ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពិព័រណ៍ចិន-អាស៊ានបាននិងកំពុងផ្តល់កាលានុវត្តភាពថ្មីសម្រាប់ការកសាងសេដ្ឋកិច្ចក្នុងតំបន់បែបបើកទូលាយ
2022-09-21 14:54:49cri
Share with:

    កាលពីថ្ងៃទី ១៩ ខែកញ្ញា ពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលផ្នែកវិនិយោគនិងធុរកិច្ចចិន-អាស៊ានលើកទី ១៩ បានបិទបញ្ចប់នៅទីក្រុង Nanning ភូមិភាគស្វយ័តជនជាតិ Zhuang Guangxi ប្រទេសចិន ។ ក្នុងរយៈពេល ៤ ថ្ងៃ មានសហគ្រាសចំនួន ១៦៥៣ ដែលមកពីប្រទេសចំនួន ៤០ បានចូលរួមពិព័រណ៍នៅកន្លែងផ្ទាល់និងមានសហគ្រាសជាង ២០០០ បានចូលរួមពិព័រណ៍តាមរបៀបអនឡាញ បានចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការចំនួន ២៦៧ ទំហំវិនិយោគសរុបឡើងដល់ ៤១,៣ ប៊ីលានយាន់ប្រាក់ចិនដែលបានបំបែកកំណត់ត្រាបំផុតក្នុងប្រវត្តិសាស្ត្រ ។ ទិន្នន័យដ៏លេចធ្លោទាំងនេះជាសក្សីនៃសមិទ្ធផលគួរឱ្យកត់សម្គាល់នៃពិព័រណ៍ចិន-អាស៊ានលើកនេះ ។

    នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ហើយអនាគតមានភាពស្រអាប់ទៅៗ ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានមួយចំនួនដូចជាធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមបាននាំគ្នាបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ។ ក្នុងបរិបទបែបនេះ ពិព័រណ៍ចិន-អាស៊ានបានផ្តល់កាលានុវត្តភាពថ្មីសម្រាប់ការជំរុញការងើបឡើងវិញជានិរន្តរភាពបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងការកសាងសេដ្ឋកិច្ចក្នុងតំបន់បែបបើកទូលាយដោយឥរិយាបថបើកចំហយ៉ាងច្បាស់លាស់ ។

    ឆ្នាំនេះ ពិព័រណ៍ចិន-អាស៊ានបានបង្កើតជាលើកដំបូងនូវសាលពិព័រណ៍ដ៏ល្អផូរផង់នៃអាស៊ាននិងកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ RCEP )។ នេះបានឆ្លុះបញ្ចាំងពីប្រធានបទនៃពិព័រណ៍លើកនេះ គឺ "ចែករំលែកកាលានុវត្តភាពថ្មីនៃកិច្ចព្រមព្រៀង RCEP ជំរុញតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 "។

    សូមបញ្ជាក់ថា ឆ្នាំ ២០២២ ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំលើកទីមួយនៃការដែលកិច្ចព្រមព្រៀង RCEP បានចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការផងដែរ ។ លើសពីនេះទៅទៀត កិច្ចកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ជិតនឹងចាប់ដំណើរការ ។ នេះគឺមានន័យថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននឹងឡើងដល់កម្រិតថ្មីថែមទៀត ។

    ទិន្នន័យបានបញ្ជាក់ពីប្រការនេះ ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានបានឡើងដល់ ៤,០៩ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ១៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ គឺត្រូវជា ១៥ ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ គិតមកទល់ចុងខែកក្កដា ឆ្នាំនេះ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ាន គឺ លើសពី ៣ សែន ៤ ម៉ឺនលានដុល្លារអាមេរិកដែលបានក្លាយជាដៃគូសហប្រតិបត្តិការដ៏រស់រវើកបំផុតផ្នែកវិនិយោគទៅវិញទៅមក ។

    ទន្ទឹមនឹងកិច្ចព្រមព្រៀង RCEP បានចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការ វាបានជំរុញយ៉ាងខ្លាំងដល់ភាពកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសអាស៊ាន ការអនុវត្តគោលនយោបាយអនុគ្រោះជាច្រើនដូចជា ការកាត់បន្ថយនិងលុបចោលពន្ធគយ ការលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លងគយជាដើមធ្វើឱ្យការប្រាស្រ័យទាក់ទងលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានមានភាពកាន់តែសិ្អតល្មួត ។ លើសពីនេះទៅទៀត ទន្ទឹមនឹងរដ្ឋសមាជិកនៃកិច្ចព្រមព្រៀង RCEP ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ជាដើមបានចូលរួម វាក៏បានពង្រីក"ក្រុមមិត្តភកិ្ត"លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានផងដែរ ។

    អ្នកផងជាច្រើនសុទ្ធតែបានកត់សម្គាល់ឃើញនូវការពិពណ៌នាចំពោះ"តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 "ក្នុងប្រធានបទនៃពិព័រណ៍ចិន-អាស៊ានលើកនេះ ។ លោក Xu Ningning ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ានបានលើកឡើងថា "ល្គឹតណាដែលតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 បានចាប់ដំណើរការជាផ្លូវការ ថែមទាំងកិច្ចព្រមព្រៀង RCEP បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ល្គឹតនោះ មិនថា ការកាត់បន្ថយនិងលុបចោលពន្ធគយឬក៏កិច្ចសម្រួលពាណិជ្ជកម្មក្តី វាសុទ្ធតែនឹងឡើងដល់កម្រិតថ្មីថែមទៀត" ។ នេះជាមូលហេតុដែលបណ្តាលឱ្យពាណិជ្ជករចូលរួមពិព័រណ៍ចិន-អាស៊ាននាំគ្នាថ្លែងថា "ពួកយើងនឹងចូលរួមម្ដងទៀតនៅឆ្នាំក្រោយ" ។

អ្នកបកប្រែ:魏伟
ប្លុកពិសេស