ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ អាស៊ានជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន។ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងកាលពីថ្ងៃទី ២៧ ខែតុលាថា ប្រទេសចិននិងប្រទេសអាស៊ានបានអនុវត្តប្រកបដោយគុណភាពខ្ពស់នូវ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP) ពាណិជ្ជកម្មរវាងចិននិងអាស៊ានបន្តរក្សាសន្ទុះកំណើនដ៏ល្អប្រសើរ ដែលបានរួមចំណែកជាកម្លាំងដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនបាននិងកំពុងធ្វើការចរចាជាមួយសមាជិកនានាដោយអនុលោមតាមនីតិវិធីសម្រាប់ការចូលជាសមាជិកនៃ«កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវិឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក»(CPTPP)។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២២នេះ ការនាំចេញនាំចូលរបស់ចិនទៅកាន់អាស៊ានមានចំនួន ៤,៧ទ្រីលានយាន់ប្រាក់ចិន គឺកើនឡើង ១៥,៥% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំទៅ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានក្នុងរយៈពេល ១៣ ឆ្នាំជាប់ៗគ្នា ហើយឋានៈរបស់អាស៊ានដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនក៏ត្រូវបានពង្រឹងបន្ថែមទៀត៕