ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសស្រីលង្កាក្រោមលេសនៃបញ្ហាសិទ្ធិមនុស្ស
2022-09-13 16:40:45cri
Share with:

លោក Chen Xu តំណាងប្រទេសចិនប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងទៀតនៅក្រុងហ្សឺណែវប្រទេសស៊្វីសបានថ្លែងក្នុងកិច្ចសន្ទនាលើកទី ៥១ ស្តីពីរបាយការណ៍ស្ថានភាពសិទ្ធិមនុស្សនៃប្រទេសស្រីលង្កាថា ភាគីចិនសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស្រីលង្កាក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ប្រទេសចិនប្រឆាំងនឹងការយកបញ្ហាសិទ្ធិមនុស្សទៅដាក់សម្ពាធលើប្រទេសស្រីលង្កានិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសស្រីលង្កា ។

លោក Chen Xu បានថ្លែងថា ប្រទេសចិនសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ប្រទេសស្រីលង្កាក្នុងការជំរុញនិងការពារសិទ្ធិមនុស្សយ៉ាងសកម្ម ជាពិសេស លើវិស័យជំរុញការផ្សះផ្សា ការស្តារឡើងវិញនិងការប្រឆាំងភេរវកម្មជាដើម ។ ក្នុងនាមជាប្រទេសជិតខាងជាមិត្តរបស់ភាគីស្រីលង្កា ប្រទេសចិនសូមគាំទ្រស្រីលង្កាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិនិងឯករាជ្យភាព គាំពារស្ថិរភាពសង្គមនិងសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ។ ខ្ញុំជឿថា រដ្ឋាភិបាលស្រីលង្កានឹងអាចដឹកនាំប្រជាជនជម្នះលើការលំបាកជាបណ្តោះអាសន្ននេះជាមិនខាន ។ 

លោក Chen Xu បានថ្លែងទៀតថា សេចក្តីសម្រេចចិត្តទាក់ទិននឹងស្រីលង្កានៃក្រុមប្រឹក្សាសិទ្ធិមនុស្សគឺជាផលិតផលនយោបាយ មិនបានអនុវត្តតាមគោលការណ៍យុត្តិធម៌ សត្យានុម័តនិងភាពមិនជ្រើសរើស ដែលមិនទទួលបានការឯកភាពពីប្រទេសសាមីនិងមិនបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញនិងការពារសិទ្ធិមនុស្សរបស់ប្រទេសស្រីលង្កានោះទេ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស