អត្ថបទពិសេសបង្ហើបអំពីចំណុចលម្អិតនៃការធ្វើនយោបាយរបស់អ្នកដឹកនាំកំពូលចិន និងបកស្រាយពីមូលដ្ឋាននៃគំនិតនិងទ្រឹស្តីរបស់លោក Xi Jinping
ថ្ងៃទី២៥ ខែតុលា ទីភ្នាក់ងារព័ត៌មានស៊ីនហួរដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិនបានចេញផ្សាយអត្ថបទពិសេសមួយដែលមានអក្សរជាង ២ ម៉ឺនតួក្រោមចំណងជើងថា «លោក Xi Jinping ៖ អ្នកនាំផ្លូវនៃដំណើរថ្មី» ដែលបានបង្ហើបពីចំណុចលម្អិតនៃជីវិតការងារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិន ដើម្បីបង្ហាញពីមូលដ្ឋានគំនិតនិងទ្រឹស្តីរបស់លោកក្នុងការងារអភិបាលកិច្ចរដ្ឋនិងបក្ស។
ក្នុងកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលបានបើកធ្វើនៅប៉ុន្មានថ្ងៃមុន លោក Xi Jinping ត្រូវបានជ្រើសតាំងឱ្យបន្តតំណែងជាអគ្គលេខាធិការបក្ស។ តាមទម្លាប់ ទីភ្នាក់ងារព័ត៌មានផ្លូវការបានចុះផ្សាយអត្ថបទពិសេសដើម្បីណែនាំពីមេដឹកនាំកំពូលនៃបក្សកាន់អំណាច។
អត្ថបទពិសេសនេះ បានណែនាំយ៉ាងលម្អិតនូវជីវប្រវត្តិសំខាន់ៗរបស់លោក Xi Jinping ដូចជាដំណើរធំធាត់ ការអប់រំក្នុងគ្រួសារ ប្រវត្តិបម្រើការងារ និងសមិទ្ធផលនៃការកាន់អំណាចជាដើម។
អត្ថបទបានលើកឡើងថា ក្នុងនាមជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលចាប់កំណើតក្រោយការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping មានចំណាប់អារម្មណ៍ផ្ទាល់នូវ “ការក្រោកឈរឡើង” នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមធ្វើកំណែទម្រង់ដោយទឹកចិត្តក្លៀវក្លា បានចាត់ចែងរៀបចំប្រព័ន្ធអភិវឌ្ឍន៍យូរអង្វែងរបស់ប្រទេសចិន ក្នុងគោលបំណងដឹកនាំប្រជាជនចិនគ្រប់ជនជាតិឱ្យ “ខ្លាំងក្លាឡើង” ។ លោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន ក៏ត្រូវបានអ្នកស្រាវជ្រាវអន្តរជាតិនិងប្រមុខរដ្ឋប្រទេសជាច្រើនទទួលស្គាល់និងកោតសរសើរខ្លាំងផងដែរ ។
អត្ថបទបានបង្ហាញថា ពេលចូលកាន់មុខតំណែងកាលពី១០ឆ្នាំមុន ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក តែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាបញ្ហាពុករលួយ ការបំពុលបរិស្ថាន គម្លាតរវាងអ្នកក្រីក្រនិងអ្នកមានជាដើម លោកបានអនុវត្តយុទ្ធសាស្ត្រដែលគ្រប់គ្រងបក្សយ៉ាងមឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ បានដើរតួនាទីសំខាន់ក្នុងការស្តារបក្សកាន់អំណាច។លោកបានលើកឡើងថា ប្រជាធិបតេយ្យរបស់ប្រទេសចិនជាប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរទាំងមូល និងសម្រាប់ដោះស្រាយបញ្ហាដែលប្រជាជនត្រូវការ មិនមែនជាប្រជាធិបតេយ្យបែបផែននិយមដែលមានសិទ្ធិប្រជាធិបតេយ្យពេលបោះឆ្នោតជ្រើសរើស ហើយគ្មានសិទ្ធិប្រជាធិបតេយ្យបន្ទាប់ពីបោះឆ្នោតរួចនោះទេ។ក្នុងឋានៈជាប្រធានរដ្ឋចិនទី១ដែលធ្វើសច្ចាប្រណិធាននៅចំពោះមុខរដ្ឋធម្មនុញ្ញ ការធ្វើឱ្យមាននីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយដែលលោកបាននិងកំពុងជំរុញជាបដិវត្តន៍ដ៏ស៊ីជម្រៅមួយក្នុងការគ្រប់គ្រងរដ្ឋ។លោកបានចាត់ទុក “ការអភិវឌ្ឍត្រូវតម្កល់ប្រជាជនជាស្នូល”ជាកម្មវត្ថុ ហើយលើកឡើងគំនិតអភិវឌ្ឍន៍ថ្មីប្រកបដោយភាពច្នៃប្រឌិតថ្មី ស៊ីសង្វាក់ បៃតង បើកទូលាយនិងចែករំលែក ព្រមទាំងជំរុញវិបុលភាពរួមរបស់ប្រជាជនទាំងមូល។
អត្ថបទបានបង្ហាញម្តងទៀតដោយលម្អិតជាច្រើននូវភាពតស៊ូ ភាពក្លាហាននិងភាពស្វិតស្វាញរបស់លោកXi Jinping។អត្ថបទបានចែងថា “ប្រឈមមុខនឹងការលំបាក លោកមិនដែលរាថយទេ លោកមិនដេលបោះបង់ឧត្តមគតិឡើយ។
អត្ថបទក៏បានរំលឹកឡើងវិញអំពីទិដ្ឋភាពនៃដំណើរទស្សនកិច្ច នៅបរទេស ការចូលរួមសន្និសីទអន្តរជាតិនិងជំរុញ គំនិតផ្តួចផ្តើមនិងវិធានការឆ្លើយតបបញ្ហាសកលមួយចំនួនរបស់លោក Xi Jinping ។ លោកបានកោតសរសើរចំពោះពិពិធកម្មនៃអរិយធម៌មនុស្សជាតិ ហើយចង់ធ្វើឱ្យអរិយធម៌ពិភពលោកមានការអភិវឌ្ឍទន្ទឹមគ្នា ។ សហគមន៍រួមវាសនាមនុស្សជាតិដែលលើកឡើងដោយលោកត្រូវបានដាក់បញ្ចូលក្នុងលក្ខន្តិកៈបក្សនិងរដ្ឋធម្មនុញ្ញចិនក៏ដូចជាចារក្នុងឯកសារសំខាន់នៃអង្គការសហប្រជាជាតិ ។
អត្ថបទនេះបានលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិនដែលដឹកនាំដោយលោក Xi Jinping គឺដើម្បីដោះស្រាយបញ្ហាជាច្រើនក្នុងការអភិវឌ្ឍនៃសង្គមមនុស្ស ហើយត្រូវបានចាត់ទុកថា កំពុងបង្កើតជាទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ ។ យោងតាមផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍរបស់លោក Xi Jinping ដល់ឆ្នាំ ២០៣៥ ប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតនៅលើពិភពលោកនឹងសម្រេចបាននូវការធ្វើទំនើបកម្មជាមូលដ្ឋាន ដែលមានន័យថា ប្រជាជនជាងមួយពាន់លាននាក់បានឈានចូលជីវភាពទំនើបដែលជាដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។ ប្រទេសចិនសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនៅក្នុងដំណើរទំនើបកម្មនៃពិភពលោកតាមវិធីពិសេសរបស់ខ្លួន គឺជាការរួមចំណែកដ៏ធំបំផុតរបស់បក្សកុម្មុយនិស្តចិនក្នុងបុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិ។
នៅចុងបញ្ចប់ អត្ថបទនេះបានលើកឡើងថា ការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដំណើរថ្មីដែលកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង មានសន្តិសុខទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាប័ន្ននិងស្រស់ ស្អាតតាមរយៈការកសាងសហគមន៍រួមវាសនាមនុស្សជាតិបានចាប់ផ្តើមហើយ។ អត្ថបទនេះបញ្ចប់ដោយឃ្លាបុរាណចិន“道阻且长,行则将至”មានន័យថា ទោះបីផ្លូវវែងឆ្ងាយនិងលំបាកយ៉ាងណាក៏ដោយ ទីបំផុតនឹងអាចទៅដល់ដោយការខិតខំតស៊ូ ៕