ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូងនិងប្រធានាធិបតីហ្វីលីពីន
2022-11-13 12:58:33cri
Share with:

    នៅថ្ងៃទី ១២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន លោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងនិងលោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីនតាមការណាត់ ។

    ថែ្លងក្នុងកិច្ចជំនួបជាមួយលោក Fumio Kishida លោក Li Keqiang បានលើកឡើងថា ប្រទេសចិននិងជប៉ុនគឺជាប្រទេសជិតខាងដែលមិនអាចរើផ្ទះបាន ភាគីទាំងពីរសុទ្ធតែបានខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌មនុស្សជាតិជាដើម ហើយគួរតែរួមគ្នាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពនិងភាពរឹងមាំ ។ ជាការឆ្លើយតប លោក Fumio Kishida បានថ្លែងថា ប្រទេសជប៉ុនឯកភាពថា ជប៉ុននិងចិនគួរតែរាប់អានគ្នាដោយមេត្រីភាព ហើយនឹងរួមសហការជាមួយប្រទេសចិនដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីររីកចម្រើនទៅមុខឥតឈប់ឈរ ។

    ថែ្លងក្នុងកិច្ចជំនួបជាមួយលោក Yoon Seok-Youl លោក Li Keqiang បានរំពឹងថា ប្រទេសចិននិងកូរ៉េខាងត្បូងនឹងបន្តប្រកាន់ខ្ជាប់ស្មារតីគោរពគ្នាទៅវិញទៅមកនិងធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ។ ជាការឆ្លើយតប លោក Yoon Seok-Youl បានថ្លែងថា រំពឹងថា នឹងរួមសហការជាមួយប្រទេសចិនដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិនឱ្យទទួលបានការអភិវឌ្ឍកាន់តែធំឥតឈបរឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកនិងធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។

    ថែ្លងក្នុងកិច្ចជំនួបជាមួយលោក Ferdinand Marcos លោក Li Keqiang បានលើកឡើងថា ប្រទេសចិនរីករាយបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយហ្វីលីពីន ក៏ដូចជារួមសហការជាមួយប្រទេសអាស៊ានដែលបូករួមទាំងហ្វីលីពីនផងដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពរបស់សមុទ្រចិនខាងត្បូងលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ។ ជាការឆ្លើយតប លោក Ferdinand Marcos បានថ្លែងថា ហ្វីលីពីនរីករាយបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយប្រទេសចិន ក៏ដូចជាខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស