នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនតែងតែប្រើចក្ខុវិស័យជាយុទ្ធសាស្ត្រនិងវែងឆ្ងាយចំពោះទំនាក់ទំនងចិន-ប៉ាគីស្ថាន ហើយតែងតែតម្កល់ប្រទេសប៉ាគីស្ថានជាអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ប្រទេសចិនរីករាយរួមសហការជាមួយភាគីប៉ាគីស្ថានដើម្បីលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពន្លឿនការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានដែលមានភាពកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ព្រមនិងដាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងចិននិងប៉ាគីស្ថាន។
លោក Xi Jinping បានជម្រាបជូនភាគីប៉ាគីស្ថានអំពីសមិទ្ធផលសំខាន់ៗនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ លោកបានថ្លែងថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកចំហចំពោះបរទេស ដោយបន្តផ្តល់កាលានុវត្តភាពថ្មីជូនបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងនោះបូករួមទាំងប៉ាគីស្ថានផងដែរស្របនឹងពេលដែលប្រទេសចិនមានការអភិវឌ្ឍថ្មី។
ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា លោកមានកិត្តិយសណាស់ដែលបានក្លាយជាមេដឹកនាំបរទេសដែលទទួលបានការអញ្ជើញឱ្យមកធ្វើទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០យ៉ាងជោគជ័យ។ នេះបានបង្ហាញយ៉ាងពេញលេញនូវទំនាក់ទំនងមិត្តភាពដែកថែបដ៏ស៊ីជម្រៅរវាងប៉ាគីស្ថាននិងចិន៕