កាលពីថ្ងៃទី ២៩ ខែសីហា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូលើកទី ១០ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់លើការធ្វើប្រតិភូកម្មដល់ថ្នាក់ក្រោមជាតិ និងធ្វើនិយតកម្មប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព”នៅទូទាំងប្រទេស ។ លោក Li Keqiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។
ថ្លែងក្នុងកិច្ចប្រជុំ លោក Li Keqiang បានបញ្ជាក់ថា ប្រទេសចិននឹងប្រើប្រាស់គោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុយ៉ាងសមរម្យដើម្បីបង្កើនការគ្រប់គ្រងម៉ាក្រូ ហើយម្យ៉ាងវិញទៀត នឹងបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅនូវការធ្វើប្រតិភូកម្មដល់ថ្នាក់ក្រោមជាតិ និងធ្វើនិយតកម្មប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព” ក្នុងន័យបង្កើនកម្លាំងចលករសម្រាប់ការអភិវឌ្ឍក្នុងស្រុក វិធានការទាំងពីរនេះគឺគួបផ្សំគ្នាដែលជាវិធានការសំខាន់ក្នុងការឆ្លើយតបនឹងផលប៉ះពាល់និងជំរុញឱ្យសេដ្ឋកិច្ចបន្តវិវឌ្ឍរីកចម្រើនទៅមុខថែមទៀត ។
ការប្រកាន់ខ្ជាប់នូវកំណែទម្រង់ស្តីពីការធ្វើប្រតិភូកម្មដល់ថ្នាក់ក្រោមជាតិ និងធ្វើនិយតកម្មប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព គឺដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ កែលម្អបរិយាកាសពាណិជ្ជកម្ម បង្កើនប្រសិទ្ធភាពនៃគោលនយោបាយម៉ាក្រូ ក៏ដូចជាផ្តល់ជំនួយនិងការគាំទ្រដល់អង្គភាពទីផ្សារផ្សេងៗតាមរយៈយន្តការដោះស្រាយផ្ទាល់ ការបង្វិលពន្ធសងវិញ ការកាត់បន្ថយពន្ធដារ និងការកាត់បន្ថយថ្លៃសេវា។