ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អាមេរិកគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍របស់ខ្លួន មិនត្រូវកុហកខ្លួនឯងទេ
2022-10-06 17:00:50cri
Share with:

      ពីរបីថ្ងៃកន្លងទៅនេះ ក្នុងមហាសន្និបាតលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តំណាងចិនបានសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថាប័នអនុវត្តច្បាប់របស់ប្រទេសមួយចំនួន ដូចជាអាមេរិកជាដើមបានអនុវត្តច្បាប់ប្រកបដោយភាពរើសអើងចំពោះជនជាតិភាគតិច ហើយទាមទារឱ្យពួកគេប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងររបស់ខ្លួន ក្នុងន័យអនុវត្ត «សេចក្តីប្រកាសនិងកម្មវត្ថុប្រតិបតិ្តក្រុង Durban »យ៉ាងប្រាកដប្រជា ដើម្បីកុំឱ្យសោកនាដកម្មរបស់លោក George Floyd កើតឡើងម្តងទៀត ។

      “ខ្ញុំមិនអាចដកដង្ហើមបាន”នេះជាពាក្យសំដីចុងក្រោយបំផុតរបស់លោកGeorge Floyd ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដែលត្រូវបានប៉ូលីសស្បែកសរបស់សអាមេរិកម្នាក់យកជង្គង់សង្កត់ករហូតដល់ស្លាប់បាត់បង់ជីវិត ។ សោកនាដកម្មនេះបានបណ្តាលឱ្យផ្ទុះការតវ៉ានិងចលាចលក្នុងទ្រង់ទ្រាយធំនៅទូទាំងអាមេរិក ។ ប៉ុន្តែ រឿងនេះមិនបានធ្វើឱ្យអាជ្ញាធរអាមេរិកពិចារណាពីកំហុសរបស់ខ្លួននោះទេ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីលោក George Floyd ត្រូវបានសម្លាប់ដោយប៉ូលីសយកជង្គង់សង្កត់ក ប៉ូលីសនៅទូទាំងអាមេរិក បានសម្លាប់ជនជាតិអាមេរិកដើមកកំណើតអាហ្វ្រិកយ៉ាងហោចណាស់ចំនួន២២៩នាក់ ។ ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានកើតមានព្រឹតិ្តការណ៍ប៉ូលីសអនុវត្តច្បាប់ដោយអំពើហិង្សាចំពោះប្រជាពលរដ្ឋដើមកំណើតអាហ្វ្រិកជាច្រើនលើក ទង្វើយ៉ាងឃោរឃៅរបស់អ្នកអនុវត្តច្បាប់គួរឱ្យអ្នកផងព្រឺព្រួច ។

      លោក ម៉ៃឃើល ធឺស៊ីឡឺ បញ្ញវន្តផ្នែកនយោបាយរបស់អាមេរិកបានលើកឡើងថា ប្រជាជនអាមេរិកកាន់តែច្រើនឡើងៗសម្គាល់ឃើញថា ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ អាមេរិកមិនបានទទួលវឌ្ឍនភាពខាងពូជសាសន៍ដ៏ពិតប្រាកដនោះទេ អត្រាដែលទទួលស្គាល់ថាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិករងការរើសអើង បានកើនពី១៩ភាគរយ នាឆ្នាំ២០១៣ឡើងដល់ ៥០ ភាគរយនាឆ្នាំ២០២០ ។ តាមពិតទៅ ក្រៅពីជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ជនជាតិដើមភាគតិចនិងក្រុមមនុស្សមួយចំនួន ដូចជាជនជាតិអាមេរិកដើមកំណើតអាស៊ី និងជនជាតិមូស្លឹមជាដើម ក៏ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩និងគោលនយោបារបស់រដ្ឋាភិបាលអាមេរិកដែលប្រកបដោយលក្ខណៈរើសអើង សិទ្ធិគ្រប់ផ្នែករបស់ពួកគេត្រូវបានបំពាន ហើយរងការគំរាមកំហែងនិងផលប៉ះពាល់ពីកម្លាំងហិង្សាគ្រប់ពេលវេលា ។

      កាលពី២១ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើ«សេចក្តីប្រកាសនិងកម្មវត្ថុប្រតិបតិ្តក្រុង Durban » ដោយបានលើកឡើងថា ត្រូវធ្វើសកម្មភាពប្រទេសជាតិនិងអន្តរជាតិ ប្រឆាំងពូជសាសន៍និយម ការរើសអើងពូជសាសន៍ គំនិតចងគំនុំជាមួយជនជាតិក្រៅប្រទេសនិងបាតុភូតពាក់ព័ន្ធដែលមិនអាចអត់ទ្រាំបាន ដើម្បីធានាអះអាងឱ្យទទួលបានសិទ្ធិមនុស្សគ្រប់ផ្នែក ។ ក្នុងមហាសន្និបាតលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលកំពុងបើកធ្វើ អង្គប្រជុំដាស់តឿនឱ្យអាមេរិកចាត់វិធានការយ៉ាងប្រាកដប្រជា ដើម្បីដោះស្រាយបញ្ហាពូជសាសន៍និយមជាប្រព័ន្ធក្នុងស្រុក ។

      ប្រឈមមុខនឹងសំឡេងរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ អាមេរិកមិនត្រូវធ្វើមិនដឹងមិនឮនោះទេ តែគឺត្រូវចាត់ទុកសំឡេងរិះគន់ទាំងនេះជាកម្លាំងជំរុញសម្រាប់កែលំអសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសខ្លួន ។ ខណៈពេលអាមេរិកធ្វើការជ្រៀតជ្រែកចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតដោយយកសិទ្ធិមនុស្សធ្វើជាលេស គួរតែដេរប៉ះសម្លៀកបំពាក់សិទ្ធិមនុស្សរបស់ខ្លួនដែលរហែកគ្រប់កន្លែងនោះ  ហើយត្រូវបោសសម្អាតផ្ទះសម្បែងរបស់ខ្លួនសិន ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស