“ការអភិវឌ្ឍជាគន្លឹះសម្រាប់សម្រេចបាននូវសុភមង្គលរបស់ប្រជាជន ។ ប្រឈមនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ យើងគួរតែរួមគ្នាជំរុញឱ្យការអភិវឌ្ឍសកល ឈានចូលដំណាក់កាលថ្មីប្រកបដោយតុល្យភាព ស៊ីសង្វាក់គ្នានិងបរិយាប័ន្ន ។ ” កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ហៅកាត់GDI ក្នុងន័យជំរុញឱ្យបញ្ហាអភិវឌ្ឍន៍ក្លាយទៅជារបៀបវារៈស្នូលរបស់អន្តរជាតិ ព្រមទាំងបានបញ្ចេញសំឡេងនៃយុគសម័យយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងវិបុលភាពរួម ។
ខ្លឹមសារសំខាន់របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺប្រកាន់ខ្ជាប់ការចាត់ទុកការអភិវឌ្ឍជាអាទិភាព ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និងរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ និងប្រកាន់ខ្ជាប់ទិសដៅប្រតិបតិ្ត ។ សំខាន់នឹងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ វ៉ាក់សាំង ការកៀរគរប្រាក់ទុនសម្រាប់ការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់គ្នាជាដើម ដើម្បីពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងការបង្កើតសហគមន៍រួមវាសនាតែមួយនៃការអភិវឌ្ឍសកល ។
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ ទាក់ទិននឹងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល លោក Xi Jinping បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា “គំនិតផ្តួចផ្តើមមួយនេះ ជាផលិតផលសាធារណៈដែលបើកចំហទៅកាន់ពិភពលោកទាំងមូល ក្នុងន័យតភ្ជាប់ជាមួយនឹងរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញការអភិវឌ្ឍរួមជាសកល ។ ប្រទេសចិនរីករាយចាប់ដៃជាមួយបណ្តាភាគីនានា រួមគ្នាជំរុញការអនុវត្តគំនិតផ្តួចផ្តើមនេះ ធ្វើកិច្ចខិតខំប្រឹងប្រែងដោយមិនបោះបង់ចោលប្រទេសណាមួយឡើយ ។”
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក Xi Jinping បានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកលតាមប្រព័ន្ធវីដេអូ លោកបានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺរួមគ្នាប្រមូលផ្តុំនិងជំរុញគំនិតឯកភាពរួមស្តីពីការជំរុញការអភិវឌ្ឍ រួមគ្នាបង្កបរិយាកាសអន្តរជាតិដែលមានអំណោយផលដល់ការអភិវឌ្ឍ រួមគ្នាពូនជ្រំកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសកល និងរួមគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមទាំងនេះបានចង្អុលបង្ហាញយ៉ាងច្បាស់លាស់នូវទិសដៅសម្រាប់ជំរុញបុព្វហេតុអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សកល ។
លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺចំពេលល្អណាស់ អង្គការសហប្រជាជាតិបញ្ជាក់យ៉ាងច្បាស់ថា នឹងគាំទ្រនិងរីករាយធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិនលើគំនិតផ្តួចផ្តើមនេះ ព្រមនិងរួមសហការជាមួយបណ្តាប្រទេសនានាដើម្បីជំរុញការអនុវត្តនៃគំនិតផ្តួចផ្តើម ៕