ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្តិភាពជាអាយុជីវិតនៃមនុស្សជាតិនិងជាសរសៃឈាមនៃពិភពលោក
2022-09-21 16:38:42cri
Share with:

       បច្ចុប្បន្ន និម្មាបនកម្មពិភពលោកបាននិងកំពុងប្រឈមនឹងបម្រែបម្រួលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍ ។ វិបត្តិជំងឺកូវីដ-១៩ នៅតែកំពុងបន្តបង្កផលប៉ះពាល់ចំពោះសកលលោក សង្គ្រាមបានផ្ទុះឡើងនៅប្រទេសមួយចំនួន កត្តាអសន្តិសុខប្រពៃណីនិងមិនប្រពៃណីបាននិងកំពុងកើនឡើង អាស្រ័យហេតុនេះ សហគមន៍អន្តរជាតិត្រូវការជាបន្ទាន់នូវយន្តការដែលអាចជួយតម្រង់ទិសសម្រាប់នាវាពិភពលោកមិនឱ្យវង្វេងផ្លូវក្នុងមហាសាគរដ៏ធំល្វឹងល្វើយ ។

       យើងតែងតែឮពាក្យថា «បើគ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង» ។ ជាការពិតណាស់ ហេតុផលនេះអ្នកណាក៏ដឹងដែរ តែមហិច្ឆតារបស់មនុស្សដែលលោភលន់ចំពោះអំណាចវារមែងតែងធ្វើឱ្យមូលដ្ឋានគ្រឹះនៃសន្តិភាពត្រូវប្រឈមនឹងឥទ្ធិពលអវិជ្ជមាន ។ ពិភពលលោកបច្ចុប្បន្ន បានឈានចូលដំណាក់កាលនៃការប្រកួតប្រជែងរវាងពហុភាគីនិយមនិងឯកតោភាគីនិយម រវាងពហុប៉ូលនិយមនិងអនុត្តរភាពនិយម ហើយក្នុងនោះសំឡេងគាំទ្រចំពោះពហុភាគីនិយមបាននិងកំពុងមានប្រៀបជាបណ្តើរៗ ។

ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា មិនថាទំនាក់ទំនងទ្វេភាគីឬពហុភាគី ការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរគ្នាត្រូវឈរលើភាពស្មោះត្រង់ គោរពគ្នា និងសមភាព នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែនៅតែមានប្រទេសមួយចំនួនដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រកាន់យកទស្សនៈ«អញជាធំ» ក្នុងទំនាក់ទំនងអន្តរជាតិ ។ ប៉ុន្តែអ្វីដែលគួររំលឹកគឺ តាំងពីដើមរៀងមក អនុត្តរភាពនិយមតែងបានរុញច្រានឱ្យស្ថានការណ៍ធ្លាក់ទៅក្នុងភាពផុយស្រួយឬជាប់គាំង ។

       មិនថាកាលពីអតីតកាលឬបច្ចុប្បន្នកាលនោះទេ សង្គ្រាមរមែងនាំមកនូវតែភាពវិនាសហិនហោច និងភាពឈឺចាប់ខ្លាចផ្សារចំពោះមនុស្សជាតិ ។ សង្គ្រាមលោកទាំងពីរលើកបានបន្សល់ទុកនូវសោកនាដកម្មដែលមិនអាចប៉ះប៉ូវបាន ក្រុមងាយរងគ្រោះដូចជាស្ត្រី កុមារនិងមនុស្សចាស់ជរាត្រូវក្លាយជាចំណីសង្គ្រាម អាយុជីវិតមនុស្សផុយស្រួយជាងសត្វស្រមោចទៅទៀត ។

       បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ មនុស្សជាតិត្រូវការជាបន្ទាន់ចំពោះពិភពលោកមួយដែលមានសន្តិភាព អាស្រ័យហេតុនេះ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដើម្បីជាមគ្គុទេ្ទសក៍ដឹកនាំកិច្ចការអន្តរជាតិនិងដើរតួនាទីគាំពារសន្តិសុខនិងសន្តិភាពពិភពលោក ។ មនុស្សជាតិភាគច្រើនដាច់ខាតមិនចង់ឱ្យកើតមានសង្គ្រាមឡើយ ព្រោះភាពនិរាសព្រាត់ប្រាសនិងភាពទុរ្ភិក្សដែលបណ្តាលមកពីភ្លើងសង្គ្រាមបាននាំឱ្យមនុស្សជាច្រើនជំនាន់រងទុក្ខវេទនា ។

