ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លេខាធិការព័ត៌មាននៃប្រធានាធិបតីរុស្ស៊ីថ្លែងថា ប្រសិនបើសហភាពអឺរ៉ុបអនុវត្តការដាក់កំហិតចំពោះការផ្តល់ទិដ្ឋាការឱ្យប្រជាពលរដ្ឋរុស្ស៊ី នោះ រុស្ស៊ីមុខជានឹងឆ្លើយតបយ៉ាងខ្លាំងក្លាវិញជាក់ជាមិនខាន
2022-09-05 10:53:40cri
Share with:

    នៅថ្ងៃទី ៤ ខែកញ្ញា លោក Dmitri Peskov លេខាធិការព័ត៌មាននៃប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា រុស្ស៊ីនឹងតាមដានយ៉ាងដិតដល់អំពីសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយផ្តល់ទិដ្ឋាការចំពោះប្រជាពលរដ្ឋរុស្ស៊ីដែលធ្វើឡើងដោយសហភាពអឺរ៉ុប ។ ប្រសិនបើសហភាពអឺរ៉ុបអនុវត្តការដាក់កំហិតចំពោះការផ្តល់ទិដ្ឋាការឱ្យប្រជាពលរដ្ឋរុស្ស៊ី នោះ រុស្ស៊ីមុខជានឹងចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លាវិញជាក់ជាមិនខាន ។

    លោក Dmitri Peskov មិនបានធ្វើការឱ្យដឹងថា តើរុស្ស៊ីនឹងចាត់វិធានការជាក់លាក់ណាមួយទេ ប៉ុន្តែលោកបានថ្លែងថា វិធានការឆ្លើយតបមុខជាសមស្របនឹងផលប្រយោជន៍របស់រុស្ស៊ី ហើយវាមិនប្រាកដថាជាវិធានការដាក់ទណ្ឌកម្មក្នុងកម្រិតដូចគ្នាវិញនោះទេ ។

    សូមបញ្ជាក់ថា លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកការបរទេសនិងគោលនយោបាយសន្តិសុខសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី ៣១ ខែសីហាថា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកសហភាពអឺរ៉ុបបានឯកភាពគ្នាថា នឹងបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការធ្វើកិច្ចសម្រួលខាងការផ្តល់ទិដ្ឋាការដែលបានចុះហត្ថលេខាដោយសហភាពអឺរ៉ុបនិងរុស្ស៊ី ។ ប្រការនេះនឹងបណ្តាលឱ្យរបៀបវារៈផ្តល់ទិដ្ឋាការថ្មីសម្រាប់ជនជាតិរុស្ស៊ីដែលផ្តល់ដោយរដ្ឋសមាជិកសហភាពអឺរ៉ុបមានភាពកាន់តែតឹងរ៉ឹង ហើយចំនួនផ្តល់ទិដ្ឋាការថ្មីក៏នឹងត្រូវ"កាត់បន្ថយយ៉ាងខ្លាំង"ផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស