ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការគាំពារសន្តិសុខបណ្តាញអ៊ីនធើណេតមិនត្រូវមានស្តង់ដារពីរ
2022-09-28 11:57:25cri
Share with:

កាលពីថ្ងៃទី២៧ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់នូវវីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមហ៊ុនបច្ចេកវិទ្យា 360 បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតច្បាប់ទីពីរអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធើណេតពីបរទេស ។ របាយការណ៍ថ្មីបំផុតនេះបានបង្ហើបឱ្យដឹងពីខ្លឹមសារលម្អិតដ៏សំខាន់កាន់តែច្រើននៃហេតុការណ៍វាយប្រហារតាមបណ្តាញអ៊ីនធើណេតជាងមួយពាន់លើកទៅលើសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យដែលបំផុសដោយការិយាល័យប្រតិបត្តិការឈ្លានពានពិសេស(TAO)របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA) ។ ឆ្លងតាមរយៈខ្លឹមសារលម្អិតទាំងនេះ អ្នកផងទាំងពួងអាចឃើញច្បាស់នូវផ្លូវនិងដំណើរនៃការដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)លួចការសម្ងាត់តាមបណ្តាញអ៊ីនធើណេត ។

របាយការណ៍ថ្មីបំផុតនេះបានបង្ហើបឱ្យដឹងថា ក្នុងដំណើរវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិន ការិយាល័យប្រតិបត្តិការឈ្លានពានពិសេស(TAO)បានបង្កើតច្រកផ្លូវដើម្បីភ្ជាប់ចូលពីចម្ងាយទៅកាន់បណ្តាញទិន្នន័យស្នូលនៃប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ដែលសម្រេចបាននូវការចូលនិងគ្រប់គ្រងចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ហើយឆ្លៀតឱកាសនេះលួចយកទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់របស់ចិន ។

    តាមការពិត សហរដ្ឋអាមេរិកលួចយកការសម្ងាត់តាមបណ្តាញអ៊ីនធើណេតដោយទ្រង់ទ្រាយធំក្នុងរយៈពេលយូរគឺជាការសម្ងាត់សាធារណៈមួយ ។ ស្ថានីយទូរទស្សន៍ព័ត៌មាន France 24 របស់បារាំងបានលើកឡើងថា មហិច្ឆតាក្នុងការឃ្លាំមើលនិងត្រួតពិនិត្យបណ្តាញអ៊ីនធើណេតរបស់សហរដ្ឋអាមេរិកមិនមែនជារឿងប្លែកអីទេ ពួកគេចង់លួចស្តាប់ទូទាំងពិភពលោក ក្នុងនោះ បូករួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ ។ លោក Edward Snowden អតីតបុគ្គលិកនៃក្រុមហ៊ុនទទួលម៉ៅកិច្ចការពារជាតិរបស់អាមេរិកបានលាតត្រដាងទៅកាន់ប្រព័ន្ធសារព័ត៌មាននៅឆ្នាំ២០១៣ថា គម្រោងលួចស្តាប់ដោយសម្ងាត់ជាសកលដែលឈ្មោះ PRISMនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)បានដំណើរការពេញ២៤ម៉ោង ដើម្បីលួចស្តាប់និងឃ្លាំមើលចំពោះអ៊ីម៉ែល ដំណឹងនៃវេបសាយ Facebook និងកម្មវិធី Google Talk ជាដើម ។ តាមរបាយការណ៍ដែលសហគ្រាសបណ្តាញអ៊ីនធើណេតរបស់ចិនបានប្រកាសនៅឆ្នាំនេះបានឱ្យដឹងថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើគោលដៅចំនួន៤០៣នៃប្រទេសនិងតំបន់ចំនួន៤៧លើពិភពលោកទាំងមូល ក្នុងនោះ បូករួមទាំងចិន អង់គ្លេស អាល្លឺម៉ង់និងបារាំងជាដើម ។

ប៉ុន្តែ មជ្ឈដ្ឋានខាងក្រៅបានដឹងតិចណាស់ចំពោះបញ្ហាថា តើទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេតតាមរបៀបណា ។ របាយការណ៍ស៊ើបអង្កេតដែលស្ថាប័នពាក់ព័ន្ធរបស់ភាគីចិនប្រកាសនោះបានប្រើប្រាស់ភស្តុតាងជាក់ស្តែង ដើម្បីលាតត្រដាងនិងបែកធ្លាយយ៉ាងក្បោះក្បាយនូវច្រកផ្លូវ រយៈពេលរហូតដល់កំហុសក្នុងហេតុការណ៍ដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិន ហើយបានពិនិត្យឃើញច្បាស់លាស់នូវអត្តសញ្ញាណពិតប្រាកដនៃអ្នកបង្កការវាយប្រហារចំនួន១៣នាក់ គឺចាប់បានអ្នកទោសនិងទទួលបានភស្តុតាងដ៏ពិតប្រាកដក្នុងពេលដំណាលគ្នា គឺជាការឆ្លើយតបយ៉ាងខ្លាំងបំផុតចំពោះភាគីអាមេរិកដែលអនុវត្តអនុត្តរភាពតាមបណ្តាញអ៊ីនធើណេតតាមតែទំនើងចិត្ត ។

ជានិច្ចកាល ភាគីចិនតែងតែគូសបញ្ជាក់ថា ការគាំពារសន្តិសុខបណ្តាញអ៊ីនធើណេតមិនត្រូវមានស្តង់ដារពីរ ពោលគឺមិនអាចឱ្យប្រទេសមួយមានសន្តិសុខ ឯប្រទេសផ្សេងទៀតគ្មានសន្តិសុខនោះទេ ក៏ដូចជាប្រទេសមួយចំនួនមានសន្តិសុខ តែប្រទេសមួយចំនួនទៀតគ្មានសន្តិសុខ ហើយក៏មិនត្រូវបង្កផលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀត ដើម្បីស្វែងរកអ្វីដែលហៅថាសន្តិសុខដាច់ខាតរបស់ខ្លួនដែរ ។ ភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់ការវាយប្រហារតាមបណ្តាញអ៊ីនធើណេតដោយចេតនាអាក្រក់ទៅលើប្រទេសចិនភ្លាម ព្រមទាំងធ្វើការបកស្រាយដោយមានទំនួលខុសត្រូវចំពោះរបាយការណ៍ស៊ើបអង្កេតដែលភាគីចិនបានប្រកាសនោះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស