ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើគោលបំណងរបស់ជប៉ុនក្នុងការផ្តល់ជំនួយដល់អាហ្វ្រិក គឺដើម្បីអាហ្វ្រិកឬមួយក៏ស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ?
2022-08-30 13:45:46cri
Share with:

    សន្និសីទស្តីពីការអភិវឌ្ឍអាហ្រ្វិក(TICAD)លើកទី ៨ ដែលដឹកនាំដោយប្រទេសជប៉ុនបានបើកធ្វើនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា ។ មិនថាការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានសំខាន់របស់ជប៉ុនឬក៏ការថ្លែងសុន្ទរកថាគ្រប់បែបយ៉ាងរបស់មន្ត្រីជប៉ុនក្នុងសន្និសីទលើកនេះក៏ដោយ ក៏សុទ្ធតែមានចំណាប់អារម្មណ៍ដ៏លេចធ្លោមួយគឺថា ការដែលសន្និសីទលើកនេះបានសន្យាថា នឹង"ផ្តល់ជំនួយ"ដល់អាហ្វ្រិក តាមពិតទៅ គឺក្នុងគោលបំណងស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ។

    ក្នុងសន្និសីទស្តីពីការអភិវឌ្ឍអាហ្រ្វិកលើកនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ជប៉ុននឹងបណ្តាក់ទុនចំនួន ៣ ម៉ឺនលានដុល្លារអាមេរិកនៅអាហ្វ្រិកនិងបណ្តុះបណ្តាលធនធានមនុស្សចំនួន ៣០ ម៉ឺននាក់សម្រាប់អាហ្រ្វិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ហើយជប៉ុននឹងសម្រេចបាននូវការអភិវឌ្ឍរួមជាមួយប្រទេសអាហ្រ្វិក ។ ក្នុងនាមជាកាសែតដ៏ធំបំផុតនៃប្រទេសជប៉ុន កាសែតAsahi Shinbunបានផ្សាយដំណឹងកាលពីថ្ងៃទី ២៨ ខែសីហានេះដោយសម្គាល់ឃើញថា ដើម្បីបង្កការបដិបក្ខគ្នាជាមួយប្រទេសចិន លោកនាយករដ្ឋមន្ត្រី Fumio Kishida ចាំបាច់ត្រូវបង្កើនទំនាក់ទំនងជាមួយប្រទេសអាហ្វ្រិក ។

    គួររំលឹកថា បញ្ហានេះមិនមែនជាការសម្ងាត់តាំងពីដំបូងម៉្លេះ ។ ចាប់តាំងពីប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ក្នុងឆ្នាំ ២០១៣មក អ្នកនយោបាយជប៉ុនមួយចំនួនបានបង្ហាញពីឥរិយាបថច្រណែននិងចាំទុកនៅក្នុងចិត្ត ហើយពួកគេបានយកអ្វីដែលហៅថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធ្វើជាលេសដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" នេះបានក្លាយជាមធ្យោបាយដ៏សំខាន់របស់រដ្ឋាភិបាលជប៉ុនក្នុងការប្រកួតប្រជែងជាមួយប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ប៉ុន្តែតាមពិតទៅ តើជប៉ុនអាចសម្រេចបាននូវគោលបំណងរបស់ខ្លួនឬអត់ ?

    យោងតាមទិន្នន័យស្ថិតិរបស់ក្រសួងការបរទេសជប៉ុនបានបង្ហាញឱ្យឃើញថា ទំហំទឹកប្រាក់នាំចូលនិងនាំចេញរវាងជប៉ុននិងប្រទេសអាហ្វ្រិកក្នុងឆ្នាំ ២០១៨ មិនដល់ ២ ម៉ឺនលានដុល្លារអាមេរិកទេ ។ បន្ទាប់ពីឆ្នាំ ២០១៨ ទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងអាហ្រ្វិកប្រែជាមានគម្លាតកាន់តែឆ្ងាយទៅៗថែមមួយកម្រិតទៀត ហើយទំហំនាំចូលនិងនាំចេញរវាងភាគីទាំងពីរចង់រក្សាកម្រិតប្រហែល ២ ម៉ឺនលានដុល្លារអាមេរិក គឺគ្មានលទ្ធភាពសម្រេចបានទេ ។ លើសពីនេះទៅទៀត សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា អត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីលោក Fumio Kishida បានធ្លាក់ចុះជាបន្តបន្ទាប់ ហេតុនេះហើយ តើជំនួយដែលជប៉ុនផ្តល់ដល់អាហ្រ្វិកត្រូវបានអនុវត្តក្នុងកម្រិតណាឬអត់ បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ឡើយ ។

    អ្វីដែលកាន់តែនាំឱ្យប្រទេសអាហ្រ្វិកមានមន្ទិលសង្ស័យនោះគឺ តើគោលបំណងរបស់ជប៉ុនក្នុងការផ្តល់ជំនួយដល់អាហ្វ្រិក គឺដើម្បីអាហ្វ្រិកឬមួយក៏ស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ? 

    ក្នុងនាមជាប្រទេសចាញ់សង្គ្រាមលោកលើកទី ២ ជប៉ុនតែងតែរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកឋានៈនយោបាយនិងក្លាយជាអ្វីដែលហៅថា "ប្រទេសជាប្រក្រតី" ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានឆ្លៀតប្រើវេទិកាអន្តរជាតិ ដូចជាសន្និសីទស្តីពីការអភិវឌ្ឍអាហ្រ្វិកជាដើមដោយបានអះអាងថា កំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាគោលដៅរួមរបស់ជប៉ុននិងអាហ្វ្រិក ។ ក្នុងសន្និសីទលើកនេះ ភាគីជប៉ុនបានលើកឡើងពាក្យសម្តីដោយច្រំដែលដែលបានបង្ហាញម្តងទៀតនូវគោលបំណងរបស់ខ្លួនក្នុងការចាត់ទុកអាហ្រ្វិកជា"ឃ្លាំងសន្លឹកឆ្នោត"និងបន្ថែមលក្ខខណ្ឌជំនួយជាដើម ។

    លោក Fumio Kishida បានអះអាងថា ជប៉ុននឹងសម្រេចការអភិវឌ្ឍរួមជាមួយប្រទេសអាហ្រ្វិក គឺ ត្រូវជួយប្រជាជនអាហ្រ្វិកដោះស្រាយបញ្ហាយ៉ាងស្មោះស្ម័គ្រដូចប្រទេសចិនអញ្ចឹង ក៏ដូចជាឱ្យពួកគេមានអារម្មណ៍ថា ទទួលបានការរាប់អានគ្នាប្រកបដោយសមភាព គោរពគ្នាទៅវិញទៅមកនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ផ្ទុយទៅវិញ ការដែលមិនបាននិយាយពីកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិទាល់តែសោះ ហើយគ្រាន់តែសង្កត់ធ្ងន់នូវការបដិបក្ខគ្នានិងការប្រកួតប្រជែង ជំនួយបែបនេះមិនមែនជាអ្វីដែលអាហ្វ្រិកត្រូវការពិតប្រាកដនោះទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស