លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានថ្លែងនៅទីក្រុងប៉េកាំងនៅថ្ងៃទី ១៥ ខែតុលាថា សង្គមមានជីវភាពធូរធារបង្គួរដែលប្រទេសចិនបានកសាងឡើងលើសពីការរំពឹងទុកនៅពេលដើមនៃកំណែទម្រង់និងបើកចំហ គឺមានភាពល្អពេញលេញ ។ លោកបានលើកឡើងថា គោលដៅបន្ទាប់របស់ចិនគឺការកសាងប្រទេសខ្លាំងសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។
លោក Sun Yeli បានបញ្ជាក់ថា គិតរហូតមកដល់ឆ្នាំ ២០២០ ប្រជាជនដែលមានចំណូលកម្រិតមធ្យមរបស់ប្រទេសចិនបានលើសពី ៤០០ លាននាក់ ដែលបានបង្កើតជាក្រុមមនុស្សមានចំណូលមធ្យមដែលមានទ្រង់ទ្រាយធំបំផុត និងរីកចម្រើនបំផុតលើពិភពលោក ។ មេគុណ Engel នៃអ្នករស់នៅទីក្រុងនិងជនបទបានធ្លាក់ចុះមកនៅត្រឹម ២៩,២% និង ៣២,៧%ដោយឡែក គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងដែលគួរឱ្យកត់សម្គាល់។ នៅចុងឆ្នាំ ២០២០ ប្រជាជនក្រីក្រនៅតាមជនបទរបស់ប្រទេសចិនចំនួន ៩៨,៩៩លាននាក់បានផុតចេញពីភាពក្រីក្រទាំងអស់ ដែលបង្កើតជាអព្ភូតហេតុក្នុងប្រវត្តិសាស្រ្តនៃការកាត់បន្ថយភាពក្រីក្ររបស់មនុស្ស។ តាមសន្ទស្សន៍នៃបរិមាណសរុបសេដ្ឋកិច្ចនិងសូចនាករផ្សេងទៀតឱ្យដឹងថា នៅឆ្នាំ ២០២០ GDP របស់ប្រទេសចិនបានកើនឡើងដល់ ១០១,៦ទ្រីលានយាន់ប្រាក់ចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក។
លោក Sun Yeli បានបន្តថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលាខាងមុខនេះ នឹងសម្លឹងមើលជាម៉ាក្រូអំពីការចាត់ចែងជាយុទ្ធសាស្ត្រ "ចែកជាពីរជំហាន" សម្រាប់ការកសាងប្រទេសខ្លាំងសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ព្រមនិងចាត់ចែងភារកិច្ចជាយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៕