ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៣០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកូរ៉េខាងត្បូង
2022-08-25 11:00:57cri
Share with:

    នៅថ្ងៃទី ២៤ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៣០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា តាំងពីចិននិងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងផ្លូវទូតអស់រយៈពេល ៣០ ឆ្នាំមក ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងបានអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពជាក់ស្តែងនៃយុគសម័យនិងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលបាននាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍ជាក់ស្តែងដ៏សំខាន់ជូនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែកដ៏សំខាន់ចំពោះសុខសន្តិភាព ការអភិវឌ្ឍក្នុងតំបន់រហូតដល់ពិភពលោកផងដែរ ។

    លោក Xi Jinping បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងឋិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនៃនិម្មាបនកម្មនិងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មី ។ ដូច្នេះ ក្នុងគ្រាគន្លឹះនេះ សហគមន៍អន្តរជាតិដែលបូករួមទាំងចិននិងកូរ៉េខាងត្បូងផងមានតែរួមសុខរួមទុក្ខ សាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទើបអាចយកឈ្នះលើវិបត្តិនិងឆ្លងផុតគ្រាលំបាក ។ ហេតុនេះហើយ ចិននិងកូរ៉េខាងត្បូងត្រូវធ្វើជាអ្នកជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អ ។

    ថ្លែងក្នុងសារលិខិត លោក Yoon Seok-Youl បានលើកឡើងថា នៅពេលលោកជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានរដ្ឋចិន Xi Jinping កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំនេះ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមសំខាន់ៗស្តីពីការចាត់ទុកខួបទី ៣០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរជាកាលានុវត្តភាពមួយដើម្បីជំរុញទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិនឱ្យសម្រេចបាននូវការអភិវឌ្ឍថ្មី ។ លោករំពឹងថា ភាគីទាំងពីរនឹងតម្កល់ទុកស្មារតីស្តីពីការគោរពគ្នាទៅវិញទៅមកជាមូលដ្ឋានគ្រឹះ ស្វែងរកទិសដៅសហប្រតិបត្តិការថ្មីដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនទៅកាន់ទិសដៅកាន់តែមានភាពចាស់ទុំនិងរឹងមាំ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស