ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើអាមេរិកដែលបានអនុវត្តអនុត្តរភាពក្នុងរយៈពេលយូរអាចទទួលបានការជឿទុកចិត្តពីអ្នកផ្សេងតាមរបៀបណា ?
2022-09-26 09:47:11cri
Share with:

     ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ “ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ”ហៅកាត់PBP ។ ក្នុងកិច្ចប្រជុំលើកនេះ លោកបានអះអាងថា អាមេរិកនឹងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីអភិវឌ្ឍតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ព្រមនិងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះជាការត្រៀមរៀបចំសម្រាប់ “កិច្ចប្រជុំកំពូលរវាងអាមេរិកនិងប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក”លើកដំបូងដែលនឹងបើកធ្វើនៅក្រុងវ៉ាស៊ីនតោន នៅចុងខែកញ្ញាខាងមុខនេះ ។

      អ្វីដែលហៅថា  “ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ” បានបង្កើតឡើងនៅខែមិថុនា ឆ្នាំនេះ ប្រទេសស្ថាបនិកមាន៥ គឺអាមេរិក អង់គ្លេស អូស្តា្រលី ជប៉ុននិងនូវែលសេឡង់ ឥណ្ឌាជាប្រទេសអ្នកសង្កេតការណ៍ ។ ពិតមែនតែអង្គការមួយនេះបានអះអាងថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសប្រជុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកលើវិស័យបម្រែបម្រួលអាកាសធាតុ សន្តិសុខលើសមុទ្រ និងសុខាភិបាលជាដើម ប៉ុន្តែគោលដៅពិតប្រាកដមិនតែប៉ុន្នឹងទេ ។ ប្រព័ន្ធសារព័ត៌មានអាមេរិកបានលើកឡើងថា គោលដៅរបស់PBP គឺទប់ស្កាត់កម្លាំងឥទ្ធិពលរបស់ចិនដែលមានភាពកាន់តែខ្លាំងឡើងៗនៅតំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក ។

       មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា មិនត្រឹមតែPBPប៉ុណ្ណោះទេ ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានធ្វើកិច្ចការទូតយ៉ាងមមាញឹកជាមួយប្រទេសប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្នុងផែនទីភូមិសាស្ត្រនយោបាយរបស់អាមេរិក តំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិកមិនបានទទួលការយកចិត្តទុកដាក់ក្នុងរយៈពេលយូរ ហេតុអ្វីបានជាបច្ចុប្បន្ននេះ បានក្លាយជាតំបន់ចំណុចក្តៅ ? មតិយោបល់របស់លោក Steve Chabot គឺកិច្ចព្រមព្រៀងស្តីពីសន្តិសុខទ្វេភាគីដែលចិននិងប្រជុំកោះ Solomon បានចុះហត្ថលេខានៅដើមឆ្នាំនេះ ធ្វើឱ្យអាមេរិកទទួលអារម្មណ៍ពី “ភាពជាបន្ទាន់”យ៉ាងខ្លាំង ដូច្នេះត្រូវចាត់វិធានការតបតវិញ ។ អាចឃើញថា អាមេរិកផ្តល់ផលប្រយោជន៍ដល់ប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក គឺស្ថិតនៅមូលដ្ឋានធ្វើការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រ រីឯគោលបំណងពិតប្រាកដ គឺធ្វើការបដិបក្ខគ្នា ។

      ក្រៅពីនេះ គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិកក៏មិនបានសងបំណុលរបស់ប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិកក្នុងប្រវត្តិសាស្ត្រវិញនៅឡើយទេ ។ បន្ទាប់ពីបញ្ចប់សង្រ្គាមលោកលើកទីពីរ អាមេរិកនិងអង់គ្លេសធ្លាប់សាងសង់ទីកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅទីនេះ ដែលបាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ប្រជាជនក្នុងតំបន់ ។ ប៉ុន្តែ អាមេរិកនិងអង់គ្លេសមិនដែលសុំទោសនិងសងថ្លៃជំងឺចិត្តពីឧក្រិដ្ឋកម្មរបស់ខ្លួននោះទេ ផ្ទុយទៅវិញ ដោយសារកាន់អាកប្បកិរិយាអាណានិគម និងចាត់ទុកប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិកជាក្របខ័ណ្ឌអំណាចនិងទីធ្លាខាងក្រោយរបស់ខ្លួន ដូច្នេះ អាមេរិកនិងអង់ក្លេសបែរជាមិនអនុញ្ញាតឱ្យប្រទេសទាំងនេះធ្វើការប្រាស្រ័យទាក់ទងជាប្រក្រតីជាមួយប្រទេសផ្សេងទៀតដោយម្ចាស់ការទេ ។ តើប្រទេសដែលបានអនុវត្តអនុត្តរភាពក្នុងរយៈពេលយូរអាចទទួលបានការជឿទុកចិត្តពីអ្នកផ្សេងតាមរបៀបណា ?

      និយាយចំពោះប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក ភារកិច្ចជាបន្ទាន់ គឺទប់ទល់នឹងការប្រឈមដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ១៩ ។ បើសិនជាអាមេរិកពិតជាធ្វើតាមពាក្យសំដីរបស់ខ្លួនដែលថា ចង់ជួយប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិកទទួលការអភិវឌ្ឍ នោះគួរតែអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត ធ្វើកិច្ចសហប្រតិបតិ្តការដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយប្រទេសប្រជុំកោះទាំងនេះ ព្រមនិងគោរពសិទ្ធិរបស់ប្រទេសប្រជុំកោះក្នុងការប្រាស្រ័យទាក់ទងជាមួយក្រៅប្រទេសដោយម្ចាស់ការ តែមិនមែនគិតតែកលល្បិចផ្នែកភូមិសាស្ត្រនយោបាយ និងអមល័ក្ខខ័ណ្ឌនយោបាយគ្រប់បែបយ៉ាងនោះឡើយ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស