ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងប្រធានាធិបតីអាហ្សង់ទីនផ្ញើសារសាទរជូនចំពោះវេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីន
2022-09-28 20:38:11cri
Share with:

      ថ្ងៃទី២៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិននិងប្រធានាធិបតីអាហ្សង់ទីនផ្ញើសារសាទរដោយឡែកពីគ្នាជូនចំពោះវេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីន ។

      ថ្លែងក្នុងសារលិខិត លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសចិននិងអាហ្សង់ទីនជាមិត្តភក្តិល្អនិងដៃគូល្អ ។ ឆ្នាំនេះជាខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្សង់ទីន ហើយក៏ជាឆ្នាំសហប្រតិបតិ្តការដ៏មេត្រីភាពរវាងចិននិងអាហ្សង់ទីនផងដែរ ។ ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍មក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ការសាកល្បងពីភាពបម្រែបម្រួលនៃឆាកអន្តរជាតិ ហើយបានក្លាយជាគំរូនៃកិច្ចសហប្រតិបតិ្តការដ៏សាមគ្គីភាពរវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាគំរូនៃការអភិវឌ្ឍរួមផងដែរ ។ រំពឹងទុកថា អង្គប្រជុំអាចគិតពិចារណាយ៉ាងទូលំទូលាយនិងប្រមូលផ្តុំគំនិតឯកភាពរួម ដើម្បីរួមចំណែកក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីនក្នុងយុគសម័យថ្មី ក៏ដូចជាសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ។

      ថ្លែងក្នុងសារលិខិត លោក Alberto Fernández បានលើកឡើងថា អាហ្សង់ទីននិងចិនបានចាប់ដៃគ្នាឆ្លងកាត់ពាក់កណ្តាលសតវត្សរ៍រួចហើយ ជឿជាក់ថា ភាគីទាំងពីរនឹងបង្កើតជាសហគមន៍រួមវាសនាដែលមានកម្រិតអភិវឌ្ឍន៍កាន់តែខ្ពស់ ។

      សូមបញ្ជាក់ថា វេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីនបានប្រារព្ធធ្វើនៅថ្ងៃដដែលនៅក្រុងប៉េកាំង ក្រោមប្រធានបទ “ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មាន រួមគ្នាស្វែងរកផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជន” ដែលរួមគ្នារៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការទទួលបន្ទុកប្រព័ន្ធសារព័ត៌មានសាធារណៈនៃប្រទសេអាហ្សង់ទីន ៕

 

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស