ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនដែលមានភាពធន់យ៉ាងខ្លាំងគឺជា"ភាពរស់រវើកថ្មី"សម្រាប់លើកកម្ពស់សេដ្ឋកិច្ចពិភពលោក
2022-09-09 17:13:28cri
Share with:

    "តាំងពីចូលឆ្នាំនេះមក ការលក់ដូរផលិតផលរបស់ក្រុមហ៊ុនមានភាពសន្ទុះខ្លាំងក្លាដោយទទួលបានការបញ្ជាទិញពីអឺរ៉ុបនិងសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ។ នាពេលបច្ចុប្បន្ននេះ ការបញ្ជាទិញត្រូវបានចាត់ចែងរហូតដល់ខែតុលាឆ្នាំនេះហើយ ។" ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃសហគ្រាសផលិតគ្រឿងបង្គុំរថយន្តដូចជាបូមរដយន្តshock absorber ជាដើមបានថ្លែងដូចពោលខាងលើទៅកាន់ប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ ។

    នេះគឺជាការពន្យល់ដ៏រស់រវើកមួយចំពោះការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ យោងតាមទិន្នន័យនាំចេញនាំចូលនៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនប្រចាំខែសីហា ឆ្នាំនេះដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ៧ ខែកញ្ញាបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបជាមួយបរទេសនៃប្រទេសចិនបានឡើងដល់ ២៧,៣ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ១០,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងនោះ ការនាំចេញបានកើនឡើង ១៤,២ ភាគរយ ឯការនាំចូលបានកើនឡើង ៥,២ ភាគរយ ។ ក្នុងបរិបទនៃការបង្អង់ល្បឿនកើនឡើងនៃសេដ្ឋកិច្ចសកលនិងតម្រូវការពាណិជ្ជកម្មអន្តរជាតិត្រូវបានកាត់បន្ថយ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបជាមួយបរទេសនៃប្រទេសចិនសម្រេចបាននូវកំណើនយ៉ាងនឹងនរ គឺបានមកដោយមិនងាយទេដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសយ៉ាងលេចធ្លោ គឺ មានភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា ។

    ក្នុងនោះ ក្នុងនាមជាកម្លាំងចលករនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន សមិទ្ធផលរបស់សហគ្រាសឯកជនគឺ គួរឱ្យកត់សម្គាល់ ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំនាំចូលនាំចេញរបស់សហគ្រាសឯកជនបានឡើងដល់ ១៣,៦៨ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ១៤,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ខ្ពស់ជាង ៤,៨ ភាគរយដែលជាល្បឿនកំណើនជាទូទៅនៃទូទាំងប្រទេសចិន ត្រូវជា ៥០,១ ភាគរយនៃទំហំទូទៅនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ ការអភិវឌ្ឍផលិតផលថ្មី ការត្រួតត្រាយទីផ្សារថ្មី ការកែសម្រួលនិងលើកកម្ពស់កម្រិតថ្នាក់នៃការធ្វើឌីជីថលូបនីយកម្មនិងស្វែងរកមុខរបរនិងរូបមន្តថ្មីនៃធុរកិច្ចអេឡិចត្រូនិចឆ្លងដែនជាដើម ។ល។ កម្លាំងរស់រវើកនៃសហគ្រាសឯកជនទទួលបានការឆ្លុះបញ្ចាំងដោយផ្ទាល់ពីទិន្នន័យអំពីការនាំចេញនាំចូល ។

    លើសពីនេះទៅទៀត កម្លាំងរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏បានមកពីការធ្វើពិពិធកម្មបង្កើតរចនាសម័្ពន្ធនៃទីផ្សារផងដែរ ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សមាគមអាស៊ាន សហភាពអឺរ៉ុបនិងអាមេរិកជាដើមបានកើនឡើង ១៤ ភាគរយ ៩,៥ ភាគរយនិង១០,១ ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងពេលដំណាលគ្នា ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានកើនឡើង ២០,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ឯទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយរដ្ឋសមាជិកចំនួន ១៤ ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP បានកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ហើយផលប្រយោជន៍ពីគោលនយោបាយ RCEP កំពុងលេចចេញឥតឈប់ឈរ ។

    ព្រមពេលជាមួយគ្នានេះ កម្លាំងរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏គឺនៅត្រង់ការធ្វើតាមនិន្នាការ ពង្រីកឧត្តមភាពរបស់ខ្លួន ក៏ដូចជាផ្តល់នូវអ្វីដែលពិភពលោកត្រូវការផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មរថយន្តថាមពលថ្មីរបស់ប្រទេសចិនទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ហើយកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់វាត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ការនាំចេញរថយន្តថាមពលថ្មីរបស់ប្រទេសចិនបានកើនឡើងលើសពី ៩០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដែលបានក្លាយជាចំណុចលេចធ្លោនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។

    សូមបញ្ជាក់ថា នៅថ្ងៃទី ៨ ខែកញ្ញា កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងវិនិយោគចិនអន្តរជាតិលើកទី ២២ បានបើកធ្វើនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន ។ ពាណិជ្ជករដែលមកពីប្រទេសនិងតំបន់សរុបប្រហែល ៧០ បានចូលរួមពិព័រណ៍តាមរបៀបអនឡាញឬនៅកន្លែងផ្ទាល់ ។ នេះគឺជាវេទិកាសាធារណៈមួយទៀតសម្រាប់ជំរុញការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិដែលប្រទេសចិនផ្តល់ដល់ពិភពលោក ។ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនដែលមានភាពធន់យ៉ាងខ្លាំងគឺជា"ភាពរស់រវើកថ្មី"សម្រាប់លើកកម្ពស់សេដ្ឋកិច្ចពិភពលោកជាប់ជានិច្ច ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស