ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពិភពលោកទន្ទឹងរង់ចាំការបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយពិព័រណ៍នាំចូលចិនអន្តរជាតិមានអំណោយផលដល់ពិភពលោកទាំងមូល
2022-11-06 11:31:04cri
Share with:

   

    កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានសម្ពោធបើកនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិក្រុងសៀងហៃតាមពេលកំណត់ ។ ក្នុងនាមជាពិព៍រណ៍ថ្នាក់ជាតិខ្នាតធំលើកដំបូងបង្អស់នៅលើពិភពលោកដែលធ្វើឡើងក្រោមប្រធានបទស្តីពីការនាំចូល ចាប់តាំងពីពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្កើតឡើងមក ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ពិភពលោក ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ សមត្ថភាពប្រើប្រាស់ដ៏ខ្លាំងក្លានៃទីផ្សាររបស់ចិនបាននិងកំពុងធ្វើឱ្យពាណិជ្ជករមកពីប្រទេសនានាកោតស្ញប់ស្ញែងជាប់មិនដាច់ ហើយកម្លាំងទាក់ទាញសហគ្រាសនៅលើពិភពលោកទាំងមូលរបស់ខ្លួនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។

    នៅទីក្រុងកាប៊ុល រដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាន នាពេលថ្មីៗកន្លងទៅនេះ ថៅកែរោងចក្រមួយឈ្មោះ Hakazad មានការអន្ទះអន្ទែងខ្លាំង ហេតុនេះហើយ គាត់បានទាក់ទងជាមួយដៃគូសហប្រតិបត្តិការរបស់ខ្លួននៅទីក្រុងសៀងហៃដែលស្ថិតនៅទីឆ្ងាយជាញឹកញាប់ គាត់រំពឹងថា នឹងដាក់លក់ផលិតផលរបស់ខ្លួនក្នុងទីផ្សាររបស់ចិនដោយពឹងផ្អែកទៅលើឱកាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ពីព្រោះប្រការនេះនឹងសម្រេចអនាគតនិងជោគវាសនារោងចក្ររបស់គាត់ ។

    រោងចក្រនេះដែលបានធ្វើអាជីវកម្មដោយ លោក Hakazad សំខាន់គឺផលិតវត្ថុសិប្បកម្មប្រពៃណីមួយប្រភេទរបស់អាហ្វហ្កានីស្ថានដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងភាពវឹកវរខាងនយោបាយក្នុងប្រទេសអាហ្វហ្កានីស្ថាន បានជាបណ្តាលឱ្យអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង ។

    យ៉ាងណាមិញ អ្នកដែលនាំមកនូវក្តីសង្ឃឹមដល់លោក Hakazad គឺពាណិជ្ជករវ័យក្មេងម្នាក់ឈ្មោះ Ali ។ យុវជនអាហ្វហ្កានីស្ថានម្នាក់នេះបានរស់នៅនិងធ្វើជំនួញនៅប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ កាលពីឆ្នាំ ២០២១ ដោយមកពីបានលក់កម្រាលព្រំនៅពិព័រណ៍នាំចូលចិនអន្តរជាតិ គាត់បានក្លាយជា"អ្នកល្បីតាមបណ្តាញអ៊ីនធឺណែត" ។ លោក Ali បាននិយាយថា ប្រសិនបើផលិតផលមានទីផ្សារ នោះ រោងចក្រនេះនឹងមានសង្ឃឹមហើយបើប្រៀបធៀបនឹងកាលពីមុន ហើយកម្មករទាំងឡាយក៏អាចត្រឡប់ចូលធ្វើការជាថ្មីឡើងវិញផងដែរ ។ អ្វីដែលកាន់តែសំខាន់ជាងទៀត គឺ សិក្បកម្មដ៏ប្រណីតដែលបានបន្តវេនរាប់ពាន់ឆ្នាំមកហើយនេះក៏ត្រូវបានរំពឹងថា នឹងបន្តផ្សព្វផ្សាយតទៅទៀត ។

    ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិបានកែប្រែគន្លងជីវិតរបស់មនុស្សដ៏ច្រើនរាប់មិនអស់ ហើយបាននាំមកនូវឱកាសនិងក្តីសង្ឃឹមដល់ពួកគេ ។ បន្ទាប់ពីស្តាប់រឿងរ៉ាវរបស់លោក Hakazad លោកអ្នកប្រហែលនឹងដឹងច្បាស់ថា ហេតុអ្វីបានជាព្រឹត្តិការណ៍អន្តរជាតិដ៏ឱឡារិកនេះញ៉ាំងឱ្យពិភពលោកពោរពេញទៅដោយការរំពឹងទុក ។

    តាមពិតទៅ ជំនឿចិត្តរបស់លោក Ali គឺមិនមែនគ្មានភស្តុងតាងអ្វីទាល់តែសោះ ។ មិនថា ស្រាបៀរនិងកាហ្វេរបស់ប្រទេសអង់ហ្គោឡា កម្រាលព្រំសិប្បកម្មនិងគ្រាប់ pine nuts របស់អាហ្វហ្កានីស្ថានឬមួយក៏សាប៊ូបុរាណនិងប្រេងផ្កាកុលាបក្រុងដាម៉ាសរបស់ស៊ីរីក្តី ផលិតផលប្រកបដោយលក្ខណៈពិសេសដែលមានគុណភាពខ្ពស់និងតម្លៃថោកទាំងនេះបានចូលក្នុងទីផ្សារធំរបស់ចិនដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ។ ប្រការនេះនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសគឺប្រទេសមិនរីកលូតលាស់បំផុតឱ្យដោះស្រាយបញ្ហាលំបាកក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ហើយឆ្លងតាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិនអាចចែករំលែកនូវកាលានុវត្តភាពអភិវឌ្ឍន៍ក្នុងការធ្វើសកលភាពវូបនីយកម្មផងដែរ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា ប្រទេសកម្ពុជាបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ ៤ លើកជាប់ៗគ្នា ដែលបានធ្វើឱ្យផលិតផលកម្ពុជាប្រកបដោយគុណភាពល្អជាច្រើនដាក់លក់ក្នុងទីផ្សារចិននិងសកល ក្នុងនោះ កសិផលពិសេសកម្ពុជា ដូចជា អង្ករផ្កាម្លិះនិងផ្លែស្វាយជាដើមបានដាក់លក់ក្នុងទីផ្សារចិនរួចជាស្រេចដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកប្រើប្រាស់របស់ចិន ។ កាលពីខែតុលា ឆ្នាំនេះ ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់របស់កម្ពុជាប្រភេទទីបីដែលអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ ។ រំពឹងថា សហគ្រាសកម្ពុជាកាន់តែច្រើនឡើងៗនឹងធ្វើឱ្យផលិតផលពិសេសកម្ពុជាប្រកបដោយគុណភាពល្អដាក់លក់ក្នុងទីផ្សាររបស់ចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ។

    បើត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ ២០១៨ វិញ ខណៈពេលវិធានការគាំពារនិយមខាងពាណិជ្ជកម្មត្រូវគេឃោសនាបំប៉ោងយ៉ាងគឃ្លើន ប្រទេសចិនបែរជាបានពង្រីកការបើកទូលាយយ៉ាងមុតមាំនិងបង្កើតជាវេទិកាដ៏ធំធេងមួយសម្រាប់ឱ្យទំនិញសកលចូលលក់ក្នុងទីផ្សាររបស់ចិន ។ លោក Owen Messick អគ្គនាយកប្រចាំនៅតំបន់ប្រទេសចិននៃក្រុមហ៊ុន dōTERRA ដែលជាសហគ្រាសថែទាំសុខភាពដោយក្លិនក្រអូបនិងប្រេងក្រអូបធំជាងគេមួយនៅទូទាំងពិភពលោកនៅតែចងចាំយ៉ាងច្បាស់ចំពោះបទពិសោធន៍ជីវិតរបស់ខ្លួននៅកាលនោះ ។

    នៅពេលនោះ ដោយសារកាន់អាកប្បកិរិយាចង់ផ្សងសំណាង លោកក៏បានដាក់ពាក្យស្នើសុំស្តង់តាំងពិព័រណ៍តូចមួយដែលមានទំហំតែ ៩ ម៉ែត្រការ៉េក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយ ។ លោកនឹកស្មានមិនដល់ថា វាគ្រាន់តែជាការផ្សងសំណាងប៉ុណ្ណោះ តែក៏បានស្វែងរកប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសម្រាប់ក្រុមហ៊ុន ។ លោក Owen Messick បានថ្លែងថា "ពេលនោះ ពួកយើងគ្រាន់តែជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះ តែប្រទេសចិនបានផ្តល់ឱកាសជាច្រើនសម្រាប់ឱ្យពួកយើងទទួលការអភិវឌ្ឍនៅទីនេះ ពីព្រោះប្រទេសចិនមានទីផ្សារដ៏ធំធេង

    ប្រទេសចិនបច្ចុប្បន្ន កំពុងជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅដែលមិនធ្លាប់មានកាលពីមុនជាមួយពិភពលោក ទំហំពាណិជ្ជកម្មទំនិញបានកើនឡើង ១៤,៧ ទ្រីលានយាន់ប្រាក់ចិនបើប្រៀបធៀបនឹងរយៈពេល ១០ ឆ្នាំមុន ចំណែកឯកូតាទីផ្សារអន្តរជាតិបានកើនឡើងដល់ ១៣,៥ ភាគរយ ក៏ដូចជាបានតភ្ជាប់គ្នាឱ្យបានកាន់តែស៊ីជម្រៅជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល គិតជាមធ្យម ក្នុងមួយនាទី ក៏មានទំនិញក្នុងតម្លៃ ៧០ លាន ៣ សែន ៤ ម៉ឺន ៩ ពាន់យាន់ប្រាក់ចិនបាននាំចេញពីប្រទេសចិនទៅកាន់ពិភពលោកឬនាំចូលទៅកាន់ប្រទេសចិន ។ ប្រទេសចិនបច្ចុប្បន្ន មិនត្រឹមតែត្រូវគេប្រៀបប្រដូចជា"រោងចក្រពិភពលោក"ប៉ុណ្ណោះទេ ថែមទាំងក៏ជា"ទីផ្សារពិភពលោក"ដែលទទួលប្រជាប្រិយភាពពីប្រទេសនានាផងដែរ ។

    ក្នុងបរិបទដែលគាំពារនិយមខាងពាណិជ្ជកម្មនិងគំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្មបានកើនឡើង ការបោះជំហានទៅមុខរបស់ប្រទេសចិនក្នុងការជំរុញការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់នឹងដំណើរការមិនចេះឈប់ជាដរាប ។ ពិព័រណ៍នាំចូលចិនអន្តរជាតិដែលមានភាពកាន់តែល្អប្រសើរក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាបាននិងកំពុងអនុវត្តតាមពាក្យសន្យាស្តីពីការគាំទ្រយ៉ាងមុតមាំដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ក៏ដូចជាបង្ហាញពីការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ចិនក្នុងការពង្រីកការបើកទូលាយចំពោះក្រៅប្រទេសដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចពិភពលោកនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសនានាយ៉ាងប្រាកដប្រជា ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស