បងស្រីតុង មកទិញស្ករសនៅស្រុក មិនត្រឹមតែមិនបានទិញស្ករសទេ ថែមទាំងបាត់ទូរស័ព្ទដៃទៀត។ យប់ថ្ងៃដដែល បងស្រីតុង បានជិះរថយន្តត្រឡប់ទៅតង់នៅភ្នំJinjifeng វិញ។ បន្ទាប់ពីដឹងពីរឿងទាំងអស់នេះ ឡៅ ជៀ ទះភ្លៅទាំងរំជួលចិត្ត ហើយនិយាយថា "ប្រសិនបើបងទៅ ប្រាកដជាមិនអីទេ។ បាត់ទូរស័ព្ទដៃហើយ ទិញថ្មីមួយគ្រឿងត្រូវចំណាយអស់ប៉ុន្មានរយទៀត! ថ្ងៃស្អែក បងនឹងទៅទិញស្ករនៅស្រុក អូននៅមើលនៅផ្ទះ។"
ព្រឹកថ្ងៃបន្ទាប់ ឡៅ ជៀ ក៏បានជិះរថយន្តឈ្នួលទៅស្រុក។
នៅលើអាកាសនៃចម្ការផ្កាស្បៃរឿង ដ្រូនពណ៌សមួយគ្រឿង កំពុងហោះទៅមកក្នុងកម្ពស់កៀកនឹងដី។នៅខាងក្រោមយន្តហោះ មានព្យួរធុងថ្នាំរាងបួនជ្រុងមួយ។ មានបំពង់វែង២ដើម លាតសន្ធឹងលើផ្នែកទាំងសងខាងនៃធុងថ្នាំ ហើយមានក្បាលបាញ់ជាច្រើននៅក្រោមបំពង់កំពុងបាញ់ថ្នាំដើម្បីសម្លាប់សត្វល្អិតនៅលើចម្ការផ្កាស្បែរឿង ។
“មិនឱ្យបាញ់ថ្នាំទេ!” បងស្រីតុងបានរត់ទៅក្បែរចម្ការ ឈរទល់មុខអ្នកបញ្ជាដ្រូន។
“អ្នកនាងជានរណា? ហេតុអីក៏ចេះដឹងម្ល៉េះ?”
“ខ្ញុំជាអ្នកចិញ្ចឹមឃ្មុំ លោកបានបាញ់ថ្នាំលើចម្ការ ឃ្មុំរបស់ខ្ញុំនឹងពុលងាប់អស់ហើយ។”
“ពួកយើងបានចុះហត្ថលេខាជាមួយគណៈកម្មការភូមិ មកធ្វើការងារថែទាំរុក្ខជាតិ។ ពួកយើងគ្រាន់តែធ្វើការពួកយើងទេ ប្រសិនបើមានបញ្ហាអ្វី ទៅរកគណៈកម្មការភូមិទៅ។"
Laohanប្រធានគណៈកម្មការភូមិកំពុងធ្វើការនៅការិយាល័យ បានមើលឃើញបងស្រីតុងដើរចូលមកដោយប្រញាប់ប្រញាល់។
"បងស្រីតុង បងស្រីគឺជាភ្ញៀវដ៏កម្រម្នាក់!
លោកប្រធានHan តើអាចមិនបាញ់ថ្នាំសម្លាប់សត្វល្អិតបានទេ?
មកបងស្រីតុង សូមអង្គុយសិនមក និយាយគ្នាតាមសម្រួល។"
ប្រធានHan ភូមិរបស់លោកប្រមូលផលគ្រាប់ផ្កាស្បៃរឿងបានច្រើនរៀងរាល់ឆ្នាំ ហេតុអ្វី?
នេះ……
ផ្កាស្បៃរឿង រោយលម្អងផ្កាដោយសត្វល្អិត បើគ្មានឃ្មុំរបស់ពួកយើងរោយលម្អងផ្កាទេ តើពួកលោកអាចមានទិន្នផលច្រើនយ៉ាងដូចម្ដេច? បើទិន្នផលមិនអាចឡើងបាន តើឧស្សាហកម្មផ្កាស្បៃរឿងរបស់ពួកលោកអាចបានដូចថ្ងៃនេះទេ? ពួកលោកមិនអាចដល់ត្រើយសើយគូទបានទេ!"
"បងស្រីតុង មិនអាចនិយាយបែបនេះបានទេ។ គ្រាប់ផ្កាស្បៃរឿងរបស់ភូមិយើងមានទិន្នផលខ្ពស់ គឺជាលទ្ធផលដោយសារកត្តាជាច្រើន។ សំខាន់គឺពឹងផ្អែកការខិតខំប្រឹងប្រែងរបស់កសិករ។ តែពួកបងក៏មានតួនាទីសំខាន់ដែរ។ កាលពីឆ្នាំមុន ពួកយើងបានបាញ់ថ្នាំនៅពេលនេះដែរ ប៉ុន្តែពេលនោះពួកបងបានផ្លាស់ទៅកន្លែងផ្សេងទៀតហើយ ដូច្នេះគ្មានជម្លោះទេ។តែឆ្នាំនេះពួកបងបានជាប់នៅទីនេះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។តែការដាំដំណាំគឺជាការដណ្តើមជាមួយសត្វល្អិត ពេលផ្កាស្បៃរឿងរីកស្គុសស្គាយ សត្វល្អិតប្រាកដជាចេញមក។ បើមិនបាញ់ថ្នាំ សត្វល្អិតនឹងបំផ្លាញផ្កាអស់ កសិករក៏គ្មានប្រាក់ចំណូលដែរ។
ពាក្យសម្តីររបស់ប្រធានHanសមហេតុសមផល បងស្រីតុងក៏គ្មានពាក្យអ្វីតបឡើយ។
"បងស្រីតុងនិងឡៅ ជៀមានលំបាកអ្វី ប្រាប់មកខ្ញុំមក។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពួកយើងបានចាត់ទុកបងទាំងពីរជាអ្នកភូមិរបស់ពួកយើងជាយូរមកហើយ។"
"ការលំបាកគឺជិតអស់ស្បៀងហើយ!"
"រឿងនេះស្រួលទេ!" ប្រធានHanដើរទៅតុ លើកទូរស័ព្ទ ហើយនិយាយ៖ “Laomaយកអង្ករល្អពីរបាវពីឃ្លាំងស្បៀងបម្រុងសម្រាប់វិបត្តិកូវីដ១៩ទៅផ្ទះបងស្រីតុងអ្នកចិញ្ចឹមឃ្មុំ ហើយថែមប្រេងពីរធុងទៀត ។ ថាម៉េច? ពួកគេចញ្ចឹមឃ្មុំនៅកន្លែងយើង មានទំនាក់ទំនងជីវភាពជាមួយពួកយើង។ ប្រសិនបើសត្វឃ្មុំមិនបានជួយរោយលម្អងផ្កាក្នុងប៉ុន្មានឆ្នាំមកនេះទេ តើយើងអាចផលិតបានទិន្នផលច្រើនយ៉ាងដូចម្ដេចបាន? ពេលនេះ ពួកគាត់កំពុងជួបការលំបាក ជួយពួកគាត់ម្ដងមានបញ្ហាអ្វីដែរទេ? ធ្វើអញ្ចឹងហើយ!"
"ប្រធានHan ខ្ញុំនៅមានតម្រូវការមួយទៀត!"
"ត្រូវការអ្វី និយាយមក។"
"ខ្ញុំចង់បានស្ករសពីរថង់។"
រសៀលថ្ងៃនេះ Laohanទើបបញ្ចប់កិច្ចប្រជុំនៅឃុំ ហើយបើកឡានត្រឡប់មកភូមិវិញ។ ទិដ្ឋភាពនៅចំពោះមុខបានធ្វើឱ្យLaohanភ្ញាក់ផ្អើល។
លោកHan មើលតាមកញ្ចក់ឡានឃើញថា មានស្រមោលមនុស្សពីរនាក់ក្រោមពន្លឺថ្ងៃលិច។ គេទាំងពីរម្ដងអង្គុយចុះ ម្ដងងើបឈរ ដូចជាកំពុងរកអ្វីមួយនៅក្នុងដី។
«គឺប្តីប្រពន្ធបងស្រីតុងទេតើ ពួកគេកំពុងស្វែងរកអ្វី?» លោក Han បានឈប់ឡានទៅម្ខាងផ្លូវ ហើយដើរទៅរកបងស្រីតុង។ នៅពេលដើរជិតដល់បងស្រីតុង និងឡៅ ជៀ គាត់ឃើញពួកគេកាន់ចានមួយនៅក្នុងដៃរៀងៗខ្លួន ហើយដើរឱនក្បាលដូចជាកំពុងស្វែងរកកំណប់នៅលើដី ។
"បងស្រីតុង តើអ្នកទាំងពីរកំពុងរកអី?"
«ឃ្មុំ!» បងស្រីតុងមិនងើបក្បាលសោះ ។
"អីគេ?"
«លោកជាន់ឃ្មុំខ្ញុំហើយ!» បងស្រីតុងអូសទាញលោក Han ទៅម្ខាង ហើយលោក Han ប្រញាប់លើកជើងឡើងមើលបាតស្បែកជើងរបស់គាត់ ឃើញមានឃ្មុំតូចមួយជាប់នឹងស្បែកជើង។ វាជិតងាប់ហើយ។
«ប្រធាន Han?» បងស្រីតុង ទើបដឹងថាម្នាក់នោះជាប្រធានគណៈកម្មាធិការភូមិ។
"បងស្រីតុង ឃ្មុំនេះ?"
«ត្រូវបន្ទោសប្តីខ្ញុំ។ ព្រឹកនេះគាត់ទទូចថា គាត់ខ្លាចឃ្មុំចាញ់ធាតុអាកាសក្តៅ ហើយប្រលែងឃ្មុំទាំងអស់ចេញទៅក្រៅ។ មកដល់ពេលនេះ មានតែប៉ុន្មានក្បាលប៉ុណ្ណោះហោះមកវិញ»។
"ឃ្មុំហត់ហើយគ្មានកម្លាំងហោះមកវិញ ធ្លាក់នៅខាងក្រៅ។ យើងមានតែទៅរករើសមកវិញតាមតែអាចធ្វើទៅបាន។" ក្រឡេកមើលទៅឡៅ ជៀ ឃើញគាត់ឱនក្បាលដូចកូនក្មេងដែលបានធ្វើខុសអ្វីមួយ។
«និយាយលេងតើ មានតែអ្នកទាំងពីរតើអាចធ្វើកើតទេ?» និយាយចប់ លោក Han បានដើរទៅរកឡានវិញយ៉ាងលឿន ។
លោក Han បានបើកឡានត្រឡប់ទៅគណៈកម្មាការភូមិ ដើរចូលការិយាល័យ ហើយបើកមីក្រូហ្វូនរួចនិយាយថា ៖ «បងប្អូនអ្នកភូមិទាំងអស់គ្នា ប្តីប្រពន្ធបងស្រីតុងបានចិញ្ចឹមឃ្មុំនៅលើដីភូមិយើង ប៉ុន្មានឆ្នាំមកនេះ បានរួមចំណែកយ៉ាងខ្លាំងដល់ការប្រមូលផលផ្កាស្បែរឿងយ៉ាងច្រើនក្នុងភូមិយើង ។ ឆ្នាំនេះផ្ទុះការរីករាលដាលនៃជំងឺឆ្លង ពួកគេមិនអាចប្តូរកន្លែងបានឡើយ ឃ្មុំក៏ឃ្លានខ្លាំង អស់កម្លាំងហើយធ្លាក់លើដី ឃ្មុំទាំងនេះជាជីវិតសម្រាប់ពួកគាត់ជាអ្នកចិញ្ចឹមឃ្មុំ ឥឡូវនេះពួកគេជួបបញ្ហាលំបាក យើងត្រូវជួយពួកគេ ។ បងប្អូន អ្នកភូមិបើសិនមិនមានអ្វីធ្វើបន្ទាប់ពីបាយរួច សូមនាំគ្នាយកចានមួយទៅវាលស្រែ ស្រះទឹក និងតាមផ្លូវទៅរើសឃ្មុំ។ ទាំងអស់គ្នាទៅជួយបងស្រីតុង ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះ!"
ពេលលោក Han និយាយចប់ គាត់បានឃើញនៅខាងក្រៅទីធ្លាគណៈកម្មការភូមិ ស្រាប់តែមានភាពអ៊ូអរ អ្នកភូមិបានដើរចេញពីផ្ទះដោយកាន់ចានបាយក្នុងដៃ ហើយរត់ចេញពីភូមិតាមទិសដៅផ្សេងៗគ្នា ដើរឱនក្បាលដូចជាស្វែងរកកំណប់នៅជុំវិញភូមិ។
នៅពេលយប់នោះ បងស្រីតុង និង ឡៅជៀ បានទទួលស្វាគមន៍ និងជូនដំណើរអ្នកភូមិជាបន្តបន្ទាប់។ ពួកគេបាននាំឃ្មុំជាច្រើនមកដាក់ពីមុខប្រអប់ឃ្មុំ ប៉ុន្តែឃ្មុំទាំងនេះភាគច្រើនបានងាប់បាត់ទៅហើយ។
ឡៅ ជៀបានដើរទៅកាន់ប្រអប់ឃ្មុំ ហើយយកសំបុកឃ្មុំមកពិនិត្យយ៉ាងយកចិត្តទុកដាក់។
"ហេ! ចប់ហើយ!"
មុនពេលគាត់និយាយចប់ ឡៅ ជៀ បានគប់សំបុកឃ្មុំទៅដីយ៉ាងខ្លាំង។ សំបុកឃ្មុំរាង ៦ ជ្រុងរាប់មិនអស់ត្រូវបានរាយប៉ាយនៅលើដី។ នៅខាងក្នុងមានដង្កូវឃ្មុំដែលមិនទាន់ញាស់។ ឃ្មុំម្ចាស់ក្សត្រីដែលមានពោះធំ និងគ្មានស្លាប ងាប់បាត់លែងកម្រើក។
បងស្រីតុងបានបើកប្រអប់ឃ្មុំមួយដើម្បីពិនិត្យមើល ប៉ុន្តែគាត់ស្រឡាំងកាំងតែម្តង។ ដោយមិនអស់ចិត្ត គាត់ក៏ប្រញាប់ទៅរកប្រអប់ឃ្មុំដែលនៅក្បែរគាត់ លើកគម្របចេញ យកសំបុកចេញ ពិនិត្យមើលដោយយកចិត្តទុកដាក់ ហើយបោះវាទៅលើដី។ បើកមួយទៀត បើកមួយទៀត... បងស្រីតុង បើកប្រអប់ឃ្មុំ អស់ជាងដប់ប្រអប់ ក្នុងពេលតែមួយ។
“ប្រពន្ធអូនកុំមើលអី ទាំងអស់ងាប់អស់ហើយ»។
" Jia Youcai បងកុហក! បងកុហកខ្ញុំ ថាជាអាជីពដ៏ផ្អែមល្ហែម ! ទៅអនាគតតើយើងនឹងរស់នៅ ដោយរបៀបណាទៅ!” បងស្រី តុង បានវាយដើមទ្រូងរបស់ Jia Youcai យ៉ាងខ្លាំង ។
ឡៅ ជៀ ប្រៀបដូចជាមនុស្ស ឈើ ឈរឲ្យប្រពន្ធវាយគាត់រហូតមិនកម្រើក។
"នេះ តើនេះមានរឿងអីកើតឡើងទៅ?"
"វាត្រូវបានបំពុល។ ឃ្មុំកម្មករបានយកថ្នាំសម្លាប់សត្វល្អិតមកវិញ ហើយបានបញ្ជូនវាទៅឱ្យឃ្មុំម្ចាស់ក្សត្រី ។ ពួកវាបានងាប់ទាំងអស់។ បងបានចិញ្ចឹមឃ្មុំជាង ២០ ឆ្នាំហើយ ស្រាប់តែមានរឿងថ្ងៃនេះកើតឡើង! "
«អ៊ូយ!» ប្ដីប្រពន្ធឱបគ្នាយំ។
នៅម៉ោង៥ព្រឹក សំឡេងបើកទ្វារបានបន្លឺឡើងនៅលើផ្លូវទល់មុខស្ថានីយរថភ្លើងស្រុក Luoping ម្ដងទៀត។ លោកយាយ Yangទើបនឹងចូលហាង ស្រាប់តែឃើញមានរបស់ពីរ ដាក់នៅលើកាំជណ្ដើរ។ លោកយាយបានឱនខ្លួនរើសរបស់ពីរទាំងពីរនោះឡើង ហើយមើលឃើញថា វាជាដបប្លាស្ទិកពីរដែលមានមាត់ធំ មួយៗមានទម្ងន់ប្រហែលមួយគីឡូក្រាម។ នៅក្នុងដបមានពណ៌លឿង មិនដឹងថាជាអ្វី បន្ទាប់មកគាត់មើលក្រដាសមួយបិតនៅលើដបដែលមានពាក្យថា "ទឹកដមផ្កាស្បៃរឿងសុទ្ធធម្មជាតិ "។
លោកយាយ Yang ញញឹមដោយដឹងខ្លួន ហើយជំទើតខ្លួន មើលទៅទិសដៅស្ថានីយ៍រថភ្លើង។
មួយសន្ទុះក្រោយមក មានភ្ញៀវចូលក្នុងហាងគុយទាវបានពេញតែម្ដង។ មនុស្សម្នាបរិភោគគុយទាវដែលធ្វើតាមរសជាតិខ្លួនចូលចិត្ត។ លោកយាយ Yang និងស្វាមីរបស់គាត់រវល់ខ្លាំងណាស់។
"មីង សូមបើកទូរទស្សន៍មើល៍!" មានមនុស្សម្នាក់ហូបគុយទាវបណ្ដើរ ចុចទូរស័ព្ទបណ្ដើរ ហើយស្រែកសុំឱ្យលោកយាយបើកទូរទស្សន៍។
លោកយាយ Yang បានទម្លាក់ស្លាបព្រាស្ពាន់ យកឧបករណ៍តេឡេបញ្ជា ចុចបើកទូរទស្សន៍។ រូបភាពនៃកម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ CCTV ចិនបានលេចចេញនៅលើកញ្ចក់ទូរទស្សន៍ដែលចាស់មិនសូវច្បាស់។ អ្នកអានព័ត៌មានបានបន្តផ្សាយព័ត៌មានដោយសំឡេងស្មើរបស់គាត់ថា "ថ្ងៃនេះថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០។ ទីក្រុង Wuhan ដែលជាទីក្រុងវីរជននេះបានឈានចូលដល់ថ្ងៃលុបចោលការបិទក្រុង បន្ទាប់ពីចុចប៊ូតុងផ្អាកអស់រយៈពេល ៧៦ ថ្ងៃ។ សូមទស្សនាសេចក្ដីរាយការណ៍ដោយអ្នកយកព័ត៌មាន CCTV ពីទីក្រុង Wuhan ។"
បន្ទាប់ពីត្រឡប់មកពីខេត្តយូណានវិញ បងស្រី តុង បានសម្អាតផ្ទះចាស់ពីរបន្ទប់ដែលឳពុកនាងបន្សល់ទុកឱ្យស្ថិតនៅតាមផ្លូវ ហួលូ ក្នុងទីក្រុងហានគូ ហើយបានខ្ចីលុយពីសាច់ញាតិនិងមិត្តភក្តិដើម្បីបើកហាងមីគោកមួយនៅទីនេះ។
(ដាក់សំឡេង!) នៅម៉ោង៣កន្លះព្រឹកព្រលឹម សំឡេងបើកទ្វារបានបន្លឺឡើង បងស្រីតុងនិងឡៅ ជៀ បានចាប់ផ្តើមការងាររវល់ពេញមួយថ្ងៃ។ គេឮតែសំឡេងស្រែកនៅមាត់ទ្វារហាងថា៖ «មីគោកមួយ អត់ហិរ!»។
បងស្រីតុងបានលោតឡើងពីកៅអីភ្លាម ចាប់មីមួយចានដាក់ចូលក្នុងកន្ត្រងឬស្សីតូចមួយ។ កន្ត្រងឬស្សីត្រូវបានដាក់ទៅក្នុងឆ្នាំងធំដែលមានទឹកពុះ។ ដំណើរការនេះត្រូវបានគេហៅថា កម្ដៅមី។
របៀបកម្ដៅមីនេះមើលទៅសាមញ្ញធម្មតា ប៉ុន្តែតាមពិតវាគឺជាការសាកល្បងជំនាញមួយ។ បើកម្ដៅមីក្នុងពេលខ្លីពេក មីមិនឆ្អិនល្អ ហើយរឹង។ បើកម្ដៅមីយូរពេក វានឹងស្អិតជាប់ធ្មេញ ហើយមិនមានភាពរីករាយកើតចេញពីរសជាតិច្រុបៗរបស់មី។
ខណៈកំពុងរវល់កម្ដៅមី បងស្រី តុង បានក្រឡេកមើលក្រុមមនុស្សដែលកំពុងឈរតម្រង់ជួរខាងក្រៅហាងពោរពេញដោយភាពរីករាយ។ និយាយជាទូទៅ ស្ថានភាពដ៏មមាញឹកនេះនឹងបន្តរហូតដល់ម៉ោងប្រហែល៩ព្រឹក។ ខណៈពេលនោះ បងស្រីតុងហាក់ដូចជាបានឃើញ "អ្វី"ម្យ៉ាង។ ដំបូងឡើយ បងស្រី តុង មិនបានខ្វល់ទេ ប៉ុន្តែស្រាប់តែមានអារម្មណ៍ចម្លែកម្យ៉ាងបានចូលក្នុងចិត្តរបស់បងស្រី។ នៅពេលដែលបងស្រីប្រមូលខ្សែភ្នែកមើលទៅ រកតាមទិសដៅនោះ "អ្វី"ម្យ៉ាងចម្លែកនោះបានបាត់ម្តងទៀត។
«ចម្លែកមែន ដូចជាធ្លាប់មានអារម្មណ៍ដូចនេះពីមុនមក!»