ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិនកំពុងបន្តសរសេរទំព័រថ្មីនៃការរួមចំណែកដ៏ធំបង្គួរចំពោះពិភពលោក
2022-10-20 09:35:37cri
Share with:

ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃបក្សកុម្មុយនីស្តចិន ប្រទេសចិននឹងបន្តដើរតួនាទីរបស់ខ្លួនក្នុងកិច្ចការនយោបាយអន្តរជាតិនិងសន្តិភាពពិភពលោក ។ ក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើ លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានសម្តែងការជូនពរដ៏ល្អប្រសើរចំពោះអង្គសមាជ ។ ក្នុងបរិបទដែលការអភិវឌ្ឍសន្តិភាពសកលប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ដល់សមិទ្ធផលដ៏មហិមាដែលចិនទទួលបានដោយចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា ហើយរំពឹងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០អាចបន្តបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករក្នុងការអភិវឌ្ឍដោយសនិ្តភាពជាសកលនិងកិច្ចការសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានថ្លែងថា គន្លឹះនៃការដែលប្រទេសចិនទទួលបានសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាដើម គឺដោយមកពីមានការដឹកនាំយ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិន ។

លោក Mahmoud Abbas ប្រធានអង្គការ Fatah និងជាប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងថា ចិនស្ថិតនៅចំណាត់ថ្នាក់ឈានមុខលើពិភពលោកក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងអប់រំជាដើម ។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបាបានថ្លែងថា ចិនអនុវត្តគោលនយោបាយការទូតយ៉ាងសកម្ម និងលើកឡើងគំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលគួរឱ្យកោតសរសើរ ។

លោក Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ីនិងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីបានថ្លែងថា ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រោមកិច្ចខិតខំប្រឹងប្រែងនិងរួមសាមគ្គីគ្នារបស់សមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ ចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យនានាលើពិភពលោក ហើយកំពុងបោះជំហានទៅកាន់ការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ។

ហេតុអ្វីបានជាសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០ គឺដោយមកពីការរីកចម្រើនទៅមុខប្រកបដោយភាពនឹងនរនៃប្រទេសចិននឹងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ដ៏ធំធេងដល់ប្រទេសនានាលើពិភពលោក ។ ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ ការអភិវឌ្ឍសកលជួបប្រទះនឹងឧបសគ្គដ៏ធ្ងន់ធ្ងរ ដូច្នេះ ពិភពលោកបានរំពឹងជាទូទៅថា សេដ្ឋកិច្ចរបស់ចិនដែលមានភាពធន់និងសក្តានុពលយ៉ាងខ្លាំងក្លាអាចបន្តផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោក ។ ទន្ទឹមនឹងការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីត្រូវបានជំរុញយ៉ាងប្រាកដប្រជា ការបើកទូលាយចំពោះអន្តរជាតិរបស់ចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ចិននឹងផ្តល់ឱកាសដែលមិនធ្លាប់មានកាលពីមុនដល់ការអភិវឌ្ឍរបស់ប្រទេសនានាលើពិភពលោក ។

ក្រៅពីគណបក្ស អ្នកនយោបាយសំខាន់ៗនិងឥស្សរជនដ៏មេត្រីភាពពិភពលោកបាននាំគ្នាផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រព័ន្ធសារព័ត៌មានពិភពលោកទាំងមូលក៏បានផ្តោតសំខាន់លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយបានថ្លែងថា សមាជលើកនេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយចំពោះពិភពលោក ។

កាសែតAsahi Shinbun របស់ជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរទៅរកវិបុលភាពជាសន្សឹមៗ ព្រមទាំងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងដោយចាត់ទុកការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាជាគោលដៅ ពិភពលោកទាំងមូលសុទ្ធតែផ្តោតការយកចិត្តទុកដាក់ថា តើបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិនសម្រេចបាននូវភាពសម្បូរសប្បាយជាមួយគ្នាយ៉ាងដូចម្តេច?

    ទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបន្តកើនឡើង ព្រមទាំងបានកែលម្អសុខសុភមង្គលរបស់ប្រជាជនចិន ។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងនិយាយចំពោះពិភពលោកទាំងមូលក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែរ ។

    លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរនៃពិភពលោក ការផ្លាស់ប្តូរនៃយុគសម័យនិងការផ្លាស់ប្តូរនៃប្រវត្តិសាស្ត្រកំពុងធ្វើឡើងតាមរបៀបដែលមិនធា្លប់មានកាលពីមុន  ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ ប្រកាន់ខ្ជាប់ការធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយបណ្តាប្រទេសនានាលើមូលដ្ឋានគោលការណ៍  ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន និងប្រកាន់ខ្ជាប់គោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកទូលាយចំពោះអន្តរជាតិ 

    ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក របបសង្គមនិយមនិងប្រព័ន្ធអភិបាលកិច្ចជាតិប្រកបដោយលក្ខណៈពិសេសប្រទេសចិនបានលេចចេញកម្លាំងជីវិតយ៉ាងក្លៀវក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានផ្តល់ជម្រើសថ្មីដល់ប្រទេសនិងជនជាតិទាំងនោះដែលសង្ឃឹមឱ្យពន្លឿនការអភិវឌ្ឍផងនិងសង្ឃឹមឱ្យរក្សាភាពឯករាជ្យរបស់ខ្លួនផងលើពិភពលោក  អភិបាលកិច្ចបែបចិនបានក្លាយជាបញ្ហាទាន់ហេតុការណ៍ដែលមតិអន្តរជាតិកាន់តែយកចិត្តទុកដាក់ 

    ការចូលរួមដោះស្រាយតាមវិធីនយោបាយនូវបញ្ហាចំណុចក្តៅក្នុងតំបន់និងអន្តរជាតិប្រកបដោយលក្ខណៈស្ថាបនា លើកឡើងនូវគម្រោងប្រទេសចិនដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម។ល។ ក្នុងនាមជាអ្នកស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍជាសកលនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ រូបភាពអន្តរជាតិរបស់ចិនកាន់តែជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនដែលទទួលបានការឯកភាពកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ 

    បច្ចុប្បន្ននេះ ប្រទេសចិនកំពុងឈរលើទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ នឹងសម្រេចបាននូវបុព្វហេតុស្តារប្រជាជាតិចិនឡើងវិញដ៏មហិមាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ព្រមទាំងរួមជាមួយប្រទេសនានាលើពិភពលោក ពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាមនុស្សជាតិនិងត្រួសត្រាយពិភពលោកកាន់តែល្អបវរជាមួយគ្នា 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស