី២៥ នាពេលថ្មីៗកន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានបញ្ជាក់នូវការគាំទ្ររបស់ប្រទេសចិនចំពោះគំនិតផ្ដួចផ្ដើមថ្មីរបស់អាស៊ានដែលមានឈ្មោះថា “ទស្សនវិស័យរបស់អាស៊ានស្ដីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ផងដែរ។ និយាយជារួម ប្រទេសចិន មិនគាំទ្រការបង្កើតយន្ដការថ្មីៗដើម្បីជំនួសយន្តការដែលមានស្រាប់ដែលដឹកនាំដោយអាស៊ាននោះឡើយ ដែលគោលជំហរនេះខុសប្លែកទាំងស្រុងពីគោលជំហររបស់អាមេរិកនិងសម្ព័នមិត្តរបស់ខ្លួន ដែលជានិច្ចជាកាលបានព្យាយាមអូសទាញនិងដាក់សម្ពាធលើប្រទេសសមាជិកអាស៊ានឲ្យជ្រើសរើសចូលជាមួយក្រុមខ្លួនដើម្បីប្រឆាំងចិន និងបានបង្កើតក្រុមប្លុកតំបន់ថ្មីៗ ដូចជា AUKUS និង QUARD ដើម្បីហ៊ុមព័ទ្ធចិន ដែលបង្ហាញពីការមិនផ្ដល់តម្លៃរបស់ពួកគេចំពោះតួនាទីស្នូលរបស់អាស៊ាន និងជាការគំរាមកំហែងចំពោះសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តដើម្បីពង្រឹងសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន ដោយផ្ដោតលើការពង្រឹងកំណើន     សេដ្ឋកិច្ចនិងការស្ដារសេដ្ចកិច្ចឡើងវិញនៅក្រោយវិបត្តិកូវីដ និងការពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។ បើអាស៊ានខ្លួនឯងពុំមានកម្លាំងសេដ្ឋកិច្ចខ្លាំងក្លា និងពុំមានភាពធន់មាំផ្នែកសេដ្ឋកិច្ច អាស៊ាន ពុំអាចនឹងបញ្ចុះបញ្ចូល ប្រទេសមហាអំណាចនានា ឲ្យគោរពមជ្ឈភាពរបស់ខ្លួន នោះឡើយ។  រហូតមកដល់ពេលនេះ ប្រទេសចិនគឺជាដៃគូដែលមិនអាចខ្វះបានរបស់អាស៊ានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជុំរុញកំណើនសេដ្ឋកិច្ច ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ាន ក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ។ ក្នុង      រយៈពេល១០ខែដំបូង នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មរវាងចិននិងអាស៊ាន បានកើនដល់ទំហំជិត៨០០ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជិត១៤% បើទោះបីជាមានវិបត្តិជំងឺ      កូវីដ ក៏ដោយ។ តំបន់ពាណិជ្ជកម្មសេរី អាស៊ាន ចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម រវាងភាគីទាំងពីរ ហើយទន្ទឹមនឹងនេះ ប្រទេសចិនក៏បានផ្ដួចផ្ដើមធ្វើការពិភាក្សាជាមួយអាស៊ាន ដើម្បីពង្រីកបន្ថែមនូវតំបន់ពាណិជ្ជកម្មសេរីនេះ (តំបន់សេដ្ឋកិច្ចសេរីអាស៊ាន ចិន ៣.០) និងបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំនិតផ្ដួចផ្ដើមសន្តិសុខសកល និង គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដែលនឹងជួយជំរុញបន្ថែមទៀតនូវកំណើនសេដ្ឋកិច្ចនិងការស្ដារសេដ្ឋកិច្ចឡើងវិញ និងពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះ នៅក្រោយវិបត្តិជំងឺកូវីដ។ ប្រទេសចិន ក៏បានសន្យាបង្កើតមូលនិធិសម្រាប់ជួយគាំទ្រប្រទេសអាស៊ាននានាក្នុងការស្ដារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ ផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមាហរណកម្ម   តភ្ជាប់នៅក្នុងតំបន់អាស៊ាន ដែលនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងកំណើនសេដ្ឋកិច្ចនិងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ខ្លួន  គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបាននិងកំពុងត្រូវអនុវត្តនៅក្នុងតំបន់នេះ ដូចជា ផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសចិនជាមួយប្រទេសឡាវ ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ទីក្រុងហ្សាកាតា ជាមួយទីក្រុងបានឌុង ផ្លូវរថភ្លើងឆ្នេរខាងកើតរបស់ប្រទេសម៉ាឡេស៊ី និងផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសថៃជាមួយប្រទេសចិន ជាដើម នឹងដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ ព្រមទាំងពន្លឿនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ និងពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះបន្ថែមទៀត។

និយាយដោយសង្ខេប គោលជំហរនិងសកម្មភាពជាក់ស្ដែងរបស់ប្រទេសចិននាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនគឺជាដៃគូដ៏សំខាន់របស់អាស៊ាន ដែលបានជួយពង្រឹងកម្លាំងសេដ្ឋកិច្ចនិងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថែរក្សានិងពង្រឹងសាមគ្គីភាពនិងមជ្ឈភាពរបស់អង្គការតំបន់នេះ ៕

  អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស