សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបិទបញ្ចប់មិនជាយូរប៉ុន្មាន លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបសន្ទនាផ្ទាល់ជាមួយមេដឹកនាំនៃប្រទេសចំនួន ៤ក្នុងរយៈពេលមួយសប្តាហ៍៖ លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកស្រី Samia Suluhu Hassan ប្រធានាធិបតីតង់ហ្សានី និងលោក Scholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់។ ភ្ញៀវកិត្តិយសទាំង ៤ រូបដែលអញ្ជើញមកបំពេញទស្សនកិច្ចលើកនេះគឺមកពីទ្វីបអាស៊ី អាហ្វ្រិកនិងអឺរ៉ុប ។ នៅទីក្រុងប៉េកាំង មេដឹកនាំចិននិងអន្តរជាតិបានជួបជុំគ្នាសំណេះសំណាលអំពីចំណងមិត្តភាពផង និងពិភាក្សាពីផែនការសហប្រតិបត្តិការផង ដើម្បីបញ្ចូលថាមពលវិជ្ជមានជំរុញវឌ្ឍនភាពសកល និងរួមគ្នាជំរុញសន្តិភាពនិងស្ថិរភាពនៃសកលលោក។
របាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានប្រកាសទៅកាន់ពិភពលោកថា៖ ប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយគ្រប់ប្រទេសដោយឈរលើមូលដ្ឋាននៃគោលការណ៍សន្តិសហវិជ្ជមាន ៥ ខ នឹងជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូពិភពលោកដែលស្មើភាព បើកទូលាយ និងសហប្រតិបត្តិការ ដើម្បីពង្រីកទ្រង់ទ្រាយនៃផលប្រយោជន៍ជាមួយគ្រប់ប្រទេស។
កិច្ចជំនួបកំពូលទាំងនេះបានបង្ហាញសញ្ញាច្បាស់លាស់មួយជូនពិភពលោកថា៖ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ការសន្ទនានិងពិគ្រោះពិភាក្សាគ្នា កសាងរួមគ្នា ចែករំលែកជាមួយគ្នា សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជំរុញការកសាងពិភពលោកមួយដែលមានសន្តិភាពយូរអង្វែង មានសន្តិសុខជាទូទៅ មានវិបុលភាពរួមប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។ ក្នុងយុគសម័យដែលពោរពេញដោយបញ្ហាផងនិងក្តីសង្ឃឹមផង ប្រជាជនចិនមានឆន្ទៈពួតដៃជាមួយប្រជាជនសកលលោកដើម្បីបើកទំព័រថ្មីនៃអនាគតកាន់តែល្អបវរនៃមនុស្សជាតិ!