ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងឱកាសថ្ងៃឈប់សម្រាកអបអរសាទរបុណ្យជាតិចិនឆ្នាំ២០២២ មនុស្សចាស់នៅសហគមន៍ Mudan ទីក្រុង Shenyang ខេត្តLiaoning របស់ប្រទេសចិនបានរៀបចំកម្មវិធីសំដែងសិល្បៈច្រៀងនិងរាំរបាំជាដើមដើម្បីបង្ហាញទឹកចិត្តសប្បាយរីករាយនិងសុភមង្គលរបស់ខ្លួននិងការជូនពរយ៉ាងស្មោះចំពោះមាតុប្រទេស។ គួរបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក សហគមន៍ចាស់មួយនេះបានកសាងថ្មីនូវអាហារដ្ឋានសម្រាប់មនុស្សចាស់ កម្មវិធីផ្តល់សេវាកម្មថែទាំមនុស្សចាស់វៃឆ្លាតជាដើម ដែលមនុស្សវ័យចំណាស់អាចទទួលបានសេវាថែទាំនៅមាត់ផ្ទះបានដោយមិនបាច់ចេញទៅក្រៅសហគមន៍។ កាលពីខែសីហាឆ្នាំ២០២២កន្លងមក លោក Xi Jinping ប្រធានរដ្ឋចិនបានទៅត្រួតពិនិត្យការងារនៅសហគមន៍ Mudan នេះ ដោយបានគូសបញ្ជាក់ថា ប្រទេសចិនបានចូលក្នុងសម័យសង្គមវ័យចាស់ហើយ មនុស្សចាស់មានអាយុកាន់តែវែង ។ យើងត្រូវបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធថែរក្សាមនុស្សចាស់ ដើម្បីបង្កើនគុណភាពសេវាថែទាំមនុស្សចាស់ឱ្យកាន់តែល្អប្រសើរទៀត ។
បច្ចុប្បន្ននេះ នៅប្រទេសចិនចំនួនមនុស្សអាយុលើសពី៦០ឆ្នាំមានចំនួន២៦៧លាននាក់ ។ ដើម្បីផ្តល់ជីវភាពប្រកបដោយសុភមង្គលដល់មនុស្សចាស់ រដ្ឋាភិបាលចិនបានអនុវត្តយុទ្ធសាស្ត្រជាតិពាក់ព័ន្ធ បន្តកែសម្រួលឯកសារសំខាន់មួយចំនួនពាក់ព័ន្ធ ដូចជា«ច្បាប់ធានាផលប្រយោជន៍មនុស្សចាស់» ជាដើម។
ពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ រយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តជំរុញកែលម្អប្រព័ន្ធសន្តិសុខសង្គមសម្រាប់ចាស់ ប្រព័ន្ធសេវាថែទាំមនុស្សចាស់ និងប្រព័ន្ធគាំទ្រសុខភាពសម្រាប់មនុស្សវ័យចំណាស់ជាដើម ថវិការដ្ឋាភិបាលមជ្ឈិមសរុបបានបណ្តាក់ទុនចំនួន ៣៥ពាន់ ៩ រយលានយាន់ប្រាក់ចិនក្នុងការកសាងស្ថាបនាសេវាកម្មសោធននិវត្តន៍ សេវាថែទាំមនុស្សចាស់ក្នុងសហគមន៍បានគ្រប់ដណ្តប់សហគមន៍ក្នុងទីក្រុងជាទូទៅនិងតាមសហគមន៍ជាងពាក់កណ្តាលនៅទីជនបទ។
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ នៅប្រទេសចិនមានមនុស្សចំនួន១០៤០លាននាក់បានចូលរួមសេវាថែទាំវ័យជរា មនុស្សចំនួន១៣៦០លាននាក់បានទទួលការធានារ៉ាបរងសុខភាពទូទៅ។ សម្រាប់សហគមន៍ចាស់នៅក្រុង-ឃុំនិងគ្រួសារមានមនុស្សចាស់ដែលជួបនឹងបញ្ហាលំបាកខ្លាំង រដ្ឋាភិបាលជួយធ្វើការកែលម្អ ដើម្បីសមស្របនឹងការស្នាក់នៅនិងធ្វើដំណើររបស់មនុស្សចាស់ កន្លែងផ្តល់សេវាវប្បធម៌សាធារណៈគ្រប់ជាន់ថ្នាក់បើកដោយឥតគិតថ្លៃចំពោះមនុស្សចាស់ កន្លែងផ្តល់សេវាអប់រំទូទៅសម្រាប់មនុស្សចាស់ដូចជាសកលវិទ្យាល័យសម្រាប់មនុស្សចាស់មានចំនួនលើសពី៤ម៉ឺនកន្លែង។
ប្រទេសចិនកំពុងខិតខំស្វែងរកនិងដើរតាមមាគ៌ាប្រកបដោយលក្ខណៈពិសេសរបស់ខ្លួនដើម្បីទប់ទល់នឹងបញ្ហាសង្គមវ័យចាស់ ដែលសង្គមទាំងមូលគោរពស្រលាញ់មនុស្សចាស់ ថែទាំមនុស្សចាស់ ដើម្បីឱ្យមនុស្សចាស់រាប់រយលាននាក់របស់ចិនទទួលផលប្រយោជន៍ពីលទ្ធផលនៃកំណែទម្រង់សេដ្ឋកិច្ចនិងសង្គមកិច្ចរស់នៅដោយសប្បាយរីករាយនិងមានសុភមង្គលក្នុងវ័យចំណាស់របស់ខ្លួន៕