       ការរក្សារបៀបរៀបរយនិងសណ្តាប់ធ្នាប់ពិភពលោកមិនមែនស្ថិតនៅលើដៃរបស់ប្រទេសណាឬបុគ្គលណាមួយនោះទេ តែត្រូវមានការចូលរួមពីគ្រប់ប្រទេសនិងតំបន់ទាំងអស់ ។ ពាក្យចាស់ពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» បើចង់រស់នៅក្រោមដំបូលសន្តិភាព អ្វីដែលគួរធ្វើគឺការរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតដោយសន្តិវិធី តែមិនមែនអាងកម្លាំងបាយទៅគាបសង្កត់ឱ្យអ្នកដទៃធ្វើតាមគំនិតរបស់ខ្លួននោះឡើយ ។

       ក្នុងន័យនេះ មិនថាស្ថិតក្នុងកាលៈទេសៈណា មិនថាថ្លែងសារទៅកាន់ពិភពលោកឬទៅកាន់ប្រជាជនចិនក្តី ប្រមុខរដ្ឋចិនតែងលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព ។ ជាការពិតណាស់ សង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសចិនកាលពីអតីតកាលដែលកើតឡើងដោយសារការឃ្លានពានពីបរទេសនិងទំនាស់ផ្ទៃក្នុង បានបង្អាក់និងរុញទម្លាក់ដំណើរអភិវឌ្ឍន៍របស់ប្រទេសចិន ឬអាចនិយាយបានថា ប្រទេសចិនត្រូវកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ ។

       សមិទ្ធផលរបស់ប្រទេសចិនដូចបច្ចុប្បន្នគឺបានដោយសារការបូជាញើសឈាម សឹងតែអាយុជីវិតរបស់មនុស្សជំនាន់មុន និងកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជំនាន់នេះ ហេតុនេះ ប្រទេសចិនមិនត្រឹមតែថែរក្សានិងឱ្យតម្លៃយ៉ាងខ្លាំងចំពោះស្ថិរភាពនិងសន្តិភាពក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានខិតខំរួមចំណែករបស់ខ្លួនក្នុងការគាំពារស្ថិរភាពនិងសន្តិភាពពិភពលោកផងដែរ ក្នុងនោះ ក្រៅពីការជួយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសដែលមានការអភិវឌ្ឍតិចតួចឱ្យស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ ការចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិច្រើនបំផុតគឺជាផ្នែកមួយនៃការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងការថែរក្សាសន្តិភាពពិភពលោក ។

       អ្វីដែលគួររំលឹកផងដែរ ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ នេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមពីរជាបន្តបន្ទាប់ ពោលគឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលជាការរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងចិនសម្រាប់ការជំរុញការអភិវឌ្ឍនិងការគាំពារសន្តិសុខនៃពិភពលោក ។    

       សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញពាក្យ«អរគុណសន្តិភាព»ដើម្បីរំលេចពីសារៈសំខាន់លើសលប់នៃសន្តិភាពចំពោះមនុស្សយើងគ្រប់រូប ។ កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម អាស្រ័យហេតុនេះ ប្រជាជនគ្រប់រូបមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងជ្រោះមរណាជាដាច់ខាត ព្រោះមានសន្តិភាព ទើបយើងអាចនិយាយពីរឿងអភិវឌ្ឍន៍ និងភាពសុខសាន្តនៃសង្គម ។

       ពាក្យចាស់ពោលថា ការបំផ្លិចបំផ្លាញជារឿងងាយស្រួលបំផុត តែការកសាងជារឿងលំបាកណាស់ ។ ភាពខ្ទេចខ្ទាំដែលបណ្តាលមកពីសង្គ្រាម មិនមែនកសាងឡើងដោយងាយៗនោះទេ ជួនកាលការបំផ្លិចបំផ្លាញតែមួយនាទី ត្រូវការការកសាងឡើងវិញរាប់ឆ្នាំ ឬសឹងតែរាប់សិបឆ្នាំ ។ សន្តិភាពជាអាយុជីវិតនៃមនុស្សជាតិនិងជាសរសៃឈាមនៃពិភពលោក ប្រសិនជាគ្មានសន្តិភាព អ្វីៗគ្រប់យ៉ាងគឺស្មើនឹងសូន្យ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន        

អ្នកបកប្រែ:李庆莉
ប្លុកពិសេស