ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណបក្សនិងអ្នកនយោបាយសំខាន់ៗនិងឥស្សរជនពិភពលោកអបអរសាទរការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០
2022-10-17 10:57:14cri
Share with:

ក្នុងឱកាសដែលប្រទេសចិនបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ គណបក្សនិងអ្នកនយោបាយសំខាន់ៗនិងឥស្សរជនពិភពលោកបាននាំគ្នាផ្ញើសារលិខិតជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។

លោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ប្រារព្ធធ្វើក្នុងខណៈពេលដែលស្ថានការណ៍របស់ចិននិងពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ។ លោករំពឹងថា សមាជលើកនេះនឹងទទួលបានសមិទ្ធផលជាលក្ខណៈស្ថាបនា ដើម្បីជំរុញបក្សកុម្មុយនីស្តចិនឱ្យអភិវឌ្ឍថែមមួយកម្រិតទៀត ក្នុងន័យបោះជំហានទៅកាន់ទិសដៅដែលប្រជាជនគ្រប់រូបមានវិបុលភាពរួម ។
    លោក 
Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានថ្លែងថា គន្លឹះនៃការដែលប្រទេសចិនទទួលបានសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យនានាដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម គឺដោយមកពីមានការដឹកនាំយ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិន ។ ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាហ្សង់ទីន លោកជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តរីកដើរឆ្ពោះទៅមុខតាមផ្លូវកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ។

លោក Mahmoud Abbas ប្រធានាធិបតីប៉ាគីស្ថានបានថ្លែងថា ប្រទេសចិនទទួលបានជោគជ័យក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនិងបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថានជាដើម ហើយក៏ស្ថិតក្នុងឋានៈឈានមុខក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងអប់រំជាដើមលើពិភពលោកផងដែរ ។

លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីបានថ្លែងថា ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រោមកិច្ចខិតខំប្រឹងប្រែងនិងរួមសាមគ្គីគ្នារបស់សមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ ចិនទទួលបានសមិទ្ធផលដ៏អស្ចារ្យក្នុងវិស័យនានាលើពិភពលោក ហើយកំពុងបោះជំហានទៅកាន់ការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយផងដែរ ។

លោក Ahmed Aboul Gheit អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់បានថ្លែងថា បក្សកុម្មុយនីស្តចិនបានដើរតួនាទីគន្លឹះក្នុងដំណើរសម្រេចការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិន ។ យើងរំពឹងទុកថា អាចបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអារ៉ាប់និងចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងអារ៉ាប់និងចិនឱ្យមានភាពកាន់តែស៊ីជម្រៅ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស