នៅក្នុងមហាសន្និបាតអង្គការប្រទេសទ្វីបអាមេរិកលើកទី៥២ដែលបានបិទបញ្ចប់នៅថ្ងៃទី៧ខែតុលា តំណាងទាំងអស់បានទះដៃអបអរសាទរជាសមូហភាពនិងអនុម័តលើសេចក្តីសម្រេចចិត្តមួយច្បាប់ដើម្បីការពារ"សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់"របស់ប្រទេសអាហ្សង់ទីនលើប្រជុំកោះMalvinasហើយបានអំពាវនាវឱ្យដោះស្រាយការវិវាទតាមរយៈរបៀប“ការចរចាដោយសន្តិវិធី”។
នេះមិនមែនជាលើកទីមួយហើយដែលអង្គការប្រទេសទ្វីបអាមេរិកបានបង្ហាញឥរិយបថធ្វើបែបនេះទេ។អង្គការនេះធ្លាប់បានអនុម័តលើសេចក្តីសម្រេចចិត្តជាច្រើនដងដោយគាំទ្រយ៉ាងច្បាស់លាស់ឱ្យអាហ្សង់ទីនរៀបចំឡើញវិញនូវអធិបតេយ្យភាពលើប្រជុំកោះMalvinasតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។ សេចក្តីសម្រេចចិត្តបែបនេះ គឺឈរលើមូលដ្ឋាននៃភាពត្រឹមត្រូវនិងការពិតរបស់ព្រឹត្តិការណ៍ ដែលបានឆ្លុះបញ្ចាំងនូវសេចក្តីប្រាថ្នារួមរបស់ប្រទេសទ្វីបអាមេរិកក៏ដូចជាបង្ហាញឱ្យឃើញនូវការរំពឹងទុករបស់ពួកគេក្នុងការលុបបំបាត់អាណានិគមនិយម។
ហេតុអ្វីបានជារដ្ឋាភិបាលអង់គ្លេសតែងតែមិនយល់ព្រមអង្គុយនៅមុខតុចរចា?ក្រៅពីគិតចង់កាន់កាប់ធនធានប្រេងនិងឧស្ម័នធម្មជាតិដ៏សម្បូរបែបនៅក្នុងលំហសមុទ្រប្រជុំកោះMalvinasក្នុងរយៈពេលយូរ ភាគីអង់គ្លេសក៏ចង់បង្កើតវត្តមានយោធានៅតំបន់អាមេរិកឡាទីនតាមរយៈការធ្វើសមយុទ្ធយោធាជាប្រចាំនិងដាក់ពង្រាយអាវុធការពារដែនអាកាសពួកគេប្រហែលនៅតែរស់ក្នុងសុបិន“ចក្រេពត្តិដែលព្រះអាទិត្យមិនដែលលិច”កាលពីមុន។នេះហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញថាអាណានិគមនិយមគឺជាអំពើបាបដំបូងរបស់អង់គ្លេសនិងប្រទេសលោកខាងលិចផ្សេងៗទៀត។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥១ដែលទើបបានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានដាស់តឿនឱ្យអង់គ្លេសនិងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ពិចារណាឡើងវិញពីអំពើបាបដំបូងជាប្រវត្តិសាស្ត្រនៃអាណានិគមនិយមហើយចាត់វិធានការដើម្បីកែកំហុសរបស់ខ្លួន។ប៉ុន្តែអ្នកនយោបាយអង់គ្លេសបែរជាបដិសេធមិនទទួលស្គាល់ដោយយក"ប្រវត្តិសាស្រ្តបានបញ្ចប់ហើយ"ធ្វើជាលេស។
ការប៉ុនប៉ង់ចង់ចាត់ទុកបញ្ហាប្រជុំកោះMalvinasជាប្រវត្តិសាស្ត្រហើយស្វែងរកលេសសម្រាប់កាន់កាប់ប្រជុំកោះនេះជារៀងរហូត នេះជាបំណងប្រាថ្នារបស់អ្នកនយោបាយអង់គ្លេស។ប៉ុន្តែប្រវត្តិសាស្ត្រមិនទាន់បានបញ្ចប់នៅឡើយទេ។ពីអង្គការសហប្រជាជាតិដល់អង្គការប្រទេសទ្វីបអាមេរិករហូតដល់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនធំដែលក្នុងនោះបូករួមទាំងប្រទេសចិន ការដែលសហគមន៍អន្តរជាតិគាំទ្រឱ្យប្រទេសអាហ្សង់ទីនរៀបចំឡើងវិញនូវអធិបតេយ្យភាពរបស់ប្រជុំកោះMalvinasវាមិនត្រឹមតែដើម្បីគុណធម៌អន្តរជាតិប៉ុណ្ណោះទេថែមទាំងក៏ជាទង្វើយុត្តិធម៌នៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកក្នុងការប្រឆាំងនឹងអាណានិគមនិយមផងដែរ។ប្រឈមមុខនឹងសំឡេងដ៏យុត្តិធម៌ទាំងនេះភាគីអង់គ្លេសកុំធ្វើគធ្វើថ្លង់ទៀត គួរតែពិចារណាឡើងវិញពីប្រវត្តិសាស្ត្រឱ្យស៊ីជម្រៅ កែកំហុសរបស់ខ្លួន និងធ្វើការចរចាឡើងវិញក្នុងពេលឆាប់ៗ ដើម្បីប្រគល់ទឹកដីប្រជុំកោះMalvinasទៅអាហ្សង់ទីនវិញ។នៅពេលបច្ចុប្បន្នដែលមានលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិអាណានិគមនិយមត្រូវរលាយសាបសូន្យយូរណាស់មកហើយ។