ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសទាំងបីអាមេរិក អង់គ្លេសនិងអូស្ត្រាលីកុំចង់លាក់ឧបាយកលនុយគ្លេអ៊ែរចូលក្នុងហិបសម្ងាត់ឱ្យសោះ
2022-09-14 11:30:59cri
Share with:

    ក្រុមតូចរបស់ប្រទេសទាំងបីគឺអាមេរិក អង់គ្លេសនិងអូស្ត្រាលីចង់ជម្រះនូវកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែរតាមរយៈប្រតិបត្តិការសម្ងាត់ ប៉ុន្តែទីបំផុតទទួលបានបរាជ័យជាលើកទីបួន ។ ពោលគឺ កាលពីថ្ងៃទី១២ខែកញ្ញា ការពិគ្រោះពិភាក្សាលើកទី៤នៃកិច្ចប្រជុំក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានសម្រេចចិត្តដោយឯកភាពគ្នាថា នឹងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីតាមបែបបទបញ្ហាពិភាក្សាជាផ្លូវការដោយឡែក ។ នេះគឺមានន័យថា កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែររវាងប្រទេសទាំងបីគឺមិនអាចដោះស្រាយដោយប្រទេសទាំងបីជាសម្ងាត់នោះទេ ចាំបាច់ត្រូវទទួលការគ្រប់គ្រងពីរដ្ឋសមាជិកនៃអង្គការថាមពលបរមាណូអន្តរជាតិទាំងអស់គ្នា ។

កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានប្រកាសបង្កើតដៃគូសហប្រតិបត្តិការខាងសន្តិសុខត្រីភាគី(AUKUS) ដែលមានផែនការស្នូលគឺអាមេរិកនិងអង់គ្លេសនឹងសហការជួយអូស្ត្រាលីផលិតនាវាមុជទឹកដែលដើរដោយថាមពលនុយគ្លេអ៊ែរ ។ ការពិតនៃការផ្ទេរសម្ភារៈអាវុធនុយគ្លេអ៊ែរក្នុងកិច្ចសហប្រតិបត្តិការនេះគឺការសាយភាយនុយគ្លេអ៊ែរ វានឹងបង្កើនការប្រកួតសព្វាវុធ បំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយនិងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអន្តរជាតិមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ដូច្នេះ បាននាំឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង ។

សូមបញ្ជាក់ថា អាមេរិក អង់គ្លេសនិងអូស្ត្រាលីសុទ្ធតែជាប្រទេសចុះហត្ថលេខីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ដែលគួរតែអនុវត្តតាមកាតព្វកិច្ចមិនរាលដាលអាវុធនុយគ្លេអ៊ែរ ។ ប៉ុន្តែ ប្រទេសទាំងបីនេះ មិនអើពើបញ្ហាពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែរដែលក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានអនុម័តតាមរយៈការពិភាក្សាដោយឯកភាពគ្នា ប៉ុនប៉ងធ្វើការចរចាតាមទំនើងចិត្តជាមួយនឹងលេខាធិការដ្ឋាននៃអង្គការនេះអំពីការចាត់តាំង ត្រួតពិនិត្យនិងធានាកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែរ ដើម្បីលាក់បាំងទង្វើរាលដាលនុយគ្លេអ៊ែរ ។

មិនថាពួកគេប្រើឧបាយកលយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាមូលដ្ឋានមួយគឺ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែររវាងប្រទេសទាំងបីពាក់ព័ន្ធនឹងការបន្សុតអ៊ុយរ៉ាញីញូមថ្នាក់អាវុធនិងការផ្ទេរបច្ចេកទេស និងបរិក្ខារពាក់ព័ន្ធ គឺមានហានិភ័យរាលដាលអាវុធនុយគ្លេអ៊ែរដ៏ធ្ងន់ធ្ងរ ដែលបានល្មើសនឹងគោលដៅនិងកម្មវត្ថុនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ការនេះបានហួសពីក្របខ័ណ្ឌភារកិច្ចនៃលេខាធិការដ្ឋានអង្គការថាមពលបរមាណូអន្តរជាតិ ដូច្នេះ ចាំបាច់ត្រូវឱ្យរដ្ឋសមាជិកនៃអង្គការនេះធ្វើការពិភាក្សានិងសម្រេចចិត្តជាមួយគ្នា ។

បច្ចុប្បន្ននេះ កិច្ចប្រជុំនៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានផ្ចាញ់ប្រតិបត្តិការសម្ងាត់របស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីចំនួនបួនលើកជាប់ៗគ្នា ដែលអាចបង្ហាញថា អ្នកទាំងអស់គ្នាសុទ្ធតែឃើញច្បាស់ថា ការពិតនៃសម្ព័ន្ធ AUKUS គឺឃុបឃិតជាមួយគ្នាដើម្បីធ្វើបដិបក្ខនិងសង្គ្រាមត្រជាក់ ។

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា បច្ចុប្បន្ននេះ ហានិភ័យនៃការប្រើប្រាស់អាវុធនុយគ្លេអ៊ែរប្រហែលមានកម្រិតខ្ពស់បំផុតចាប់ពីយុគសម័យសង្គ្រាមត្រជាក់មក ។ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីជាដាច់ខាតមិនមែនជារឿងឯកជនរបស់ពួកគេនោះទេ ហើយក៏មិនអាចសម្រេចដោយពួកគេតែប៉ុណ្ណោះនោះដែរ ។ តើប្រទេសទាំងបីនេះនឹងអនុវត្តភារកិច្ចបង្ការការរាលដាលអាវុធនុយគ្លេអ៊ែរយ៉ាងណា ពួកគេចាំបាច់ត្រូវផ្តល់ការពន្យល់ដល់ពិភពលោក ។ ពួកគេកុំចង់លាក់បាំងឧបាយកលនុយគ្លេអ៊ែរចូលទៅក្នុងហិបសម្ងាត់ឱ្យសោះ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស