ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិននិងវៀតណាមដែលមានចំណងមិត្តភាពជាភាតរភាពគួរធ្វើជាអ្នកជិតខាងល្អដ៏សុខដុមរមនាជារៀងរហូត
2022-11-02 15:40:27cri
Share with:

    តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ២ ខែវិច្ឆិកា ។ កាលពីថ្ងៃទី ៣១ ខែតុលា មេដឹកនាំទាំងពីររូបបានជួបពិភាក្សានៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មីឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ។

    លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសដំបូងគេបង្អស់ដែលលោក Xi Jinping បានជួបសន្ទនាបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយដំណើរទស្សនកិច្ចលើកនេះក៏ជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក Nguyen Phu Trong បន្ទាប់ពីសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ ផងដែរ។ ខណៈពេលបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរចិននិងវៀតណាមសុទ្ធតែបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលបូកសរុបសមិទ្ធផលកន្លងទៅនិងត្រួសត្រាយអនាគត មេដឹកនាំកំពូលនៃគណបក្សទាំងពីរបានឯកភាពគ្នាថា ត្រូវពង្រឹងចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយ ក៏ដូចជាគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតដោយសមរម្យដែលបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មីដោយឈរលើមុំយុទ្ធសាស្ត្រ ។

    បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ។ តើត្រូវអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាមថែមមួយកម្រិតទៀតតាមរបៀបណា ? លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិនបានលើកឡើងសំណើ ៣ ចំណុច ពោលគឺ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទិសដៅឆ្ពោះទៅមុខនៃសង្គមនិយម ពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសង្គមនិយមឱ្យកាន់តែរឹងមាំនិងផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណី ។ ជាការឆ្លើយតប លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងថា លោកបានឯកភាពទាំងស្រុងចំពោះសំណើសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរ ។

    សូមបញ្ជាក់ថា ចិននិងវៀតណាមសុទ្ធតែជាប្រទេសសង្គមនិយមដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ប្រទេសទាំងពីរមានប្រព័ន្ធនយោបាយដូចគ្នា ឧត្តមគតិនិងជំនឿចិត្តតភ្ជាប់គ្នានិងផ្លូវអភិវឌ្ឍន៍ស្រដៀងគ្នា ។ ក្រោមសភាពការណ៍ថ្មីនេះ គណបក្សនៃប្រទេសទាំងពីរ ចិននិងវៀតណាមត្រូវបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានូវបទពិសោធខាងការគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិ ត្រូវក្តាប់ជាប់សភាពការណ៍ទូទៅនិងទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសង្គមនិយមក៏នឹងមានភាពកាន់តែរស់រវើក ផងដែរ។

    បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ចិននិងវៀតណាមគឺជាដៃគូសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ចំណែកឯវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងចំណោមប្រទេសអាស៊ាននិងជាដៃគូពាណិជ្ជកម្មធំទី ៦ នៅទូទាំងពិភពលោក នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ២ រយ ៣០ ពាន់លានដុល្លារអាមេរិក ។

    ចិននិងវៀតណាមគឺជាប្រទេសជិតខាងដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ហើយបាននិងកំពុងរក្សាមិត្តភាពប្រពៃណីជាភាតរភាព។ ក្រោមសភាពការណ៍ថ្មីនេះ ការដែលចិននិងវៀតណាមបន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណីនឹងបំពេញបន្ថែមកម្លាំងចលករដែលមិនចេះអស់ក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ ។

    សំដៅទៅរកអនាគត ចិននិងវៀតណាមនឹងប្រកាន់ខ្ជាប់នូវការណែនាំជាយុទ្ធសាស្រ្តរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ ក៏ដូចជាផ្តល់ខ្លឹមសារយុគសម័យថ្មីដល់ចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ប្រការនេះពិតជានឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតថ្មីជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស