ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ត្រូវកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព សមុទ្រមិត្តភាព និងសមុទ្រសហប្រតិបត្តិការយ៉ាងពិតប្រាកដ
2022-11-05 15:23:57cri
Share with:

កាលពីថ្ងៃទី ៤ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរសំណួរក្នុងសន្និសីទថា នៅថ្ងៃទី ៤ ខែវិច្ឆិកានា២០ឆ្នាំមុន តំណាងរដ្ឋាភិបាលចិន និងប្រទេសអាស៊ានបានចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង” នៅក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ តើប្រទេសចិនមានការវាយតម្លៃអ្វីខ្លះចំពោះតួនាទីរបស់សេចក្តីថ្លែងការណ៍នេះក្នុងរយៈពេល ២០ ឆ្នាំកន្លងមក?

 ជាការឆ្លើយតប លោក Zhao Lijian បានថ្លែងថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី ២០នៃការចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង សេចក្តីថ្លែងការណ៍នេះ គឺជាឯកសារនយោបាយដំបូងស្តីពីបញ្ហាសមុទ្រចិនខាងត្បូងរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ដែលបានកំណត់គោលការណ៍ជាមូលដ្ឋាន និងបទដ្ឋានទូទៅសម្រាប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ។ ការចុះហត្ថលេខា និងការអនុវត្តនូវសេចក្តីថ្លែងការណ៍នេះ បានបង្កើនទំនុកចិត្តផ្នែកនយោបាយរវាងចិននិងបណ្តាប្រទេសអាស៊ាន ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ព្រមនិងបង្កើតបរិយាកាសល្អក្នុងតំបន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាស៊ាន ។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីបន្តអនុវត្តសេចក្តីថ្លែងការណ៍នេះដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព ជំរុញកិច្ចពិគ្រោះពិភាក្សាស្តីពី “ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង”  បន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការលើសមុទ្រ ក្នុងន័យខិតខំប្រឹងប្រែងកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព សមុទ្រមិត្តភាព និងសមុទ្រសហប្រតិបត្តិការយ៉ាងពិតប្រាកដ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស