ថ្ងៃទី ១៤ ខែវិច្ឆិកា ស្របពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ីនិងប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 និងកិច្ចប្រជុំក្រៅផ្លូវការនៃប្រមុខរដ្ឋអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកAPECហើយអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសថៃ ភាពយន្តភាគ«ប្រយោគដែលលោក Xi Jinping ចូលចិត្ត»(ភាសាឥណ្ឌូណេស៊ីនិងភាសាថៃ) និងភាពយន្តឯកសារជាពហុភាសា«ប្រទេសចិន ក្នុងដំណើរការថ្មី» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនបានធ្វើពិធីសម្ពោធចាក់ផ្សាយនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនបានអញ្ជើញថ្លែងសុន្ទរកថា។ អគ្គនាយកនៃទូរទស្សន៍ជាតិប្រទេសជាច្រើនទាំងកម្ពុជា ឥណ្ឌូណេស៊ី ថៃ ឥណ្ឌា ឡាវ នីហ្សេរីយ៉ា ប៉ាគីស្ថាន ស្រីលង្កា តួកគីជាដើមនិងអ្នកទទួលខុសត្រូវប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសទាំងនេះបានអញ្ជើញចូលរួមពិធីសម្ពោធតាមអនឡាញ។
លោក Shen Haixiong បានលើកឡើងថា ភាពយន្តឯកសារ«ប្រទេសចិន ក្នុងដំណើរការថ្មី» ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិននិងទូរទស្សន៍ជាតិប្រទេសចំនួន៨ បានកត់ត្រានូវរឿងរ៉ាវដ៏រស់រវើកខុសៗគ្នា ដើម្បីបង្ហាញនូវការខិតខំរបស់ប្រទេសចិនក្នុងការស្វែងរកឥតឈប់ឈរដើម្បីសម្រេចបានទំនើបភាពតាមបែបផែនចិន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មានបណ្តាប្រទេសលើលោកឲ្យស៊ីជំរៅថែមមួយកម្រិតទៀត ដើម្បីរួមចំណែកខាងប្រព័ន្ធសារព័ត៌មានក្នុងការជំរុញឲ្យសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក ក៏ដូចជាការជំរុញបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ៕