ពេលថ្មីៗកន្លងទៅនេះ វគ្គសិក្សាមួយចំនួនអំពី “ខ្សែក្រវាត់និងផ្លូវ”ដែលសកលវិទ្យាល័យចំនួនពីររបស់រុស្ស៊ី គឺ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងមូស្គូនិងសកលវិទ្យាល័យជាតិមូស្គូបានបើកនោះបានចាប់ផ្តើមបង្រៀនជាផ្លូវការ ។ នេះគឺមានន័យថា ឥទ្ធិពលអន្តរជាតិនៃ“ខ្សែក្រវាត់និងផ្លូវ”បានកើនឡើងថែមមួយកម្រិតទៀត ដែលនឹងពង្រឹងពង្រីកឥទ្ធិពលនៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”នៅរុស្ស៊ី ក៏ដូចជាជំរុញការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
លោក Zhai Dongsheng ប្រធានមជ្ឈមណ្ឌលជំរុញការកសាង“ខ្សែក្រវាត់និងផ្លូវ”នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ប្រទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូមុនពេលបង្រៀនមេរៀនអំពី“ខ្សែក្រវាត់និងផ្លូវ” ។ លោកបានថ្លែងថា ការបើកវគ្គសិក្សា“ខ្សែក្រវាត់និងផ្លូវ”នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងមូស្គូនិងសកលវិទ្យាល័យជាតិមូស្គូជាបន្តបន្ទាប់គឺជាព្រឹត្តិការណ៍ធំក្នុងកិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងរុស្ស៊ី ដែលបានបើកទំព័របង្រៀនមេរៀនអំពី“ខ្សែក្រវាត់និងផ្លូវ”នៅសកលវិទ្យាល័យបរទេស ។ បើនិយាយចំពោះប្រទេសចិន គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”ជាវិធានការសំខាន់ដើម្បីពង្រីកការបើកទូលាយថែមមួយកម្រិតទៀត ដែលបានផ្ទុកនូវការសាកល្បងរបស់ចិនក្នុងការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិនិងការស្វែងរកទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ ។ ចិនរំពឹងថា អាចចែករំលែកបទពិសោធអភិវឌ្ឍន៍របស់ខ្លួនជាមួយពិភពលោក ចែករំលែកឱកាសអភិវឌ្ឍន៍របស់ខ្លួនជាមួយពិភពលោក ហើយរួមសហការជាមួយពិភពលោក ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍នៅពេលអនាគត សម្រេចការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងប្រទេសនិងប្រទេសយ៉ាងពិតប្រាកដ ក៏ដូចជាធ្វើឱ្យប្រជាជននៃប្រទេសនានាទទួលបានការអភិវឌ្ឍរួម ៕