ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបសម្របសម្រួលគោលនយោបាយនិងគោលជំហរខាងថាមពល ដើម្បីឆ្លើយតបនឹងតម្លៃថាមពលខ្ពស់
2022-09-10 14:17:21cri
Share with:

កាលពីថ្ងៃទី៩ខែកញ្ញា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីថាមពលនៃសហភាពអឺរ៉ុបបានបើកធ្វើនៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ីក ។ រដ្ឋមន្ត្រីថាមពលរបស់រដ្ឋសមាជិកចំនួន២៧នៃសហភាពអឺរ៉ុបឯកភាពគ្នាថា នឹងតាក់តែងវិធានការបន្ទាន់ក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយតម្លៃថាមពលដែលកើនឡើងឥតឈប់ឈរ ។

ចាប់ពីផ្ទុះវិបត្តិអ៊ុយក្រែនមក ដោយសាររងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ការផ្គត់ផ្គង់ថាមពលនៅអឺរ៉ុបមានភាពតានតឹង តម្លៃកម្លាំងអគ្គិសនីនិងឧស្ម័នធម្មជាតិបានកើនឡើងយ៉ាងខ្លាំង ដែលបានបង្កជាកម្លាំងសម្ពាធដ៏ធំចំពោះស្ថានការណ៍អតិផរណាអឺរ៉ុបនិងសេដ្ឋកិច្ចសហភាពអឺរ៉ុប ។

តាមការផ្សាយដំណឹងឱ្យដឹងថា គណៈកម្មាធិការសហភាពអឺរ៉ុបគ្រោងនឹងដាក់ចេញវិធានការបន្ទាន់ដែលបូករួមទាំង សម្របសម្រួលឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបកាត់បន្ថយតម្រូវការខាងកម្លាំងអគ្គិសនី ដាក់កំហិតលើកម្រិតខ្ពស់បំផុតនៃចំណូលក្រុមហ៊ុនថាមពលអគ្គិសនីដែលមានដើមទុនទាប ហូតពន្ធចំពោះចំណេញនៃក្រុមហ៊ុនថាមពលអគ្គិសនីដើរដោយឥន្ធនៈហ្វូស៊ីល តាក់តែងវិធានការធ្វើអន្តរគមន៍ជាបន្ទាន់និងបណ្តោះអាសន្ន ដែលបូករួមទាំងការគិតពិចារណាពីការដាក់កំហិតកម្រិតខ្ពស់បំផុតនៃតម្លៃឧស្ម័នធម្មជាតិជាដើម ។

តាមការប៉ាន់ប្រមាណ គណៈកម្មាធិការសហភាពអឺរ៉ុបនឹងប្រកាសភាពលម្អិតនៃសេចក្តីសំណើអំពីវិធានការបន្ទាន់នៅសប្តាហ៍ក្រោយ ហើយប្រគល់ឱ្យរដ្ឋាភិបាលនៃរដ្ឋសមាជិកនានាពិភាក្សា ។ រដ្ឋមន្ត្រីថាមពលនៃសហភាពអឺរ៉ុបនឹងបើកធ្វើកិច្ចប្រជុំម្តងទៀត ដើម្បីពិគ្រោះពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ចុងក្រោម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស