ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិនបាននិងកំពុងបំពេញបន្ថែមនូវភាពនឹងនរនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល
2022-09-27 16:49:49cri
Share with:

    ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ នៅទីស្នាក់ការទូទៅរបស់អង្គការសហប្រជាជាតិក្រុងញូវយ៉ក គណៈប្រតិភូចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ហើយក៏ធ្វើជាអធិបតីនិងមានវត្តមានក្នុងកិច្ចប្រជុំពហុភាគីជាច្រើនផងដែរ ។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសចិនបានជួបសនន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិរាប់សិបរូបជាបន្តបន្ទាប់ ។ល។ កិច្ចខិតខំប្រឹងប្រែងការទូតមួយចំនួនដែលមានគោលបំណងបង្កើនសាមគ្គីភាពនិងប្រមូលផ្តុំគំនិតឯកភាពរួមបានបំពេញបន្ថែមនូវភាពនឹងនរនិងភាពប្រាកដប្រជាដ៏មានតម្លៃដល់ពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល ។

    បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ហានិភ័យនៃភាពថមថយចុះនៃសេដ្ឋកិច្ចពិភពលោកមានភាពកាន់តែធ្ងន់ធ្ងរទៅៗ ក៏ដូចជាវិបត្តិអ៊ុយក្រែនឡើងកម្តៅជាបន្តបន្ទាប់ព្រមទាំងបង្កឱ្យមានវិបត្តិផ្នែកថាមពលនិងស្បៀងអាហារ ក្នុងបរិបទបែបនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះដោយបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញម្តងទៀតនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយបានលើកឡើងនូវគំនិតផ្តួចផ្តើមរបស់ចិនចំនួន ៦ ចំណុច ពោលគឺ "ត្រូវមានសន្តិភាព តែមិនត្រូវធ្វើសង្រ្គាម" "ត្រូវមានការអភិវឌ្ឍ តែកុំឱ្យមានភាពក្រីក្រ" "ត្រូវបើកទូលាយ តែមិនត្រូវបំបិទមុខ" "ត្រូវធ្វើកិច្ចសហប្រតិបត្តិការ តែមិនត្រូវធ្វើបដិបក្ខគ្នា" "ត្រូវរួមសាមគ្គីគ្នា តែមិនត្រូវបែកបាក់គ្នា" "ត្រូវមានយុត្តិធម៌ កុំធ្វើការគំរាមកំហែងបង្ខិតបង្ខំនិងអនុត្តរភាព ។" នេះបានបង្ហាញយ៉ាងច្បាស់លាស់ពីគោលជំហរជាគោលការណ៍របស់ប្រទេសចិនក្នុងបញ្ហាអន្តរជាតិសំខាន់ៗមួយចំនួននិងបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់ប្រទេសភាគច្រើនដាច់ខាតនៅលើពិភពលោក ។

    នាពេលបច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាបញ្ហាប្រឈមដ៏ពិបាកដោះស្រាយបំផុតដែលសន្តិភាពនិងសន្តិសុខសកលកំពុងប្រឈមមុខ ។ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ហើយបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ប្រទេសចិនបានលើកឡើងថា អធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសនានាសុទ្ធតែគួរទទួលបានការគាំទ្រ កម្មវិត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរទទួលបានការគោរព ក្តីព្រួយបារម្ភខាងសន្តិសុខរបស់អង្គការសហប្រជាជាតិនិងបណ្តាភាគីនានាគួរទទួលបានការយកចិត្តទុកដាក់ ក៏ដូចជារាល់ការខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធីសុទ្ធតែគួរទទួលបានការគាំទ្រ ហើយបានអំពាវនាវឱ្យសាមីភាគីរៀបចំកិច្ចសន្ទនាឡើងវិញក្នុងពេលឆាប់ៗនិងមិនគួរអនុវត្តផ្តេសផ្តាសនូវការដាក់ទណ្ឌកម្មដោយឯកតោភាគីជាដើម ។

    ក្នុងការជំរុញអភិវឌ្ឍន៍សកល ប្រទេសចិនក៏បានចាត់វិធានការសំខាន់ផងដែរ ។ ក្រោមអធិបតីភាពរបស់ភាគីចិន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី"ក្រុមមិត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល"បានបើកធ្វើដោយរលូន ។ ប្រទេសចិនបានប្រកាសក្នុងកិច្ចប្រជុំនេះថា នឹងចាត់ប្រតិបតិ្តការសំខាន់ៗចំនួន ៧ ម្តងទៀតដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ប្រតិបត្តិការទាំងនេះពាក់ព័ន្ធដល់វិស័យដូចជា ការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការធ្វើឧស្សាហូបនីយកម្ម ថាមពលស្អាតនិងការអប់រំឌីជីថលជាដើមដែលទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាភាគីនានា ។

    នៅលើពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងបម្រែបម្រួល ប្រទេសចិនកំពុងនាំមកនូវភាពប្រាកដប្រជាដ៏មានតម្លៃពន់ពេក ។ មិត្តភក្តិរបស់ប្រទេសចិនក៏នឹងកាន់តែច្រើនឡើងៗដែលបានប្រមូលផ្តុំទៅជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស