ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែកញ្ញា មហាសន្និបាតលើកទី៦៦នៃអង្គការថាមពលបរមាណូអន្តរជាតិបានបើកធ្វើនៅក្រុងវីយ៉េន ។ បន្ទាប់ពីបញ្ចប់មហាសន្និបាតលើកនេះ តំណាងភាគីចិនបានលើកឡើងថា គម្រោងវិសោធនកម្មរបស់ប្រទេសទាំងបី អាមេរិក អង់គ្លេសនិងអូស្ត្រាលីដែលប៉ុនប៉ងធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែររបស់ពួកគេមានភាពស្របច្បាប់ ត្រូវច្រានចោលទាំងស្រុង ។ នេះគឺក្រុមតូច AUKUS នេះបង្ខំឱ្យទទួលការអនុម័ត តែទទួលបរាជ័យម្តងទៀតបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សានៃអង្គការនេះកាលពីខែកញ្ញាឆ្នាំនេះ ។
ចាប់ពីខែកញ្ញាឆ្នាំមុនឡើងទៅ សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីប្រកាសរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែរ រឿងនេះបាននាំឱ្យទូទាំងពិភពលោករសើបយ៉ាងខ្លាំង ។ ប៉ុន្តែមិនថា ប្រទេសទាំងបីនេះប្រើប្រាស់មធ្យោបាយឬកលល្បិចអ្វីក៏ដោយ ក៏សុទ្ធតែមិនអាចចៀសវាងទទួលបរាជ័យដែរ ពីព្រោះទង្វើរបស់ពួកគេគឺល្មើសនឹងហេតុផល ល្មើសនឹងច្បាប់ បង្ករឿងហេតុចំពោះក្រឹត្យក្រមហើយមិនអាចទទួលការគាំទ្រពីប្រជាជននោះទេ ។
មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចតែងតែនិយាយជាប់មាត់ថា “ត្រូវឈរលើសណ្តាប់ធ្នាប់អន្តរជាតិ” ប៉ុន្តែទង្វើរបស់ពួកគេវិញគឺផ្ទុយនឹងពាក្យសម្តីរបស់ខ្លួន ។ ដូចកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែររវាងប្រទេសទាំងបីអាមេរិក អង់គ្លេសនិងអូស្ត្រាលីគឺល្មើសនឹងសន្ធិសញ្ញាអន្តរជាតិចំនួនបី គឺ《សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ》(NPT) 《អនុសញ្ញានៃអង្គការថាមពលបរមាណូអន្តរជាតិ》និង《សន្ធិសញ្ញាស្តីពីតំបន់គ្មាននុយគ្លេអ៊ែរនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង》 ។ លុះត្រាតែអនុវត្តកិច្ចសហប្រតិបតិ្តការនេះ មុខជានឹងនាំមកនូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់សន្តិសុខនុយគ្លេអ៊ែរនិងការការពារនុយគ្លេអ៊ែរក្នុងតំបន់ជាមិនខាន ។
ក្នុងមហាសន្និបាតលើកទី៦៦នៃអង្គការថាមពលបរមាណូអន្តរជាតិដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ពិតមែនតែប្រទេសទាំងបីនោះបង្ខំជំរុញឱ្យដាក់បញ្ចូលគម្រោងវិសោធនកម្មក្នុងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ដើម្បី“លាងសម្អាត”កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែរក៏ដោយ ក៏ប៉ុន្តែក្រោមការទប់ស្កាត់របស់ភាគីចិននិងរដ្ឋសមាជិកផ្សេងទៀត គម្រោងវិសោធនកម្មរបស់ប្រទេសទាំងបីនេះត្រូវច្រានចោលទាំងស្រុង ។
មនុស្សជាតិជាសហគមន៍រួមសន្តិសុខដែលមិនអាចបំបែកបាន ។ ការបង្កើតពិភពលោកគ្មានអាវុធនុយគ្លេអ៊ែរនិងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាព ជាគោលបំណងរួមរបស់បណ្តាប្រទេសនានា ។ នេះជាមូលហេតុពីឫសគល់ដែលក្រុមតូចរបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីទទួលបរាជ័យម្តងហើយម្តងទៀត ។ ក្នុងនាមជាប្រទេសដែលមានអាវុធនុយគ្លេអ៊ែរធំបំផុតលើទូទាំងពិភពលោក សហរដ្ឋអាមេរិកទទូចធ្វើ “ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច” ពោលគឺប៉ុនប៉ងចម្លង “ការចែករំលែកនុយគ្លេអ៊ែរ”នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ពីអូស្ត្រាលីដល់ជប៉ុន ផលវិបាករីករាលដាលទៅខាងក្រៅរបស់ក្រុម AUKUS បាននិងកំពុងបណ្តាលឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិករហូតដល់ពិភពលោកទាំងមូលមានព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ។
បច្ចុប្បន្ននេះ អង្គការថាមពលបរមាណូអន្តរជាតិបានចាប់ផ្តើមធ្វើដំណើរការពិនិត្យពិភាក្សាក្នុងអន្តររដ្ឋាភិបាល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែររបស់ប្រទេសទាំងបីអាមេរិក អង់គ្លេសនិងអូស្ត្រាលី ។ នេះជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហា ។ ប្រទេសទាំងបីប៉ុនប៉ងបម្រះខ្លួនចេញពីដំណើរការនេះនិងបង្ខំឱ្យទទួលបានការអនុម័តគឺមិនអាចទៅរួចទេ ។ ពួកគេគួរតែវិលត្រឡប់មកផ្លូវសម្រាប់បង្ការការរីកសាយភាយនុយគ្លេអ៊ែរវិញក្នុងពេលឆាប់ៗ ប្រសិនបើនៅតែចង់ធ្វើផ្ទុយនឹងនិន្នាការដដែល នោះមុខជានឹងដួលកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន ៕