ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានពិភពលោកផ្តោតការយកចិត្តទុកដាក់លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយចំពោះពិភពលោក
2022-10-17 12:45:22cri
Share with:

      សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ខែតុលា ។ប្រព័ន្ធសារព័ត៌មានពិភពលោកបានផ្តោតការយកចិត្តទុកដាក់លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយបានលើកឡើងថា សមាជលើកនេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយចំពោះពិភពលោក។

      ថ្ងៃទី១៦ខែតុលា កាសែតAsahi Shinbunជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរទៅរកភាពរុងរឿងថ្កុំថ្កើងជាសន្សឹមៗ ព្រមទាំងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងដោយចាត់ទុកការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាជាគោលដៅ ពិភពលោកទាំងមូលសុទ្ធតែផ្តោតការយកចិត្តទុកដាក់ថា តើបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិនសម្រេចបាននូវភាពសម្បូរសប្បាយជាមួយគ្នាយ៉ាងដូចម្តេច?

      កាសែតPakistan Todayបានផ្សាយដំណឹងថា ពិភពលោកទាំងមូលនឹងរកបានក្តីសង្ឃឹមពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ពីព្រោះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍នៅពេលអនាគតរបស់ប្រទេសចិននឹងបន្សល់ទុកនូវស្លាកស្នាមដ៏យូរអង្វែងក្នុងរចនាសម្ព័ន្ធភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ចនិងភូមិសាស្រ្តយុទ្ធសាស្រ្តពិភពលោក។

      កាសែតThe Daily Telegraphនៃប្រទេសអូស្រ្តាលីបានអះអាងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ប្រទេសចិនទទួលបានការរីកចម្រើនយ៉ាងលេចធ្លោលើវិស័យកាត់បន្ថយភាពក្រីក្រ អវកាសនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

      ប្រព័ន្ធសារព័ត៌មាន Sputnikរុស្ស៊ីបានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបន្តកើនឡើង ព្រមទាំងបានកែលម្អសុខសុភមង្គលរបស់ប្រជាជនចិន។ ពេលបច្ចុប្បន្ននេះ ប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់នាំមុខលើវិស័យភាពវៃឆ្លាតសិប្បនិមិត្តនិងសេដ្ឋកិច្ចឌីជីថលជាដើម។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ និយាយចំពោះពិភពលោកទាំងមូលក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស