ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អឺរ៉ុបគួរតែពិចារណាពីកំហុសរបស់ខ្លួនថា តើត្រូវដើរតាមតែអាមេរិកនិងចាញ់បោកម្តងហើយម្តងទៀតទេឬ ?
2022-09-08 10:46:39cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ ភាគីរុស្ស៊ីបានអះអាងថា ដោយមកពីបរិក្ខារជាច្រើនកន្លែងកើតមានបញ្ហា ដូច្នេះ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ១ នឹងបញ្ឈប់ការបង្ហូរឧស្ម័នទាំងស្រុង រហូតដល់បញ្ហាត្រូវបានដោះស្រាយ។ ដោយមកពីបរិមាណឧស្ម័នធម្មជាតិរបស់រុស្ស៊ីដែលបង្ហូរទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរខ្សែនេះ ត្រូវជា៤០ភាគរយនៃបរិមាណនាំចេញឧស្ម័នធម្មជាតិទៅអឺរ៉ុបរបស់រុស្ស៊ីនៅឆ្នាំមុន បានជាអ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ថា និយាយចំពោះអឺរ៉ុប ការបញ្ឈប់ដំណើរការរបស់បំពង់បង្ហូរនេះទាំងស្រុងនឹងមានអត្ថន័យយ៉ាងម៉េច ។

      ដើម្បីធានាដល់សន្តិសុខថាមពល ប្រទេសអឺរ៉ុបបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ។ បារាំងគិតថា នឹងរៀបចំឡើងវិញនូវការផលិតថាមពលនុយគ្លេអ៊ែរក្នុងពេលឆាប់ៗ។ រីឯអាល្លឺម៉ង់វិញបានប្រកាសពីគម្រោងជួយឧបត្ថម្ភខាងថាមពលដែលមានទឹកប្រាក់ចំនួន៦ម៉ឺន៥ពាន់លានប្រាក់អឺរ៉ូ  ដែលនឹងបន្ថែមពន្ធចំពោះសហគ្រាសដែលមិនពឹងផ្អែកលើឧស្ម័នធម្មជាតិក្នុងការផ្សាយកម្លាំងអគ្គិសនី ដើម្បីយកលុយប៉ះប៉ូវសហគ្រាសប្រើប្រាស់ថាមពលច្រើននិងជនស៊ីវិល ។ ហើយរដ្ឋាភិបាលប្រទេសក្រិកបានអះអាងថា នឹងដាក់ទណ្ឌកម្មទៅលើស្ថាប័នសាធារណៈដែលមិនសម្របសម្រួលម៉ាស៊ីនThermostat និងមិនបិទភ្លើង ថែមទាំងមិនអនុញ្ញាតឱ្យពួកគេជួលបុគ្គលិកទៀតផង ។

      នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី« The Economist » បានចេញផ្សាយអត្ថបទថា តម្លៃថាមពលនិងអគ្គិសនីឡើងថ្លៃខ្លាំង នឹងពន្លឿនដំណើរថយថមចុះរបស់សេដ្ឋកិច្ចអឺរ៉ុប ។ អ្នកវិភាគមិនតិចទេបានសម្គាល់ឃើញថា អឺរ៉ុបមិនគ្រាន់តែត្រូវការពេលវេលានិងដើមទុនដ៏ច្រើនសម្បើមសម្រាប់បង្វែររចនាសម័្ពន្ធថាមពលនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏ប្រហែលនឹងកើតមានភាពច្របូកច្របល់ក្នុងសង្គមទៀតផង ។

      យ៉ាងណាមិញ ប្រជាជនអឺរ៉ុបដែលធ្លាក់ខ្លួនក្នុងភាពលំបាកបានរកឃើញថា សម័្ពន្ធមិត្តរបស់ខ្លួនដែលស្ថិតនៅត្រើយម្ខាងនៃមហាសមុទ្រអាត្លង់ទិកបែរជាឱបដៃឈរមើលមិនមានសកម្មភាពអ្វីសោះ

      អ្នកផងសុទ្ធតែដឹងហើយថា វិបត្តិថាមពលដែលបានរីករាលដាលនៅទូទាំងអឺរ៉ុប ជាផលវិបាកដែលបណ្តាលមកពីអឺរ៉ុបដើរតាមអាមេរិក និងបានដាក់ទណ្ឌកម្មជាច្រើនជុំទៅលើរុស្ស៊ី ។ អាមេរិកបានចាត់ទុកការវាយប្រហារការនាំចេញថាមពលរបស់រុស្ស៊ី ជាទង្វើយកជ័យជំនះចុងក្រោយ  ព្រមទាំងបានប្រមូលគ្នីគ្នាសម័្ពន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបផងដែរ ។ ប៉ុន្តែទីបំផុត ប្រទេសអឺរ៉ុបបានរកឃើញថា ខ្លួនជា “អ្នករងការខូចខាត”ជាប់រហូត រីឯអាមេរិកវិញ មិនដែលឈប់លេងកលល្បិចនិយាយផ្សេងធ្វើផ្សឹងនោះទេ ។

      បន្ទាប់ពីបានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ីកាលពីខែមីនាឆ្នាំនេះ អាមេរិកបែរជាកំណត់ “អន្តរកាល”សម្រាប់សហគ្រាសរបស់ប្រទេសខ្លួន ក្នុងន័យធ្វើឱ្យសហគ្រាសទាំងនេះទិញដូរប្រេងកាតរបស់រុស្ស៊ីយ៉ាងច្រើនសម្បើម ។ តាមការទម្លាយរបស់វេបសាយព័ត៌មានសម្ងាត់ពាណិជ្ជកម្មរបស់អាមេរិកបានឱ្យដឹងថា គិតជាមធ្យម ក្រុមហ៊ុនអាមេរិកអាចរកបានចំណេញលើសពី១រយលានដុល្លារអាមេរិក ពីរាល់នាវាដែលដឹកជញ្ជូនឧស្ម័នធម្មជាតិធាតុរាវទៅកាន់អឺរ៉ុប ។ ប្រព័ន្ធសារព័ត៌មានអឺរ៉ុបបានធ្វើការអត្ថាធិប្បាយថា អាមេរិកបាននិងកំពុងធ្វើពុតជា “ព្រះអង្គសង្គ្រោះនៃពិភពលោក” ហើយរកបានផលចំណេញយ៉ាងច្រើនសម្បើមក្នុងការលក់ដូរឧស្ម័នធម្មជាតិទៅកាន់ប្រទេសអឺរ៉ុប ។

      វិបតិ្តថាមពលលើកនេះ គួរឱ្យអឺរ៉ុបពិចារណាពីកំហុសជាច្រើនរបស់ខ្លួន កំហុសមួយគឺមិនត្រូវដើរតាមតែអាមេរិក ហើយនិងចាញ់បោកម្តងហើយម្តងទៀត ។ នៅពេលអនាគត អឺរ៉ុបគួរតែគិតពិចារណាឱ្យបានល្អថា តើត្រូវដើរតាមផ្លូវណា ទើបជាផ្លូវត្រឹមត្រូវបំផុតដែលសមស្របនឹងផលប្រយោជន៍របស់ខ្លួន ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស