ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ស្ថានីយអវកាសចិននឹងក្លាយជា"ផ្ទះថ្មី"របស់មនុស្សជាតិទាំងមូលក្នុងការរួមគ្នាស្ទង់រុករកលំហអវកាស
2022-11-01 12:37:58cri
Share with:

ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង ភារកិច្ចបាញ់បង្ហោះបន្ទប់ពិសោធន៍Mengtian ដែលជាបន្ទប់ធំទីបីរបស់ស្ថានីយអវកាសប្រទេសចិនទទួលបានជោគជ័យដោយគាប់ប្រសើរ ។ នេះគឺមានន័យថា ស្ថានីយអវកាសចិននឹងប្រែពីបន្ទប់ពីរទៅជាបន្ទប់បី ហើយនឹងសម្រេចបាននូវភារកិច្ចសាងសង់រចនាសម័្ពន្ធរូបរាងដូចអក្សរ "T"  ដូច្នេះ ដំណាក់កាលសាងសង់តាមគន្លងតារាវិធីជិតនឹងបញ្ចប់ ។

ពីប្រទេសចិនបានអនុវត្តជាផ្លូវការនូវគម្រោងអវកាសផ្ទុកមនុស្សកាលពីឆ្នាំ១៩៩២ រហូតដល់សម្រេចបាននូវភារកិច្ចសាងសង់ស្ថានីយអវកាសតាមគន្លងតារាវិថីនៅឆ្នាំ២០២២ ប្រជាជនចិនបានចំណាយរយៈពេល៣០ឆ្នាំមិនធម្មតា។ ពីការហោះហើរគ្មានមនុស្សបើក ដល់ការហោះហើរផ្ទុកមនុស្ស ពីការផ្ទុកអវកាសយានិកមួយរូបដល់ច្រើនរូប ពីការបោះប្រចាំការរយៈពេលខ្លីដល់រយៈពេលមធ្យមនិងយូរ ពីការធ្វើពិសោធន៍ក្នុងបន្ទប់ដល់អាចដើរនៅលំហអវកាស ។ល។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក អ្នកបម្រើការងារផ្នែកអវកាសរបស់ចិនសម្រេចបាននូវកំណត់ត្រាថ្មីនៃបច្ចេកទេសគន្លឹះជាច្រើន ដូចជាការធ្វើដំណើរទៅមករវាងភពផែនដីនិងអវកាស ដើរចេញពីបន្ទប់អវកាស និងតភ្ជាប់បន្ទប់ជាដើម ដែលបាន    ចាក់គ្រឹះដ៏រឹងមាំសម្រាប់កិច្ចកសាងស្ថានីយអវកាស ។

ការបំបែកកំណត់ត្រាលើវិស័យអវកាស ជាគំរូនៃការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់ប្រទេសចិន ។ របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងថា បច្ចេកទេសគន្លឹះមួយចំនួនសម្រេចបាននូវកំណត់ត្រាថ្មី ឧស្សាកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រទទួលបានការរីកចម្រើននិងមានភាពខ្លាំងក្លាឡើង វិស្វកម្មអវកាសផ្ទុកមនុស្ស វិស្វកម្មស្ទង់រុករកភពព្រះចន្ទនិងភពព្រះអង្គារ ការស្ទង់រុករកនៅទឹកជ្រៅនិងដីជ្រៅ កុំព្យូទ័រកំពូលផុតលេខ  ផ្កាយរណបនាំផ្លូវ ការផលិតយន្តហោះខ្នាតធំ និងឱសថជីវសាស្ត្រជាដើមទទួលបានសមិទ្ធផលដ៏ធំនិងសំខាន់ ប្រទេសចិនបានឈានចូលក្នុងជួរប្រទេសបែបច្នៃប្រឌិតថ្មី ។

អ្វីដែលកាន់តែគួរឱ្យកោតសរសើរ គឺជានិច្ចកាល បុព្វហេតុអវកាសផ្ទុកមនុស្សរបស់ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការប្រើប្រាស់ដោយសន្តិភាព សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ជាមួយគ្នា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី ប៉ាគីស្ថាន ក៏ដូចជាស្ថាប័ននិងអង្គការអវកាសជាច្រើន ដូចជានាយកដ្ឋានអវកាសរបស់អង្គការសហប្រជាជាតិ និងរដ្ឋបាលអវកាសរបស់អឺរ៉ុបជាដើម ដែលបានអនុវត្តគម្រោងសហប្រតិបតិ្តការច្រើនបែបយ៉ាង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។

ស្ថានីយអវកាសចិនជាគម្រោងប្រភេទនេះទីមួយក្នុងប្រវតិ្តសាស្ត្រដែលបានបើកចំហចំពោះរដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ ។ បច្ចុប្បន្ននេះ មានគម្រោងចំនួន៩ របស់ប្រទេសចំនួន១៧និងអង្គភាពចំនួន២៣ ត្រូវជ្រើសរើសក្លាយជាគម្រោងពិសោធន៍របស់ស្ថានីយអវកាសចិនជាលើកដំបូង ។ នេះជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិលើវិស័យអវកាស ។

          យោងតាមការសម្រេចបាននូវកិច្ចសាងសង់តាមគន្លងតារាវិថី ស្ថានីយអវកាសចិននឹងឈានចូលដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍដែលមានរយៈពេលលើសពី១០ឆ្នាំ ។ ជឿជាក់ថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ ស្ថានីយអវកាសចិននឹងក្លាយជា"ផ្ទះថ្មី"របស់មនុស្សជាតិទាំងមូលក្នុងការរួមគ្នាស្ទង់រុករកលំហអវកាស។ អវកាសយានិកចិននិងបរទេសនឹងបំពេញការងារជាមួយគ្នា ក្នុងន័យរួមចំណែកប្រកដោយលក្ខណៈត្រួសត្រាយ ដើម្បីជំរុញឱ្យមនុស្សជាតិស្វែងយល់ពីអាថ៌កំបាំងរបស់ចក្រវាល និងជំរុញការប្រើប្រាស់អវកាសដោយសន្តិភាព ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស