ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណើរឆ្លងឆ្នាំពន្លឺ(ភាគទី ២) — រឿងរ៉ាវរបស់លោក Nan Rendong អ្នកវិទ្យាសាស្ត្រររបស់ប្រជាជនចិន
2022-09-13 10:12:37cri
Share with:


ខ្ញុំប្រឆាំងនឹងគម្រោងរបស់លោក Nan Rendong! នៅក្នុងសិក្ខាសាលាអំពីផែនការគម្រោងតេឡេស្កុបវិទ្យុដ៏ធំដែលរៀបចំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ពាក្យសម្តីរបស់លោក Nan Rendong ប្រៀបដូចជាគប់ដុំថ្មធំមួយដុំចូលទៅក្នុងស្រះទឹកដ៏ស្ងប់ស្ងាត់ បណ្តាលឱ្យមានរលកដ៏ធំសម្បើមមួយរំពេច។ អ្នកដែលចូលរួមសិក្ខាសាលានេះបានជជែកគ្នាដោយមន្ទិលសង្ស័យ ហើយមានអ្នកខ្លះក៏បានសម្ដែងការជំទាស់ដោយចំៗនិងច្បាស់លាស់ថា ពួកយើងធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ត្រូវតែធ្វើតាមសមត្ថភាពរបស់ខ្លួន។ ការអនុវត្តកម្មវិធីតេឡេស្កុបវិទ្យុដ៏ធំអន្តរជាតិ នាំចូលមកប្រទេសចិនកាលពីមុន ខ្ញុំបានបោះឆ្នោតប្រឆាំង។ នេះគឺការចង់សម្រេចគោលដៅដែលប្រាសចាកពីការពិត។ មិនថា សមត្ថភាពវិទ្យាសាស្ត្រជាមូលដ្ឋាន ឬបច្ចេកវិទ្យាវិស្វកម្មនោះទេ ពួកយើងនៅឆ្ងាយពីកម្រិតជឿនលឿនរបស់ពិភពលោកណាស់។ ចេញមកភ្លាម  ចង់ធ្វើគម្រោងតេឡេស្កូបវិទ្យុដែលមានអង្កត់ផ្ចិត៣០០ម៉ែត្រ ជំហាននេះធំពេកហើយ។ ឥឡូវឃើញសហគមន៍អន្តរជាតិមិនទទួលស្គាល់ផែនការគម្រោងរបស់យើង នៅតែចង់ធ្វើម្នាក់ឯងទៀត! មិនបាច់និយាយអីផ្សេងទេ តើលុយបានមកពីណាសម្រាប់គម្រោងធំបែបនេះ?"

មិនមែន៣០០ម៉ែត្រទេ គឺ៥០០ម៉ែត្រ។ ខ្ញុំបានសរសេរក្នុងគម្រោងផែនការហើយ ដីតំបន់Dawodangស្រុកPingtangខេត្តGuizhouអាចទ្រទ្រង់ការសាងសង់តេឡេស្កូបវិទ្យុដែលមានអង្កត់ផ្ចិត៥០០ម៉ែត្របាន។

លោកនិយាយថាម៉េច? ៥០០ម៉ែត្រ?! តេឡេស្កូបAreciboនៅសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទីមួយក្នុងពិភពលោក អង្កត់ផ្ចិតនៃវិស្វកម្មដំណាក់កាលទី១មានត្រឹមតែ៣០៥ម៉ែត្រប៉ុណ្ណោះ ហើយដំណាក់កាលទី២ត្រូវបានពង្រីកដល់៣៥០ម៉ែត្រ។ ចេញមកភ្លាម លោកចង់សាងសង់អង្កត់ផ្ចិត៥០០ម៉ែត្រ ហើយចង់ឱ្យតេឡេស្កូបរបស់លោកជាប់ចំណាត់ថ្នាក់ទី១លើពិភពលោកភ្លាម។ វាជាការស្រមើស្រមៃ!

ខ្ញុំគ្រាន់តែគិតពីផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្ម រចនាតេឡេស្កុបឱ្យមានអង្កត់ផ្ចិត៥០០ម៉ែត្រ មិនមែនស្វែងរកអ្វីដែលគេហៅថា ទីមួយនោះទេ។” Nan Rendong បានរក្សាអត់ធ្មត់ ហើយយកស្លាយមួយផ្ទាំងចេញពីកាតាបរបស់គាត់ ហើយដាក់វានៅលើម៉ាស៊ីនបញ្ចាំងស្លាយ រួចនិយាយថា សូមយកចិត្តទុកដាក់ចំពោះការបញ្ចាំងស្លាយរបស់ខ្ញុំ។ ប្រសិនបើអស់លោកប្រៀបធៀបតេឡេស្កុបវិទ្យុទៅនឹងភ្នែក។ តេឡេស្កុបAreciboរបស់អាមេរិកនៅនឹងថ្កល់ តេឡេស្កុបរបស់យើងគឺជាភ្នែកមួយគ្រាប់ដែលអាចបង្វិលបាន។

លោកNan Rendongផ្អាកមួយសន្ទុះ ក្រឡេកមើលជុំវិញមនុស្សទាំងអស់នៅទីកន្លែងប្រជុំ ហើយបន្តនិយាយថា ធ្វើយ៉ាងម៉េចអាចធ្វើឱ្យភ្នែកនេះវិលទៅ?យើងមិនត្រូវការឱ្យតេឡេស្កុបដែលមានអង្កត់ផ្ចិត៥០០ម៉ែត្រវិលទាំងមូលទេ គ្រាន់តែធ្វើឱ្យទ្រង់ទ្រាយបាតនៃ ខ្ទះខាងក្រោមអាចប្រែប្រួលទៅបានហើយ។

ឥឡូវខ្ញុំសូមសួរថា ពិភពលោកមានតេឡេស្កូបវិទ្យុធំដូចជាAreciboរួចហើយ ហេតុអ្វីបានជាយើងត្រូវសាងសង់មួយផ្សេងទៀតនៅប្រទេសចិន?”

បរិបទនេះ ខ្ញុំបានឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំលើកមុនរួចហើយ។ ដើមប្រភពនៃកម្មវិធីវិទ្យុធំចិន គឺកម្មវិធីតេឡេស្កូបវិទ្យុធំអន្តរជាតិ។ បើប្រៀបធៀបទៅនឹងចក្រវាឡដ៏ធំទូលាយ តើAreciboអង្កត់ផ្ចិតត្រឹមតែ៣០០ម៉ែត្រគ្រប់គ្រាន់ទេ? មុនពេលបរិយាកាសវិទ្យុនៃផែនដីកាន់តែអាក្រក់ទៅៗ វាគឺជាគំនិតឯកភាពរបស់អ្នកតារាវិទូសកល ដើម្បីសាងសង់តេឡេស្កូបវិទ្យុធំដែលលើសពីArecibo។ នេះហើយដែលគេហៅថា បំណងដើម។ ក្រៅពីនេះ  ពេលតេឡេស្កូបវិទ្យុធំរបស់យើងត្រូវបានសាងសង់រួច វាអាចសង្កេតរួមជាមួយAreciboនិងVLA ដើម្បីទទួលបានការគ្របដណ្តប់លើផ្ទៃអាកាសធំជាងនេះ។ តេឡេស្កុបវិទ្យុធំរបស់ប្រទេសចិននឹងរួមចំណែកដល់ការរុករកអាថ៌កំបាំងនៃចក្រវាឡ។ នេះមិនមែនជាការសាងសង់ស្ទួនទេ!

ហេតុអ្វីចាំបាច់ធ្វើដោយប្រទេសចិន? រុស្ស៊ីមិនមានធ្វើទេ អឺរ៉ុបក៏មិនទទួលធ្វើដែរ

រុស្ស៊ីមិនទាន់បានជាសះស្បើយពីការព្យាបាលសេដ្ឋកិច្ចទេ បរិយាកាសអេឡិចត្រូម៉ាញេទិកនៅអឺរ៉ុបមិនអាចគាំទ្រពួកគេឱ្យចូលរួមក្នុងគម្រោងវិទ្យុដ៏ធំបែបនេះបានឡើយ។" លោកNan Rendong នឹងបន្តជជែកតាមហេតុផលតទៅទៀត។ នៅពេលនេះ លោកZhou Guangzhaoប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិនបានលើកដៃធ្វើសញ្ញាមួយ បញ្ឈប់សុន្ទរកថារបស់Nan Rendong

    កិច្ចប្រជុំនៅថ្ងៃនេះបានប្រព្រឹត្តទៅដោយល្អ។ ភាគីនានាសុទ្ធតែបានបញ្ចេញមតិរបស់ខ្លួន។ ពួកយើងខានបានបញ្ចេញមតិយោបល់បែបសេរីនេះយូរមកហើយ។ ឥឡូវ សូមឱ្យខ្ញុំនិយាយប៉ុន្មានម៉ាត់។នៅពេលដំបូងដែលពួកយើងស្រាវជ្រាវបង្កើតគ្រាប់បែកបរមាណូ ទំនាក់ទំនងរវាងចិន-សូវៀតនៅតែល្អណាស់។ ក្រោយមក ដោយសារហេតុផលដែលគ្រប់គ្នាសុទ្ធតែដឹង អ្នកជំនាញសូវៀតបានដកខ្លួនចេញ។ យើងបង្កើតគ្រាប់បែកបរមាណូដោយឯករាជ្យខ្លួនឯង។ យើងបានបន្តប្រើប្រាស់ទិន្នន័យដែលបានផ្តល់ដោយសូវៀត ហើយបន្តធ្វើការទៅមុខទៀត ប៉ុន្តែបានរកឃើញថា យើងធ្វើយ៉ាងម៉េច ក៏ធ្វើមិនបានដែរ។ នៅពេលនោះ ខ្ញុំបានចង្អុលបង្ហាញថា ទិន្នន័យដែលផ្តល់ដោយសូវៀតគឺខុស! នេះបានបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំង។ តើទិន្នន័យរបស់អ្នកជំនាញសូវៀតអាចខុសយ៉ាងដូចម្តេច? បញ្ហាប្រាកដជាមកពីខាងយើង! ខ្ញុំមិនជឿទេ ខ្ញុំចាប់ផ្តើមការគណនាតាំងពីដំបូង ហើយបន្ទាប់ពីជាច្រើនថ្ងៃច្រើនយប់ ទីបំផុតខ្ញុំបានវិធីបញ្ច្រាស បញ្ជាក់បង្ហាញថា ទិន្នន័យសូវៀតខុស! ខ្ញុំតែងតែមានជំនឿថា អ្វីដែលជនបរទេសអាចធ្វើបាន យើងចិនក៏អាចធ្វើបានដូចគ្នា។ អ្វីដែលបរទេសធ្វើមិនបាន ហេតុអ្វីយើងមិនអាចសាកល្បងបាន? ត្រូវតែមើលអ្វីៗដោយចក្ខុវិស័យអភិវឌ្ឍន៍។ ឥឡូវនេះ យើងមានភាពទន់ខ្សោយផ្នែកវិទ្យាសាស្ត្រជាមូលដ្ឋាន ដែលជាការអាម៉ាស់មួយសម្រាប់យើងនៅទីនេះ ប៉ុន្តែមិនមែនជាហេតុផលសម្រាប់ការជាប់គាំងរបស់យើងនោះទេ។

លោកZhou Guangzhao បានងាកទៅ Nan Rendong ហើយនិយាយថា "លោកNan ប៉ុន្មានឆ្នាំកន្លងទៅនេះ ខ្ញុំតែងតែមានអារម្មណ៍មិនសុខចិត្តបន្តិចអំពីអសមត្ថភាពរបស់ខ្ញុំក្នុងការគាំទ្រគម្រោងរលកវិទ្យុដ៏ធំមួយនេះនៅពេលនោះ។ ខ្ញុំសូមតាងនាមវិទ្យាស្ថានបញ្ចេញមតិប្រាប់លោកថា គម្រោងរលកវិទ្យុដ៏ធំនេះនឹងបន្តធ្វើ បើចុងក្រោយអង្គការអន្តរជាតិមិនបានរើសយកចិន យើងនឹងធ្វើវាដោយខ្លួនឯង!»

នៅថ្ងៃមួយក្នុងខែសីហា ឆ្នាំ ២០០៦ សហភាពតារាសាស្ត្រអន្តរជាតិបានធ្វើមហាសន្និបាតនៅទីក្រុងប្រាក រដ្ឋធានីប្រទេសឆេក។ ផែនការជ្រើសរើសទីតាំងសម្រាប់គម្រោងតេឡេស្កុបវិទ្យុ SKA គីឡូម៉ែត្រការ៉េដែលដាក់ជូនដោយលោក Nan Rendong និងអ្នកវិទ្យាសាស្ត្រចិនផ្សេងទៀតត្រូវបានបដិសេធ។

នៅខែកក្កដាឆ្នាំ ២០០៧ មួយឆ្នាំបន្ទាប់ពីប្រទេសចិនមិនត្រូវបានជ្រើសរើសជាទីតាំងសម្រាប់គម្រោង SKA អន្តរជាតិ គម្រោងវិស្វកម្មវិទ្យុតេឡេស្កុបដ៏ធំដែលដឹកនាំដោយលោក Nan Rendong ត្រូវបានអនុម័តដោយគណៈកម្មាធិការកំណែទម្រង់និងការអភិវឌ្ឍជាតិចិន ហើយគម្រោងនេះត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា Five-hundred-meter Aperture Spherical Telescope ដែលត្រូវហៅកាត់FAST។ ឈ្មោះនេះត្រូវបានផ្តល់ដោយ Nan Rendong ដែលមានន័យថា "លឿន" ។

ដូចដែល Nan Rendong បានរំពឹងទុក ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន គម្រោង FAST បានដំណើរការដោយល្បឿនយ៉ាងលឿន ។អំឡុងដែលគម្រោងនេះត្រូវបានអនុវត្ត Nan Rendong បានដឹកនាំវិស្វករនិងអ្នកបច្ចេកទេសទៅកាន់ Dawodang ដែលស្ថិតនៅក្នុងទីជ្រៅនៃភ្នំខេត្ត Guizhou ដើម្បីធ្វើការស្ទង់មតិនិងសាងសង់នៅនឹងកន្លែង ដើម្បី រៀបជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គម្រោងតាមដាន FAST

     បន្ទាប់ពីរយៈពេលបួនឆ្នាំនៃការស្ទង់មតិដំណាក់កាលបឋម ការគូសផែនទី និងការសាងសង់ភូមិសាស្ត្រ គម្រោង FAST បានចូលដល់ដំណាក់កាលដំឡើងរចនាសម្ព័ន្ធតេឡេស្កុបជាផ្លូវការនៅឆ្នាំ ២០១១។ សមាសធាតុលោហៈធំៗជាច្រើនត្រូវបានគេដឹកទៅដល់Dawodang។ កន្លែងដែលស្ងប់ស្ងាត់រាប់រយលានឆ្នាំនេះបានផ្លាស់ប្តូរហើយ។ ប៉ុន្តែចំពេលនេះ បញ្ហាដ៏ធ្ងន់ធ្ងរមួយបានលេចឡើងនៅចំពោះមុខ Nan Rendong

ផ្ទៃចំណាំងនៃ FAST គឺអាចផ្លាស់ទ្រង់ទ្រាយបាន។ តែផ្ទៃឆ្លុះបញ្ចាំងនៃ FASTនេះ មិនមែនជាផ្ទៃទាំងមូលតែមួយទេ វាផ្គុំឡើងដោយបន្ទះចល័តជាង៤ពាន់បន្ទះ។ លោកNan Rendong និងវិស្វករផ្សេងទៀតរបស់លោកបានបង្កើតគំនិតដ៏អស្ចារ្យមួយគឺ៖ ប្រើសំណាញ់ដែកដែលគ្រប់គ្រងដោយកុំព្យូទ័រដើម្បីលាតសន្ធឹងបន្ទះដែលអាចចល័តបានទាំងនេះនៅខាងក្រោម ដើម្បីសម្រេចបាននូវគោលបំណងនៃការផ្លាស់ទ្រង់ទ្រាយផ្ទៃចំណាំង។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការនៃការសម្រេចបាន ពួកគេបានជួបឧបសគ្គដ៏ធំមួយ ពោលគឺខ្សែដែកដែលបំពេញតាមស្តង់ដារបស់វិស្វកម្ម FAST មិនមាននៅក្នុង និងក្រៅប្រទេសទាំងអស់។

ក្រុមការងាររបស់ Nan Rendong បានគណនាថា សំណាញ់ខ្សែដែករបស់ FAST ត្រូវតែអាចទប់ទល់នឹងការលាតសន្ធឹងពីរលានដងដោយមិនដាច់បាន។ ពួកគេបានទាក់ទងជាមួយក្រុមហ៊ុនផលិតខ្សែដែកជុំវិញពិភពលោក ហើយធ្វើការសាកល្បងផលិតផលដែលពួកគេបានផ្តល់ជូន។ នៅទីបំផុត គេបានរកឃើញថា គ្មានខ្សែដែកក្នុងស្រុកឬបរទេសណាអាចឆ្លងកាត់ការធ្វើតេស្តនេះបានឡើយ។ ប្រសិនបើមិនមានខ្សែដែកដែលស្របតាមស្តង់ដាទេ គម្រោង FAST នឹងត្រូវផ្អាកនិងពន្យារពេល។ លោក Nan Rendong មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងនេះ។

«លោក Nan ខ្សែដែករបស់ក្រុមហ៊ុនខ្ញុំមិនមានបញ្ហាទេ សូមមើលមើល៍ វាមិនខុសឆ្ងាយពីសន្ទស្សន៍ដែលលោកទាមទារនោះទេ!" នៅយប់នោះ អ្នកតំណាងក្រុមហ៊ុនផ្គត់ផ្គង់បានដើរតាមក្រោយលោក Nan Rendong ដើម្បីសម្រុះសម្រួលគាត់ដោយនិយាយថា "ការលាតសន្ធឹងពីរលានដងគ្រាន់តែជាតួរលេខតារាសាស្ត្រ ហើយវាមិនចាំបាច់ទេ។ ខ្សែដែករបស់យើងត្រូវបានប្រើប្រាស់ក្នុងគ្រប់មជ្ឈដ្ឋាននិងគ្រប់សហគ្រាស ហើយគ្មានក្រុមហ៊ុនណាដែលធ្លាប់ដាក់លក្ខខណ្ឌដ៏ជ្រុលបែបនេះមកលើពួកយើងទេ»

Nan Rendong ឈប់ភ្លាម ងាកទៅមើលអ្នកផ្គត់ផ្គង់ហើយថ្លែងថា៖ "លេខតារាសាស្ត្រ! ថ្ងៃនេះខ្ញុំនឹងផ្តល់ចំណេះដឹងវិទ្យាសាស្រ្តអំពីលេខតារាសាស្ត្រឱ្យលោកយល់!"

ភ្លៀងរលឹមមិនដឹងធ្លាក់ពីលើមេឃតាំងពីពេលណាមក ។

Nan Rendong លាតដៃ ហាក់ដូចជាចង់ចាប់តំណក់ភ្លៀងធ្លាក់ពីលើមេឃ។ គាត់បាននិយាយទៅកាន់ពាណិជ្ជករផ្គត់ផ្គង់ថា "លោកលាតដៃរបស់លោកចេញមក ដូចខ្ញុំនេះ" គាត់បាននិយាយទៅកាន់ពាណិជ្ជករផ្គត់ផ្គង់។

"ធ្វើអីហ្នឹង?"

Nan Rendong បន្តនិយាយដោយខ្លួនឯងថា៖ «តេឡេស្កុបវិទ្យុទាំងអស់នៅលើផែនដីនេះ បើបូករលកវិទ្យុខ្សោយដែលវាទទួលបានជារៀងរាល់ថ្ងៃពីតារាក្នុងចក្រវាឡហើយថាមពលរបស់វាមិនគ្រប់គ្រាន់សម្រាប់តំណក់ទឹកភ្លៀងតែមួយនេះធ្លាក់មកលើដៃខ្ញុំទេ ហេតុអ្វី? ពីព្រោះប្រព័ន្ធចក្រវាឡគឺធំធេងណាស់ ភាពធំទូលាយនេះគឺនៅក្នុងន័យពីរគឺពេលវេលានិងលំហ។ បើប្រៀបធៀបជាមួយប្រព័ន្ធចក្រវាឡ មនុស្សយើងមិនសំខាន់ទេ មិនស្មើនឹងធូលីដីផង។

Nan Rendong ចាប់ផ្តើមដកដង្ហើមយ៉ាងខ្លាំងពេលគាត់និយាយដល់ចំណុចនេះ។ គាត់បានទះទ្រូងរបស់គាត់ដោយដៃម្ខាង ហើយបង្វិលដៃម្ខាងទៀតទៅលើអាកាស ហើយនិយាយថា៖ "ប៉ុន្តែតារាវិទូរបស់ពួកយើង ត្រូវប្រើជីវិតមានកំណត់របស់ពួកយើងដើម្បីវាស់ចក្រវាឡដែលគ្មានកំណត់! លោកបានប្រើម្រាមដៃចង្អុលបុគ្គលិកបច្ចេកទេសនៃក្រុម FAST នៅឯកន្លែងសាកល្បង ហើយបាននិយាយថា "ពួកគេជាច្រើនប្រើពេលវេលាមួយជីវិតរបស់ពួកគេ មកគ្រាន់តែកត់ត្រា និងរៀបចំតួលេខលើក្រដាសពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើគឺធ្វើមួយជីវិត ។ តារាវិទូមួយជំនាន់ហើយមួយជំនាន់ទៀត បន្តវេនឥតឈប់ឈរ ប្រើជីវិតរបស់ខ្លួនដើម្បីគ្រាន់តែមើលផ្កាយក្នុងចក្រវាឡ»

អគ្គនាយក Nan ខ្ញុំយល់ហើយ

"ខ្ញុំនិយាយមិនទាន់ចប់ទេ រលកវិទ្យុពីជម្រៅនៃចក្រវាឡ វាជាសញ្ញាមែនទេ? មានសំឡេងរំខាន តើមានអ្វីប្លែក? ត្រូវវិនិច្ឆ័យដោយរបៀបណា? ប្រសិនបើភាពត្រឹមត្រូវនៃតេឡេស្កុបត្រូវបានផ្លាស់ប្តូរដោយសារតែការបរាជ័យនៃខ្សែដែក នោះ លទ្ធផលសង្កេតនឹងមានការលើសខ្វះ ។ ពួកយើងដែលចូលរួមវិស្វកម្មសាងសង់នេះ មិនគប្បីចំពោះតារាវិទូទេ។” Nan Rendong ផ្អាកនិយាយមួយសន្ទុះ សំឡេងរបស់គាត់បន្ទាបចុះបន្តិច រួចបន្តថា"ការសង្កេតតារាសាស្ត្រគឺជារឿងហួសពីដែនកំណត់ ។ ដោយសារតែយើងកំពុងទាក់ទងជាមួយចក្រវាឡ ហើយចក្រវាឡគឺជាអត្ថិភាពខ្លាំង ។ រឿងនេះពិតជារឿងលំបាកសម្រាប់អ្នកទាំងអស់គ្នា ពីព្រោះអ្នកទាំងអស់គ្នាមិនដែលធ្វើការខាងវិស័យនេះទេ ។ ខ្ញុំមិនចង់បង្ខំអ្នកទាំងអស់គ្នាទៀតទេ ។

បន្ទាប់ពី Nan Rendong និយាយចប់ គាត់ក៏ដាក់ដៃនៅពីក្រោយខ្នង រៀបនឹងចាកចេញ។ តំណាងអ្នកផ្គត់ផ្គង់បានរត់ទៅមុខ Nan Rendong និយាយថា៖ "លោក Nan ! សូមផ្តល់ឱកាសឱ្យពួកយើងម្តងទៀត! ពួកយើងមិនបានដឹងច្បាស់អំពីសារៈសំខាន់នៃគម្រោង FAST ពីមុនមកទេ។ លោកបានបង្រៀនមេរៀនដ៏ល្អមួយដល់ខ្ញុំនៅថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់ទៅវិញពេលនេះដើម្បីរាយការណ៍ជូនទីស្នាក់ការកណ្តាល។ យើងចង់អភិវឌ្ឍខ្សែដែកដែលមានភាពធន់ខ្លាំងបំផុតសម្រាប់គម្រោង FAST ។ ទោះបីជាវាទទួលបានការបញ្ជាទិញពីលោកតែមួយគត់ក៏ដោយ យើងនឹងអភិវឌ្ឍវាដោយមិនគិតថ្លៃអ្វីទាំងអស់! ដោយសារតែអាចចូលរួមក្នុងបុព្វហេតុដ៏អស្ចារ្យបែបនេះដើម្បីស្វែងយល់ពីចក្រវាឡ។ នេះក៏ជួយជំរុញបង្កើនគុណតម្លៃនៃម៉ាកយើង គឺមិនអាចប្រៀបផ្ទឹមបានជាមួយគម្រោងផ្សេងទៀតបានឡើយ! សូមផ្តល់ឱកាសឱ្យពួកយើងម្តងទៀត។ លោក Nan!”

ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់ Nan Rendong ក្រុមវិស្វករ FAST និងពាណិជ្ជករផ្គត់ផ្គង់ ហើយបន្ទាប់ពីការបរាជ័យក្នុងការធ្វើតេស្តរាប់រយដង នៅទីបំផុត ប្រទេសចិនបានបង្កើតខ្សែកាបពិសេសមួយដែលមានកម្លាំងធន់ 500 MPa អាចធន់នឹងការទាញចំនួន ២ លានដង។

Nan Rendong និងក្រុមវិស្វករ FAST របស់គាត់បានលើកកម្ពស់ស្តង់ដារឧស្សាហកម្មរបស់ប្រទេសចិនក្នុងវិស័យវិទ្យាសាស្ត្រសម្ភារៈ បច្ចេកវិទ្យាសមាហរណកម្ម opto-mechanical ការរចនានិងការសាងសង់រចនាសម្ព័ន្ធពិសេសខ្នាតធំ ឱ្យឡើងដល់កម្រិតខ្ពស់គ្រប់ជ្រុងជ្រោយ ។

នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៥  ក្រុមវិស្វករ FAST បានដំឡើងខ្សែកាបចុងក្រោយ ហើយការដំឡើងសំណាញ់ខ្សែកាបធំបានបញ្ចប់ ក្តីបំណងនៃការរចនារបស់ Nan Rendong បានសម្រេច។

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០១៥  Nan Rendong ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសួតធ្ងន់ធ្ងរ ហើយបានធ្វើការវះកាត់ទ្រង់ទ្រាយធំ។

នៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំដដែល កាប៊ីន feed ដែលជាផ្នែកស្នូលបំផុតនៃគម្រោង FAST សម្រាប់ការទទួល និងបញ្ជូនរលកសញ្ញា ត្រូវបានដំឡើងដោយជោគជ័យ។ ដូចការប៉ានប្រមាណរបស់លោក Nan Rendong នៅឯកិច្ចប្រជុំជជែកគម្រោងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនកាលពីប៉ុន្មានឆ្នាំមុន កាប៊ីន feed នេះមានទម្ងន់ស្រាលជាងកាប៊ីន feed នៃតេឡេស្កុប Arecibo របស់សហរដ្ឋអាមេរិកគឺមានទម្ងន់ត្រឹមតែ ៣០ តោនប៉ុណ្ណោះ។

នៅថ្ងៃដំឡើងកាប៊ីន feed ដោយជោគជ័យ លោក Nan Rendong បានលើកដៃស្តាំឡើងលើមួកសុវត្ថិភាពនៅនឹងកន្លែង ហាក់បីដូចជាធ្វើគារវៈកិច្ចចំពោះកាប៊ីននេះ ។ លោកមានស្នាមញញឹមដោយបង្ហូរទឹកភ្នែក ។

នៅខែកក្កដា ឆ្នាំ២០១៦ បន្ទះចំណាំងចុងក្រោយរបស់ FAST ត្រូវបានដំឡើងរួចរាល់។ ស្ថានភាពសុខភាពរបស់ Nan Rendong កាន់តែអាប់អួរទៅៗ ហើយសុខភាពរបស់គាត់មិនអនុញ្ញាតិឱ្យគាត់ធ្វើជាសាក្សីនៅនឹងកន្លែងក្នុងគ្រាដ៏អស្ចារ្យនេះឡើយ។

នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ មួយថ្ងៃមុនពិធីសម្ពោធន៍ FAST លោក Nan Rendong បានត្រឡប់ទៅតំបន់ Dawodang គាត់ចង់ធ្វើជាសាក្សីនៃការសម្រេចក្ដីសុបិនរបស់ខ្លួនដោយផ្ទាល់។

ល្ងាចថ្ងៃនេះ ថ្ងៃជិតលិចហើយ Nan Rendong បានជិះរថយន្តទៅដល់កន្លែងគយគន់ទេសភាពនៅក្បែរ FAST។  ពីទីនេះ គេអាចមើលសំណង់ FAST ទាំងមូលពីលើអាកាស ។ Nan Rendong បានចុះពីរថយន្ត ជំនួយការចង់ជួយគាត់  ប៉ុន្តែគាត់បានបដិសេធ ។ គាត់បានទទូចចង់ដើរដោយខ្លួនឯង ។ គ្រប់គ្នាបានឃើញថា Nan Rendong ដើរយឺតៗយ៉ាងរឹងមាំនៅចំពោះមុខព្រះអាទិត្យលិច។

Nan Rendong បានដើរទៅកាន់វេទិកាគយគន់ទេសភាព ហើយឃើញថា ផ្ទៃចំណាំងនៃ FAST គឺដូចជាចានប្រាក់ដ៏ធំដែលបង្កប់នៅលើភ្នំដ៏ធំ បញ្ចេញពន្លឺចិញ្ចាំងចិញ្ចាចក្រោមពន្លឺព្រះអាទិត្យរាបអស្ដង្គត។ កាប៊ីនfeed មានពណ៌ប្រាក់ ដូចជាយានអវកាសដែលព្យួរពីលើផ្ទៃចំណាំងដ៏ធំ។ ប៉មដែកទាំង ៦ ដែលគាំទ្រកាប៊ីន feed បានដាក់ពង្រាយជុំវិញផ្ទៃចំណាំងដោយមានចន្លោះស្មើគ្នា និងមានកម្ពស់ខ្ពស់រហូតកប់ពពក។ រំលឹកដល់អតីតកាលវិញ Nan Rendong មានការរំជួលចិត្តយ៉ាងខ្លាំង ។

នៅថ្ងៃបន្ទាប់ FAST បានបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់។ វាជាតេឡេស្កុបវិទ្យុដែលមានព្យាសតែមួយដ៏ធំបំផុត និងវៃយឆ្លាតបំផុតលើពិភពលោក ដែលរចនានិងសាងសង់ ដោយប្រទេសចិនតែម្នាក់ឯង ។ FAST បានចំណាយពេលសាងសង់សរុប ៥ ឆ្នាំកន្លះ ។

នៅយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៧  ក្រោយពីពិធីដាក់ឱ្យប្រើប្រាស់ FASTមិនដល់មួយឆ្នាំផង លោក Nan Rendong បានទទួលមរណភាពក្នុងអាយុ ៧២ ឆ្នាំ។             

នៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៩ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋ ផ្តល់គ្រឿងឥស្សរិយយស"អ្នកវិទ្យាសាស្ត្រប្រជាជន" ជូនលោក Nan Rendong

នៅខែមិថុនា ឆ្នាំ ២០២២ លោកសាស្ត្រាចារ្យ Zhang Tongjie អ្នកវិទ្យាសាស្ត្រនៃការស្វែងរកអរិយធម៌ក្រៅភពរបស់ប្រទេសចិន បានបង្ហើបឱ្យដឹងថា ក្រុមការងាររបស់គាត់បានប្រើប្រព័ន្ធ FAST ដើម្បីស្វែងរកករណីមួយចំនួននៃ "ដានបច្ចេកទេស" និង "សញ្ញាបេក្ខភាពអរិយធម៌ក្រៅភព" ពីខាងក្រៅផែនដី ។ លោក Zhang Tongjie បានថ្លែងថា សញ្ញាទាំងនេះគឺជាសញ្ញាអេឡិចត្រូម៉ាញ៉េទិចតូចចង្អៀតមួយចំនួនដែលខុសពីអតីតកាល ហើយពេលបច្ចុប្បន្ន ក្រុមការងារនេះកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស