ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មិត្តភាពរវាងចិននិងប៉ាគីស្ថានជាគំរូនៃការរាប់អានគ្នាដោយមេត្រីភាពរវាងប្រទេសនិងប្រទេស
2022-11-04 12:34:49cri
Share with:

    ចិននិងប៉ាគីស្ថានជាមិត្តល្អ ដៃគូល្អនិងបងប្អូនល្អ ។ កាលពីថ្ងៃទី២ខែវិចិ្ឆកា ពេលជួបសន្ទនាជាមួយលោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានកោតសរសើរចំពោះមិត្តភាពដូចដែកថែបរវាងចិននិងប៉ាគីស្ថាន ។

    លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានជាមេដឹកនាំបរទេសមួយរូបក្នុងចំណោមមេដឹកនាំបរទេសដំបូងគេបង្អស់ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញបន្ទាប់ពីបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។ កិច្ចជំនួបលើកនេះបានបង្ហាញយ៉ាងពេញលេញនូវមិត្តភាពប្រពៃណីរវាងចិននិងប៉ាគីស្ថាន ការកសាងទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្រនិងគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ដែលបានគ្រោងផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់អំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន ។

    តើទំនាក់ទំនងរវាងចិននិងប៉ាគីស្ថានមានភាពជិតស្និទ្ធដល់កម្រិតយ៉ាងណា? ពីការដែលភាគីប៉ាគីស្ថានរួមវិភាគទានម៉ាសដែលស្តុកទុកក្នុងឃ្លាំងមន្ទីរពេទ្យទូទាំងប្រទេសជូនដល់ប្រទេសចិននៅពេលផ្ទុះជំងឺកូវីដ១៩នៅដើមឆ្នាំ២០២០ ដល់ការដែលភាគីចិនផ្តល់ជំនួយឧបត្ថម្ភជាបន្ទាន់របស់រដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូលដោយគ្រប់ជ្រុងជ្រោយបន្ទាប់ពីកើតគ្រោះទឹកជំនន់នៅប៉ាគីស្ថាននៅខែមិថុនាឆ្នាំនេះ ។ល។ រឿងជាច្រើនបានបញ្ជាក់ថា មិត្តភាពរវាងចិននិងប៉ាគីស្ថានជាចំណងមិត្តភាពប្រកបដោយសីលធម៌ និងជាចំណងមិត្តភាពដែលរួមសុខរួមទុក្ខក្នុងគ្រាលំបាក អាចនិយាយបានថា ជាគំរូនៃការរាប់អានគ្នារវាងប្រទេសនិងប្រទេស ។

    បច្ចុប្បន្ននេះ ការវិនិយោគសរុបនៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានបានលើសពី២ម៉ឺន៥ពាន់លានដុល្លារអាមេរិក ដែលបានបង្កើតឱកាសការងារចំនួន១សែន៥ម៉ឺនដល់ភាគីប៉ាគីស្ថានដោយផ្ទាល់។ តាមការប៉ាន់ប្រមាណរបស់លោក Mehmood Ul Hassan Khan ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីអាស៊ីខាងត្បូងនិងអន្តរជាតិរបស់ប៉ាគីស្ថានឱ្យដឹងថា កំណើន GDP យ៉ាងជាក់លាក់ដែលនាំមកដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនឹងមានអំណោយផលដល់ការនាំឱ្យជនជាតិប៉ាគីស្ថានចំនួន១លាន១សែននាក់បម្រះខ្លួនចេញផុតពីភាពក្រីក្រជ្រុលហួសមុនពេលឆ្នាំ២០៣០ ។

    ក្នុងអំឡុងពេលជំនួបពិភាក្សា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវសំណូមពរជាក់ស្តែងអំពីការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ក្នុងដំណាក់កាលក្រោយរវាងចិននិងប៉ាគីស្ថាន បូករួមទាំង ភាគីទាំងពីរត្រូវប្រើប្រាស់ឱ្យបានល្អនូវយន្តការគណៈកម្មាធិការសហប្រតិបត្តិការរួមនៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាននិង ត្រូវពន្លឿនការជំរុញកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនៃកំពង់ផែ Gwadar ។ល។ អ្នកផងទាំងពួងអាចទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីចិនចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាគីស្ថាននិងមនោសញ្ចេតនាដ៏ពិតប្រាកដនិងភាពស្មោះត្រង់ក្នុងការរីករាយអភិវឌ្ឍជាមួយភាគីប៉ាគីស្ថាន ។

    ក្នុងជំនួបពិភាក្សា លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ។ ហើយភាគីចិនក៏បានកំណត់ប៉ាគីស្ថានថា ជាដៃគូសហប្រតិបត្តិការជាអាទិភាពនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ នេះនឹងបំពេញបន្ថែមភាពប្រាកដប្រជានិងថាមពលវិជ្ជមានក្នុងវិបុលភាពនិងស្ថិរភាពនៃអាស៊ីខាងត្បូង ក៏ដូចជាការអភិវឌ្ឍនិងសន្តិភាពនៃពិភពលោក ។

    លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងក្នុងអត្ថបទដែលចេញផ្សាយនៅប្រព័ន្ធសារព័ត៌មានរបស់ចិនមុនពេលបំពេញទស្សនកិច្ចនៅប្រទេសចិនថា ចំណងមិត្តភាពប៉ាគីស្ថាន-ចិន គឺមានទំនុកចិត្តនិងក្តីស្រឡាញ់ជារៀងរហូត ។ សមិទ្ធផលជាផ្លែផ្កាដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់លោកលើកនេះ បានបញ្ជាក់ពីពាក្យសម្តីនេះយ៉ាងពេញលេញ ។ ពង្រឹងចំណងមិត្តភាពប្រពៃណី លើកកម្ពស់កម្រិតសហប្រតិបត្តិការនិងបង្កើតកម្លាំងចលករថ្មី ចិននិងប៉ាគីស្ថានមុខជានឹងទទួលអនាគតកាន់តែល្អបវរជាក់ជាមិនខាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស