នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi តំណាងពិសេសរបស់ប្រធានរដ្ឋចិនលោក Xi Jinping សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីបម្រែបម្រួលអាកាសធាតុ ព្រមនិងថ្លែងសុន្ទរកថានៅទីចាត់ការទូទៅរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា ប្រទេសចិនសម្គាល់ថា គួរតែជំរុញគោលដៅនៃអភិបាលកិច្ចអាកាសធាតុសកលលើវិស័យចំនួនបួន៖ ទីមួយ គឺត្រូវផ្តោតសំខាន់លើការរៀបចំឱ្យបានល្អនូវមហាសន្និបាតបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិក្រុងSharm el-Sheikh ដើម្បីទទួលបានសមិទ្ធផលវិជ្ជមាននិងតុល្យភាពក្នុងការកាត់បន្ថយ សម្របខ្លួនតាមស្ថានភាពជាក់ស្តែង និងការទម្លាក់ថវិកាជាដើម។ ទីពីរគឺត្រូវផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង។ ទីបីគឺត្រូវជំរុញយ៉ាងប្រាកដប្រជានូវការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង។ ទីបួន គឺត្រូវបង្កបរិយាកាសនយោបាយដ៏ល្អប្រសើរ។
ក្រៅពីនេះ លោក Wang Yi បានលើកឡើងពីវិធានការវិជ្ជមានមួយចំនួនរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវនៃការចាត់ទុកអេកូឡូស៊ីជាអាទិភាព និងការអភិវឌ្ឍបៃតងនិងកាបូនទាប។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងរ៉ាប់រងភារកិច្ចអន្តរជាតិរបស់ខ្លួន ដើម្បីបង្កើតអច្ឆរិយថ្មីនៃការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង៕