ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០៖ ការធ្វើទំនើបកម្មតាមបែបផែនចិនជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាពរួម
2022-10-17 16:57:21cri
Share with:

ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ បក្សកុម្មុយនីស្តចិន ដែលជាបក្សកាន់អំណាចរបស់ប្រទេសចិនបានបើកធ្វើសមាជបក្សលើកទី ២០ នៅទីក្រុងប៉េកាំង។  លោក Xi Jinping  បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាពរួម   ត្រូវសម្រេចឱ្យបានល្អ ថែរក្សាឱ្យបានល្អ អភិវឌ្ឍឱ្យបានល្អនូវផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជន  ផ្តោតសំខាន់លើបញ្ហាពាក់ព័ន្ធផលប្រយោជន៍ផ្ទាល់ដែលប្រជាជនយកចិត្តទុកដាក់ខ្លាំង    បង្កើនតុល្យភាពនិងភាពអាចទទួលបាន ដើម្បីជំរុញវិបុលភាពរួមយ៉ាងប្រាកដប្រជា។

 

       លោក Xi Jinping បានលើកឡើងនូវវិធានការជាក់ស្តែងអំពីការជំរុញវិបុលភាពរួម បូករួមមាន  កែសម្រួលយន្តការបែងចែក ជំរុញសមភាពនៃការទទួលបានឱកាស  បង្កើនប្រាក់ចំណូលរបស់អ្នកមានចំណូលតិច ពង្រីកទ្រង់ទ្រាយអ្នកមានប្រាក់ចំណូលកម្រិតមធ្យម   គ្រប់គ្រងសណ្តាប់ធ្នាប់បែងចែកប្រាក់ចំណូល គ្រប់គ្រងយន្តការសន្សំទ្រព្យសម្បត្តិ។  អនុវត្តយុទ្ធសាស្ត្រផ្តល់ឱកាសការងារជាអាទិភាព  លុបបំបាត់ការដាក់កំហិតមិនសមហេតុផលនិងការរើសអើងខាងផ្តល់ការងារធ្វើដែលប៉ះពាល់សមភាពនៃការចូលបម្រើការងារ   ដើម្បីឱ្យបុគ្គលគ្រប់រូបទទួលបានឱកាសអភិវឌ្ឍន៍ខ្លួនតាមរយៈការខិតខំធ្វើការ។ ពង្រីកភាពអាចទទួលបាននៃសេវាធានារ៉ាប់រងខាងសង្គម។  ពន្លឿនការកសាងយន្តការលំនៅដ្ឋានដែលផ្គត់ផ្គង់ដោយពហុតួអង្គ ធានាតាមពហុវិធី ការជួលនិងទិញលក់អភិវឌ្ឍស្របពេលតែមួយ។ ចាត់ទុកសុខភាពរបស់ប្រជាជនក្នុងឋានៈយុទ្ធសាស្ត្រជាតិជាអាទិភាព   អនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រឆ្លើយតបសង្គមមានមនុស្សវ័យចំណាស់ច្រើន   ជំរុញឱ្យវិស័យថ្នាំបុរាណចិនបន្តអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មី  ពង្រឹងសមត្ថភាពជួយសង្គ្រោះជាបន្ទាន់និងប្រព័ន្ធសង្គ្រោះបន្ទាន់និងបង្ការជំងឺឆ្លងទ្រង់ទ្រាយធំនិងធ្ងន់ ជាដើម។

 

       វិបុលភាពរួមជាប្រាថ្នាតាំងពីបុរាណរបស់ប្រជាជនចិន ដែលមានប្រភពពីគំនិត “ពិភពលោកទាំងមូលមានសុខដុម” នៃលទ្ធិខុងជឺ  ដែលមានប្រវត្តិសាស្ត្រជាង ២៥០០ ឆ្នាំ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ជនក្រីក្រនៅជនបទប្រទេសចិនចំនួន 9899 ម៉ឺននាក់បានចេញផុតពីភាពក្រីក្រ ដែលបានបង្កើតអច្ឆរិយនៃប្រវត្តិសាស្ត្រកាត់បន្ថយភាពក្រីក្រនៃមនុស្សជាតិ។ គិតត្រឹមឆ្នាំ២០២០ ចំនួនអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យមរបស់ចិនបានលើសពី៤០០លាននាក់ ដែលជាក្រុមអ្នកមានចំណូលកម្រិតមធ្យមធំបំផុតនិងមានការលូតលាស់ខ្លាំងបំផុតលើសកលលោក។   ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១ ដែលបានសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី១របស់ប្រជាជនចិន។

 

       គួរបញ្ជាក់ថា   ការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តល់ផលប្រយោជន៍ក្នុងការកាត់បន្ថយភាពក្រីក្រសកល។  រយៈពេល៤០ឆ្នាំកន្លងមក  បើតាមស្តង់ដារក្រីក្រខ្លាំងដែលកំណត់ដោយធនាគារពិភពលោក  ចំនួនប្រជាជនក្រីក្រនៅប្រទេសចិនបានត្រូវកាត់បន្ថយ៨០០លាននាក់ ដែលស្មើនឹង៧៥%នៃចំនួនប្រជាជនសរុបលើពិភពលោកដែលបានចេញផុតពីភាពក្រីក្រក្នុងអំឡុងពេលដូចគ្នា។  ទី២ បានផ្តល់ផលប្រយោជន៍ដល់ការបន្ធូរវិបត្តិស្បៀងអាហារពិភពលោក។ ប្រទេសចិនជាប្រទេសផលិតស្បៀងអាហារធំបំផុតលើលោក ទំហំដីស្រែនៅចិនមិនដល់ ៩ % នៃទំហំដីស្រែពិភពលោកទេ ប៉ុន្តែបានផលិតស្បៀងអាហារចំនួនប្រហែល ២៥ % នៃពិភពលោក  ដែលបានដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនចំនួន២០%នៃពិភពលោក។ ព្រមជាមួយនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអាហារអន្តរជាតិ ការផ្គត់ផ្គង់ជំនួយមនុស្សធម៌  ចែករំលែកបច្ចេកវិទ្យាជាមួយប្រទេសកំពុងអភិវឌ្ឍជាដើម  ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាពស្បៀងអាហារនៃពិភពលោក។

       បច្ចុប្បន្ន  ប្រទេសជាច្រើនកំពុងឆ្ពោះទៅមុខតាមមាគ៌ាធ្វើទំនើបកម្ម។ អត្ថន័យនៃ ”ទំនើបកម្ម” មានខ្លឹមសារកាន់តែច្រើន។ ទំនើបកម្មរបស់ប្រទេសផ្សេងៗគ្នាគឺមានលក្ខណៈពិសេសរៀងៗខ្លួន។ សម្រាប់ទំនើបកម្មរបស់ប្រទេសចិន ក៏មានលក្ខណៈពិសេសរបស់ខ្លួនដែរ។ ថ្លែងក្នុងរបាយការណ៍ការងារដែលធ្វើជូនអង្គសមាជលើកទី២០  លោក Xi Jinping បានពន្យល់ពីលក្ខណៈពិសេសនិងធាតុពិតនៃការធ្វើទំនើបកម្មតាមបែបផែនចិន។លោកបានលើកឡើងថា    ការធ្វើទំនើបកម្មតាមបែបផែនចិន ជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេសរួមបញ្ចូលនូវការធ្វើទំនើបកម្មនៃបណ្តាប្រទេស  ពិសេសជាងនេះទៅទៀតគឺមានលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណចុះសម្រុងគ្នា ជាការធ្វើទំនើបកម្ម  ដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ។

 

          លោក Xi Jinping បានប្រកាសតាមរយៈរបាយការណ៍ការងារដែលធ្វើជូនអង្គសមាជលើកទី២០ ថា     ចាប់ពីពេលនេះទៅ  ប្រទេសចិនខិតខំឈានទៅសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២។  ចាប់ពីពេលនេះទៅ   ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនគឺការកសាងប្រទេសជាតិឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញតាមការធ្វើទំនើបកម្មតាមបែបផែនចិន៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស