ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាន
2022-09-15 11:44:19cri
Share with:

ថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Nazarbayev ក្រុង Nur-Sultan រដ្ឋធានីកាហ្សាក់ស្ថានតាមយន្តហោះពិសេសដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន  ប្រមុខរដ្ឋរបស់ប្រទេសទាំងពីរបានធ្វើកិច្ចជំនួបផ្លូវការ ចុះហត្ថលេខានិងចេញផ្សាយផ្សាយសេចក្តីថ្លែងការណ៍រួមរោងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋកាហ្សាក់ស្ថានស្តីពីខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតដោយប្រកាសថា ប្រទេសចិននិងកាហ្សាក់ស្ថាននឹងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅទស្សនទានក្នុងការកសាងសហគមន៍រួមវាសនាតែមួយដែលប្រកបដោយមេត្រីភាពគ្រប់ជំនាន់ មានទំនុកចិត្តចំពោះគ្នាខ្ពស់ និងរួមសុខរួមទុក្ខជាមួយគ្នា 

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ មក នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ ការដែលជ្រើសរើសយកប្រទេសកាហ្សាក់ស្ថានគឺបានបង្ហាញពីកម្រិតខ្ពស់និងភាពវិសេសវិសាលនៃទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន ហើយក៏បានបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅនៃប្រទេសយើងទាំងពីរផងដែរ  កាហ្សាក់ស្ថានជាប្រទេសមានឥទ្ធិពលដ៏សំខាន់មួយនៅអាស៊ីកណ្តាលនិងតំបន់អឺរ៉ាស៊ី ។ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន មិនថាសភាពការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏ភាគីចិននឹងគាំទ្រភាគីកាហ្សាក់ស្ថានក្នុងការគាំពារឯករាជ្យជាតិ អធិបតេយ្យភាពនិងបូរណភាពទឹកដីជានិច្ច គាំទ្រយ៉ាងមុតមាំចំពោះវិធានការកំណែទម្រង់របស់លោកប្រធានាធិបតីដែលដាក់ចេញ ដើម្បីរក្សាស្ថិរភាពនិងការអភិវឌ្ឍនៃប្រទេសទេស ប្រឆាំងយ៉ាងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាហ្សាក់ស្ថានទោះកម្លាំងណាមួយក្តី ។ ប្រទេសចិនជាមិត្តនិងជាដៃគូអាចពឹងផ្អែកនិងជឿទុកចិត្តបានរបស់កាហ្សាក់ស្ថានជានិច្ច 

លោក  Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិនគាំទ្រប្រទេសអាស៊ីកណ្តាលក្នុងការគាំពារសន្តិសុខនយោបាយនិងស្ថិរភាពសង្គម គាំទ្រប្រទេសអាស៊ីកណ្តាលក្នុងការពង្រឹងសមាហរណកម្មនិងកិច្ចសហប្រតិបត្តិការ និងប្រឆាំងនឹងកងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការនៃប្រទេសអាស៊ីកណ្តាល ។ ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងអនុវត្តពហុភាគីនិយមពិតប្រាកដ ។

ជាការឆ្លើយតប លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi Jinping និងសូមជូនពរឱ្យសមាជបក្សកម្មុយនិស្តចិនលើកទី ២០ ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ។ ភាគីកាហ្សាក់ស្ថាននឹងបន្តអនុវត្តគោលនយោបាយចិនតែមួយយ៉ាងមុតមាំមិនងាករេ ។ ឆ្នាំក្រោយជាខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលលើកឡើងដោយលោក Xi Jinping ការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ។ សូមថ្លែងអរគុណចំពោះការគាំទ្រដ៏មានថ្លៃថ្លារបស់ភាគីចិនចំពោះការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កាហ្សាក់ស្ថាន ។ ភាគីកាហ្សាក់ស្ថានរីករាយរួមសហការជាមួយភាគីចិនក្នុងការអនុវត្តឱ្យបានល្អនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីរួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់និងជំរុញការអភិវឌ្ឍរួម ។

នារសៀលថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលមេដាយ"ឥន្ទ្រីមាស"ពីប្រធានាធិបតីកាហ្សាក់ស្ថានលោក Tokayev នៅទីស្តីការប្រធានាធិបតីនៅទីក្រុង Nur-Sultan 



អ្នកបកប្រែ:王幸
ប្លុកពិសេស