ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីគឺជាទង្វើរីកសាយភាយអាវុធនុយគ្លេអ៊ែរយ៉ាងគឃ្លើន
2022-09-19 16:18:46cri
Share with:

    កាលពីថ្ងៃទី ១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានពិគ្រោះពិភាក្សាជាពិសេសអំពីបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ។ នេះជាការពិគ្រោះពិភាក្សាលើកទី ៤ នៃរដ្ឋសមាជិកនៃអង្គការថាមពលបរមាណូអន្តរជាតិដែលបានសម្រេចចិត្តជាឯកច្ឆន្ទថា នឹងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធតាមបែបបទបញ្ហាពិភាក្សាជាផ្លូវការដោយឡែក ដែលបានផ្ចាញ់ឧបាយកលប៉ុនប៉ងរបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីដែលចង់ចាត់ប្រតិបត្តិការដោយសម្ងាត់ ។

    គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានប្រកាសបង្កើតជាសម្ព័ន្ធភាពសន្តិសុខត្រីភាគី(AUKUS)ដែលមានផែនការស្នូល គឺ អាមេរិកនិងអង់គ្លេសនឹងសហការជួយអូស្ត្រាលីឱ្យផលិតនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ ។ ដូច្នេះ អូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងអំពីការជួញដូរនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរដ៏មានទំហំទឹកប្រាក់ច្រើនសន្ធឹកដែលបានចុះហត្ថលេខាជាមួយបារាំង ទាក់ទិននឹងរឿងនេះ រដ្ឋាភិបាលបារាំងបានរិះគន់យ៉ាងខ្លាំងថា នេះគឺជាទង្វើបំពានលើទំនុកចិត្តនិងក្បត់ពាក្យស្បថ ។

    ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីបានទទួលការថ្កោលទោសនិងប្រឆាំងយ៉ាងខ្លាំងលើផ្ទៃអន្តរជាតិ ។ អ្នកវិភាគជាច្រើនបានលើកឡើងថា ការពិតនៃការផ្ទេរសម្ភារៈអាវុធនុយគ្លេអ៊ែរដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣គឺ ការរីកសាយភាយនុយគ្លេអ៊ែរ វានឹងបង្កើនការប្រកួតសព្វាវុធ បំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ហើយនឹងបង្កជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខសកល ។

    សូមបញ្ជាក់ថា អាមេរិក អង់គ្លេសនិងអូស្ត្រាលីសុទ្ធតែជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរដែលគួរតែអនុវត្តតាមកាតព្វកិច្ចមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ។ ប៉ុន្តែ ប្រទេសទាំងបីនេះមិនអើពើនឹងបញ្ហាពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរដែលក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានអនុម័តតាមរយៈការពិភាក្សាជាឯកច្ឆន្ទ ប៉ុនប៉ងធ្វើការចរចាតាមតែទំនើងចិត្តជាមួយនឹងលេខាធិការដ្ឋាននៃអង្គការនេះអំពីការចាត់តាំង ត្រួតពិនិត្យនិងធានាកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរដើម្បីលាក់បាំងទង្វើរីកសាយភាយអាវុធនុយគ្លេអ៊ែររបស់ខ្លួន ។

    មិនថា ពួកគេប្រើឧបាយកលយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាមូលដ្ឋានមួយគឺ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងប្រទេសទាំងបីពាក់ព័ន្ធនឹងការបន្សុទ្ធអ៊ុយរ៉ានីញ៉ូមដែលអាចប្រើជាអាវុធនិងការផ្ទេរបច្ចេកទេសនិងបរិក្ខារពាក់ព័ន្ធ គឺមានហានិភ័យរីកសាយភាយអាវុធនុយគ្លេអ៊ែរដ៏ធ្ងន់ធ្ងរ ដែលបានល្មើសនឹងគោលបំណងនិងកម្មវត្ថុនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ការនេះបានហួសពីក្របខ័ណ្ឌភារកិច្ចនៃលេខាធិការដ្ឋាននៃអង្គការថាមពលបរមាណូអន្តរជាតិ ដូច្នេះ ចាំបាច់ត្រូវអាស្រ័យដោយរដ្ឋសមាជិកនៃអង្គការនេះរួមគ្នាធ្វើការពិគ្រោះពិភាក្សានិងសម្រេចចិត្ត ។

    របាយការណ៍វិភាគមួយចំនួនបានបង្ហាញថា បច្ចុប្បន្ននេះ រ៉េអាក់ទ័រនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររបស់សហរដ្ឋអាមេរិកនិងអង់គ្លេសសុទ្ធតែបានប្រើប្រាស់សារធាតុបន្សុទ្ធអ៊ុយរ៉ានីញ៉ូមដែលអាចប្រើជាអាវុធនិងមានកម្រិតកំហាប់លើសពី ៩០ ភាគរយ ហើយសហគមន៍អន្តរជាតិបានយល់ឃើញជាទូទៅថា សម្ភារៈអាវុធនុយគ្លេអ៊ែរដែលពួកគេផ្ទេរទៅឱ្យអូស្ត្រាលីក៏ជាសារធាតុបន្សុទ្ធអ៊ុយរ៉ានីញ៉ូមដែលមានកម្រិតកំហាប់ខ្ពស់និងអាចប្រើជាអាវុធផងដែរ ។ អាចឃើញថា កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីគឺជាទង្វើរីកសាយភាយអាវុធនុយគ្លេអ៊ែរយ៉ាងគឃ្លើនដែលមានលក្ខណៈអាក្រក់ក្រៃលែងនិងអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរណាស់ ។

    បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមានភាពច្របូកច្របល់ ហានិភ័យនៃការរីកសាយភាយអាវុធនុយគ្លេអ៊ែរកំពុងកើនឡើង ។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា បច្ចុប្បន្ននេះ ហានិភ័យនៃការប្រើប្រាស់អាវុធនុយគ្លេអ៊ែរប្រហែលមានកម្រិតខ្ពស់បំផុតចាប់ពីសម័យសង្គ្រាមត្រជាក់មក ។ ទាក់ទិននឹងករណីដែលក្រុមតូចរបស់ប្រទេសទាំងបី គឺ អាមេរិក អង់គ្លេសនិងអូស្ត្រាលីបាននិងកំពុងប្រព្រឹត្តទង្វើបញ្ច្រាសទិសចរន្តដែលចង់អូសទាញតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាក់ក្នុងគ្រោះថ្នាក់នៃ"ការចែករំលែកនូវសម្ភារៈអាវុធនុយគ្លេអ៊ែរ" សហគមន៍អន្តរជាតិដាច់ខាតមិនអាចឱបដៃឈរមើលហើយមិនមានសកម្មភាពអ្វីសោះឡើយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស