ថ្ងៃទី១៤ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់កោះបាលី ចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។សកម្មភាពសំខាន់ទី១នៃដំណើរទស្សនកិច្ចរបស់លោកលើកនេះ គឺជួបសន្ទនាជាមួយលោកបៃដិនប្រធានាធិបតីអាមេរិក។
លោកXi Jinpingបានលើកឡើងថា ខ្ញុំរីករាយផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់និងស៊ីជម្រៅជាមួយលោកប្រធានាធិបតីអំពីបញ្ហាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។ជាការឆ្លើយតប លោកបៃដិនក៏ថ្លែងថា ខ្ញុំរំពឹងទុកពីកិច្ចសន្ទនាជាប់លាប់ បើកទូលាយនិងស្មោះត្រង់។
លោកXi Jinpingបានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍នៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកមិនសមស្របទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសនិងប្រជាជននៃប្រទេសទាំង២ចិននិងអាមេរិកនោះទេ ហើយក៏មិនសមស្របទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ។លោកបានលើកឡើងថា គួរស្វែងរកទិសដៅដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកវិលត្រឡប់ទៅរកមាគ៌ាអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរឹងមាំ។
លោកXi Jinpingបានលើកឡើងថា ការរួមរស់រវាងប្រទេសចិននិងអាមេរិកក្នុងយុគសម័យថ្មីត្រូវប្រកាន់ខ្ជាប់គោលការណ៍៣ចំណុច គឺ គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។លោកបន្តទៀតថា ពិភពលោកកំពុងស្ថិតនៅត្រង់របត់នៃប្រវត្តិសាស្ត្រ ប្រទេសនានាត្រូវប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានផង ក៏ត្រូវក្តាប់ជាប់កាលានុវត្តភាពដែលមិនធ្លាប់មានផងដែរ។អ្នកដឹកនាំនៃប្រទេសចិននិងអាមេរិកត្រូវតែដោះស្រាយទំនាក់ទំនងរវាងប្រទេសទាំង២ដោយឈរលើចក្ខុវិស័យខ្ពស់។
លោកXi Jinpingបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកមិនគួរក្លាយជាការប្រកួតប្រជែងផលបូកសូន្យ ដែលចាញ់ឈ្នះតែម្ខាងនោះទេ ប្រទេសចិននិងអាមេរិកទទួលបានជោគជ័យរៀងៗខ្លួន ជាកាលានុវត្តភាពរបស់គ្នាទៅវិញទៅមក មិនមែនជាបញ្ហាប្រឈមនោះទេ។ភាគីទាំង២ត្រូវតែយល់ដឹងដោយត្រឹមត្រូវនូវគោលនយោបាយជាតិនិងអន្តរជាតិនិងគោលបំណងយុទ្ធសាស្ត្ររបស់គូភាគី កំណត់វិធីសាស្ត្រប្រាស្រ័យទាក់ទងដែលធ្វើកិច្ចសន្ទនា តែមិនមែនបដិបក្ខ ឈ្នះ-ឈ្នះ តែមិនមែនការប្រកួតប្រជែងផលបូកសន្យ។
ទាក់ទិននឹងបញ្ហាតៃវ៉ាន់ លោកXiJinpingបានលើកឡើងថា បញ្ហាតៃវ៉ាន់ជាចំណុចស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ជាមូលដ្ឋានគ្រឹះនៃមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក និងជាខ្សែបន្ទាត់ក្រហមទី១ដែលមិនអាចរំលងជាដាច់ខាតសម្រាប់ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក។លោកបានគូសបញ្ជាក់ថា ការគោរពក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងសេចក្តីថ្លែងការណ៍រួមទាំង៣រវាងប្រទេសចិននិងអាមេរិក នេះជាគន្លឹះសំខាន់ដែលភាគីទាំង២គ្រប់គ្រងការខ្វែងគំនិតនិងបង្ការការប៉ះទង្គិច និងជាបណ្តាញគាំពារនិងសន្តិសុខសំខាន់បំផុតក្នុងទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក។
ប្រមុខរដ្ឋនៃប្រទេសទាំង២ក៏បានផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់អំពីបញ្ហាសកលនិងតំបន់សំខាន់ៗ ក្នុងនោះ សំខាន់បំផុតគឺវិបត្តិអ៊ុយក្រែន។លោកXi Jinpingបានប្រាប់លោកបៃដិនថា ជានិច្ចកាល ភាគីចិនតែងតែឈរនៅម្ខាងសន្តិភាព គាំទ្រនិងរំពឹងទុកថា រុស្ស៊ីនិងអ៊ុយក្រែនអាចរៀបចំការចរចាសន្តិភាពឡើងវិញ ទន្ទឹមនឹងនេះ ក៏សង្ឃឹមថា អាមេរិក អង្គការណាតូ សហភាពអឺរ៉ុបអាចធ្វើកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី៕