វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី “ដៃគូអាស៊ាន” ឆ្នាំ២០២២បានបើកធ្វើនៅភូមិភាគស្វយ័តក្វាំងស៊ីប្រទេសចិន
ថ្ងៃទី១៥ ខែកញ្ញា វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី “ដៃគូអាស៊ាន” ឆ្នាំ២០២២ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលភូមិភាគស្វយ័តក្វាំងស៊ីបានបើកធ្វើនៅទីក្រុងណាននីង។ ភ្ញៀវកិត្តិយសចិននិងអន្តរជាតិជាង១៨០រូបដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៧០ នៃប្រទេសចំនួន ១៧ បានចូលរួមតាមអនឡាញនិងនៅកន្លែងផ្ទាល់ ដើម្បីពិភាក្សាអំពីប្រធានបទ “វៃឆ្លាត រួមបញ្ចូល ប្រមូលផ្តុំកម្លាំង” ក្នុងគោលបំណងជំរុញប្រព័ន្ធសារព័ត៌មានប្រទេសចិននិងបណ្តាប្រទេសអាស៊ានឱ្យធ្វើកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរក្នុងវិស័យកាន់តែច្រើននិងកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកដល់ការបង្កើតសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែស្អិតល្មួត។
លោកLan Tianli ប្រធានរដ្ឋបាលភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ី លោក Yan Xiaoming អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចូលរួមពិធីបើកវេទិកានិងថ្លែងសុន្ទរកថា។ លោក Deng Xijun ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន និងលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជាដែលជិតនឹងឡើងកាន់តំណែងជាអគ្គលេខាធិការអាស៊ានបានថ្លែងសុន្ទរកថាតាមអនឡាញ។
លោក Yan Xiaoming បានលើកឡើងថា កាលពីខែវិច្ឆិកាឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលរំលឹកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ដែលបានចង្អុលបង្ហាញទិសដៅឈានទៅមុខនៃការបង្កើតសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែស្អិតល្មួត។ វេទិកាលើកនេះជារបៀបថ្មីនៃការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសអាស៊ានជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈបន្តធ្វើកិច្ចសហប្រតិបត្តិការដែលរួមគ្នាកសាង ចែករំលែកគ្នានិងឈ្នះ-ឈ្នះគ្នា ដើម្បីជំរុញការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមកពីអរិយធម៌មនុស្សជាតិ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងប្រើប្រាស់ឧត្តមភាពផ្នែកច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា “5G+4K/8K+AI” ដើម្បីបញ្ចូលកម្លាំងចលករថ្មីដល់ការអភិវឌ្ឍបែបច្នៃប្រឌិតថ្មីនៃឧស្សាហកម្មវប្បធម៌ប្រព័ន្ធផ្សព្វផ្សាយនៃពិភពលោក។
លោក Deng Xijun បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានមិនអាចធ្វើបានដោយគ្មានការចូលរួមគាំទ្រយ៉ាងសកម្មពីប្រព័ន្ធសារព័ត៌មាននោះទេ។ យើងត្រូវបន្តពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានថែមទៀត ដើម្បីរួមចំណែកដល់ការស្វែងយល់ពីគ្នា។
លោក កៅ គឹមហួន បានថ្លែងថា សង្ឃឹមថាអាស៊ាននិងចិននឹងបន្តខិតខំក្នុងការបង្កើតទំនាក់ទំនងដែលមានលក្ខណៈស្ថាបនានិងវិជ្ជមាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏ដូចជាបណ្តាស្ថាប័នសារព័ត៌មានរបស់អាស៊ានអាចដើរតួនាទីគន្លឹះក្នុងវិស័យនេះ ដែលនឹងជួយដល់ការបង្កើនទំនុកចិត្តរវាងគ្នា។ យើងចាប់ដៃគ្នាឆ្លើយតបបញ្ហាដែលកំពុងប្រឈមនិងការប្រឈមនៅពេលអនាគត ដើម្បីរួមចំណែកក្នុងការធានាដល់ភាពរុងរឿង សន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាទូទាំងពិភពលោក។
សូមបញ្ជាក់ថា ក្នុងវេទិកានេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានអាស៊ានបានចាប់ដំណើរការនូវកិច្ចសហប្រតិបត្តិការជុំថ្មី គម្រោងសហការសំខាន់ចំនួនពីរក៏បានចាប់ដំណើរការផងដែរ ពោលគឺ «មូលដ្ឋានបណ្តុះបណ្តាលអ្នកល្បីតាមអ៊ីនធើណេតGenZ » និង«Hotline ប្រព័ន្ធសារព័ត៌មានចិន-អាស៊ាន»។
ក្នុងវេទិកាតាមអនឡាញនាថ្ងៃដដែល លោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក An Xiaoyu ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើមបានថ្លែងសុន្ទរកថាដោយឡែកគ្នាស្តីអំពី “ កិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានបែបច្នៃប្រឌិត ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាស៊ាន” ៕