ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “គំរូប្រជាធិបតេយ្យ”ដែលប្រឌិតឡើងដោយអាមេរិក គឺជារឿងកំប្លែងគួរឱ្យសង្វេគ
2022-09-02 12:47:28cri
Share with:

        កាលពីថ្ងៃទី២៩ ខែសីហា មួយឆ្នាំមុន គឺមួយថ្ងៃមុននឹងកងទ័ពអាមេរិកដកចេញពីអាហ្វហ្កានីស្ថានទាំងស្រុង កងទ័ពអាមេរិកបានវាយប្រហារតាមអាកាសទៅលើអាហ្វហ្កានីស្ថាន ដោយយកការបង្រ្កាបអង្គការជ្រុលនិយមធ្វើជាលេស ការវាយប្រហារលើកនេះបានបណ្តាលឱ្យជនស៊ីវិលចំនួន១០នាក់ស្លាប់ ក្នុងនោះបូករួមទាំងកុមារ៧នាក់ កុមារក្មេងបំផុតមានអាយុតែ២ឆ្នាំប៉ុណ្ណោះ ។

      នៅថ្ងៃដដែលមួយឆ្នាំក្រោយ ក្រុងបាកដាដ រដ្ឋធានីប្រទេសអ៊ីរ៉ាក់បានផ្ទុះការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរមួយលើក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ និងរាប់រាយនាក់រងរបួស ។

      ចាប់ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់  ការពិតជាក់ស្តែងដ៏ឈឺចាប់ដែលអាមេរិកចង់ប្រឌិតឡើងនូវ“គំរូប្រជាធិបតេយ្យ” ដោយប្រើប្រាស់កម្លាំងអាវុធបានបញ្ជាក់ថា “ប្រជាធិបតេយ្យបែបអាមេរិក ” រីករាលដាលដល់កន្លែងណា កន្លែងនោះក៏នឹងកើតមានភាពច្របូកច្របល់និងការប៉ះទង្គិច ហើយកន្លែងនោះក៏បណ្តាលឱ្យមានអ្នករងគ្រោះឥតទោសពៃរ៍និងជនភៀសខ្លួននិរាសព្រាត់ប្រាស់គ្មានទីជម្រកជាច្រើនផងដែរ ។

បើសង្កេតមើលការប៉ះទង្គិចនៅអ៊ីរ៉ាក់លើកនេះអាចឃើញថា មូលហេតុផ្ទាល់ដែលបណ្តាលឱ្យកើតការប៉ះទង្គិច គឺគណៈរដ្ឋមន្ត្រីពិបាកត្រូវបង្កើតឡើង ។ កាលពីខែតុលាឆ្នាំមុន  អ៊ីរ៉ាក់បានរៀបចំធ្វើការបោះឆ្នោតរដ្ឋសភាជាតិអាណត្តិថ្មី បក្ខពួកចលនា Sadrist ទទួលបានសំឡេងគាំទ្រច្រើនបំផុត ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលរបស់បក្សសំឡេងភាគច្រើននោះទេ ។ ដើម្បីដាក់សម្ពាធទៅលើអាជ្ញាធរ នាពេលថ្មីៗកន្លងទៅនេះ លោក Muqtada al-Sadr បានប្រកាសនឹងដកខ្លួនចេញពីមជ្ឈដ្ឋាននយោបាយ បន្ទាប់មក អ្នកគាំទ្ររបស់លោកបានធ្វើការតវ៉ានៅតាមផ្លូវ ព្រមទាំងបានកើតមានការប៉ះទង្គិចដោយហិង្សាជាមួយកងរក្សាសន្តិសុខរបស់អ៊ីរ៉ាក់ទៀតផង ។

និយាយពីឬគល់ អ្នកផ្តើមឱ្យស្ថានការណ៍អ៊ីរ៉ាក់មានភាពច្របូកច្របល់ គឺអាមេរិកហ្នឹងឯង ។ លើវិស័យនយោបាយ អាមេរិកបានបង្ខំឱ្យអ៊ីរ៉ាក់ទទួលយកប្រព័ន្ធរបបនយោបាយប្រជាធិបតេយ្យបែបលោកខាងលិច និងបង្កើតរូបមន្តវិមជ្ឈការរវាងក្រុមសាសនា ។ តាមពិតទៅ ប្រការនេះបានបណ្តាលឱ្យអ៊ីរ៉ាក់កើតមានការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ហើយបក្ខពួកនយោបាយនានាពិបាកឈានដល់ការផ្សះផ្សា ។

លើវិស័យសេដ្ឋកិច្ច សង្គ្រាមនិងការប៉ះទង្គិចបណ្តាលឱ្យសេដ្ឋកិច្ចអ៊ីរ៉ាក់រងការខូចខាតដែលពិបាកនឹងប៉ាន់ប្រមាណ ។ ទិន្នន័យមួយចំនួនបានបង្ហាញថា កាលពីឆ្នាំ១៩៩០ ផលិតផលក្នុងស្រុកសរុបរបស់អ៊ីរ៉ាក់ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ គឺ១០៣៥៦ដុល្លារអាមេរិក ប៉ុន្តែដល់ឆ្នាំ២០២០ នៅសល់តែ៤១៥៧ដុល្លារអាមេរិកប៉ុណ្ណោះ ។

នៅលើវិស័យសន្តិសុខ ដោយមកពីមជ្ឈដ្ឋាននយោបាយក្នុងស្រុកអ៊ីរ៉ាក់មានភាពច្របូកច្របល់ បានជាសកម្មភាពភេរវកម្មរីករាលដាលយ៉ាងឆាប់រហ័ស ប្រជាជនអ៊ីរ៉ាក់បានក្លាយជាអ្នករងគ្រោះដោយផ្ទាល់ម្តងទៀត ។ តាមស្ថិតិឱ្យដឹងថា ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២១ គិតជាមធ្យមក្នុងមួយឆ្នាំៗ ប្រហែលកើតមានព្រឹតិ្តការណ៍វាយប្រហារដោយភេរវកម្ម៣៤០០លើក ហើយគិតជាមធ្យម ព្រឹត្តិការណ៍វាយប្រហារដោយភេរវកម្មនីមួយៗបានបណ្តាលឱ្យប្រជាជនឥតទោសពៃរ៍៤នាក់ស្លាប់បាត់បង់ជីវិត ។

និយាយពីឬគល់ ប្រការនេះមិនត្រឹមតែកើតមានដោយសារ “ប្រជាធិបតេយ្យបែបអាមេរិក”ដែលបង្ខំឱ្យអនុវត្តនៅអ៊ីរ៉ាក់មិនសមស្របនឹងស្ថានការណ៍ជាក់ស្តែងរបស់អ៊ីរ៉ាក់ប៉ុណ្ណោះទេ ថែមទាំងក៏មកពីអ្វីដែលអាមេរិកបាននាំចេញទៅកាន់អ៊ីរ៉ាក់នោះ គឺអនុត្តរភាពនិងការគាបសង្កត់ដែលពាក់ស្បែកប្រជាធិបតេយ្យ និងការប៉ុនប៉ងយុទ្ធសាស្ត្រដើម្បីរក្សាអនុត្តរភាពបែបអាមេរិក ។
        ២០ឆ្នាំបានកន្លងផុតទៅហើយ នៅមជ្ឈិមបូព៌ា មានប្រជាជនឥតទោសពៃរ៍ចំនួនជិត១លាននាក់បានបាត់បង់ជីវិតនៅចំពោះមុខ “ប្រជាធិបតេយ្យបែបអាមេរិក” ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវជម្រះចោលឱ្យបានច្បាស់នូវបទឧក្រិដ្ឋរបស់អាមេរិកដែលបានប្រព្រឹតិ្តនៅមជ្ឈិមបូព៌ា ដើម្បីទាមទាររកយុតិ្តធម៌ជូនអ្នករងគ្រោះ ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស