ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អេហ្ស៊ីបនឹងស្នើសុំរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣៦
2022-09-26 15:16:35cri
Share with:

    កាលពីថ្ងៃទី ២៤ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងយុវជននិងកីឡានៃប្រទេសអេហ្ស៊ីបបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយអះអាងថា ប្រទេសអេហ្ស៊ីបនឹងស្នើសុំរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣៦ ។ តាមការផ្សាយដំណឹងនៃទីភ្នាក់សារព័ត៌មាន Reuters នាថ្ងៃដដែលឱ្យដឹងថា នៅឯពិធីបដិសណា្ឋរកិច្ចចំពោះលោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងអ្នកអមដំណើរដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគែរ រដ្ឋមន្ត្រីក្រសួងយុវជននិងកីឡានៃប្រទេសអេហ្ស៊ីបបានថ្លែងថា លោកប្រធានាធិបតី Abdelfattah al Sisi បានអនុម័តឱ្យអេហ្ស៊ីបស្នើសុំរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣៦ ។ លោក Thomas Bach បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធខាងកីឡារបស់ប្រទេសអេហ្ស៊ីបអាចបំពេញតាមតម្រូវការនៃការរៀបចំការប្រកួតកីឡាអូឡាំពិក ។ ប្រសិនបើការស្នើសុំរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាអូឡាំពិកអាចទទួលបានជោគជ័យ នោះ អេហ្ស៊ីបនឹងក្លាយជាប្រទេសអារ៉ាប់និងអាហ្វ្រិកដំបូងគេក្នុងប្រវត្តិសាស្រ្តដែលបានរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាអូឡាំពិក ។

    សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅចំនួនបីលើកនៅមុនឆ្នាំ ២០៣៦ សុទ្ធតែបានកំណត់ម្ចាស់ផ្ទះរួចហើយ ។ ព្រឹតិ្តការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ឆ្នាំ ២០២៨ និងឆ្នាំ ២០៣២ នឹងរៀបចំដោយឡែកពីគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ទីក្រុង Los Angeles សហរដ្ឋអាមេរិកនិងទីក្រុង Brisbane ប្រទេសអូស្ត្រាលី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស