សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។
លោក Xi Jinping បានលើកឡើងថា ចាប់ពីពេលនេះទៅ ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនគឺរួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ដើម្បីរួមគ្នាកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២ និងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញតាមបែបផែនទំនើបចិន។
លោក Xi Jinping បានលើកឡើងថា ការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ចែកជាយុទ្ធសាស្ត្រពីរជំហាន៖ ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ សម្រេចជាមូលដ្ឋាននូវសង្គមនិយមទំនើប ពីឆ្នាំ២០៣៥ដល់ពាក់កណ្តាលសតវត្សរ៍នេះ កសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ដែលមានភាពរុងរឿង ប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត។ រយៈពេល៥ឆ្នាំខាងមុខនេះជាអំឡុងពេលគន្លឹះនៃការបោះជំហានសម្រាប់បើកទំព័រថ្មីនៃដំណើរការកសាងប្រទេសជាតិ។
លោក Xi Jinping បានបន្តទៀតថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេសរួមបញ្ចូលនូវការធ្វើទំនើបកម្មនៃបណ្តាប្រទេស ពិសេសជាងនេះទៅទៀតគឺមានលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយមនុស្សធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌សម្ភារៈនិងអរិយធម៌ស្មារតីចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី៕