ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រជុំកោះ Malvinas មិនគួរក្លាយជាការឈឺចាប់រ៉ាំរ៉ៃនោះទេ
2022-08-23 15:37:42cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអង់គ្លេសប្រចាំនៅអាហ្សង់ទីនបានរៀបចំធ្វើការប្រកួតវីដេអូខ្នាតខ្លីអនឡាញដែលសំដៅចំពោះនិស្សិតក្នុងដែនអាហ្សង់ទីន ដោយបានអះអាងថា អ្នកទទួលរង្វាន់អាចទៅធ្វើទេសចរណ៍រយៈពេលមួយសប្តាហ៍ដោយមិនគិតថ្លៃនៅប្រជុំកោះ Malvinas ។ ចំពោះការនេះ ក្រសួងការបរទេសអាហ្សង់ទីនបានចេញផ្សាយសេចក្តីប្រកាសសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងថា អង់គ្លេសធ្វើអ៊ីចឹងគឺមានគោលបំណងឃោសនាពី ការកាន់កាប់យ៉ាងពិតប្រាកដចំពោះប្រជុំកោះ Malvinas ហើយទាមទារឱ្យអង់គ្លេសគោរពតាមសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិ ដើម្បីធ្វើការចរចាអំពីការវិវាទស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ។

នេះមិនមែនជាលើកទីមួយហើយដែលអង់គ្លេសប្រើកលល្បិចបែបនេះទេ ។ កាលពីខែកញ្ញាឆ្នាំ២០១៨ ស្ថានទូតអង់គ្លេសប្រចាំនៅអាហ្សង់ទីនក៏ធ្លាប់រៀបចំការប្រកួតស្រដៀងគ្នាដែរ ប៉ុន្តែត្រូវបានសកលវិទ្យាល័យអាហ្សង់ទីនបដិសេធយ៉ាងដាច់ម៉ាត់ ។ បច្ចុប្បន្ននេះ អង់គ្លេសប្រើកលល្បិចដូចគ្នាម្តងទៀត បន្តប្រើមធ្យោបាយអាក្រក់លើយុវជន ប៉ុនប៉ងធ្វើឱ្យពួកគេមានការស្វែងយល់ដ៏ខុសឆ្គងពីប្រវត្តិសាស្ត្រ បំភាន់ភ្នែករបស់ពួកយុវជន ក៏ដូចជាពង្រឹង ការកាន់កាប់យ៉ាងពិតប្រាកដចំពោះប្រជុំកោះ Malvinas ជាបណ្តើរៗ ។

ប្រវត្តិសាស្ត្រអាចបញ្ជាក់ថា កាលពីឆ្នាំ១៨១៦ ពេលអាហ្សង់ទីនបម្រះខ្លួនចេញពីការគ្រប់គ្រងអាណានិគមរបស់អេស្ប៉ាញនិងទទួលឯករាជ្យក៏ទទួលបានអធិបតេយ្យភាពចំពោះប្រជុំកោះ Malvinas ដែរ ប៉ុន្តែពេលអង់គ្លេសវាតទីអាណានិគមនៅតំបន់អាមេរិកខាងត្បូង បានកាន់កាប់ប្រជុំកោះ Malvinas ដោយកម្លាំងបាយកាលពីឆ្នាំ១៨៣៣ ។ កាលពីឆ្នាំ១៩៦៥ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ២០៦៥ ដោយដាក់បញ្ចូលបញ្ហាប្រជុំកោះ Malvinas ក្នុងក្របខ័ណ្ឌ លុបចោលអាណានិគមនិយម ហើយដាស់តឿនប្រទេសទាំងពីរអង់គ្លេសនិងអាហ្សង់ទីនដោះស្រាយការវិវាទតាមរយៈការចរចា ។

កាលពីឆ្នាំ១៩៨២ អាហ្សង់ទីននិងអង់គ្លេសបានផ្ទុះសង្គ្រាមដោយសារបញ្ហាអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas សង្គ្រាមលើកនេះបានដំណើរការអស់រយៈពេល៧៤ថ្ងៃ ទីបំផុត អង់គ្លេសទទួលបានជ័យជម្នះ ។ ប៉ុន្តែ អាហ្សង់ទីនមិនដែលបោះបង់ចោលសំណូមពរនិងតម្រូវការចំពោះអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas នោះទេ ។ គណៈកម្មាធិការពិសេសអំពីការគ្មានអាណានិគមនិយមរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចចិត្តជាង៣០លើក ដោយដាស់តឿនរដ្ឋាភិបាលអង់គ្លេសធ្វើការចរចាជាមួយអាហ្សង់ទីន ហើយភាគីអាហ្សង់ទីនក៏បានចេញសេចក្តីអញ្ជើញជាច្រើនលើកដែរ ប៉ុន្តែសុទ្ធតែត្រូវបានអង់គ្លេសបដិសេធទាំងអស់ ។

ការពិតប្រវត្តិសាស្ត្រនៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់ ។ មិនថាភាគីអង់គ្លេសបង្ហាញសាច់ដុំដូចជា ធ្វើសមយុទ្ធយោធានិងដាក់ពង្រាយអាវុធការពារដែនអាកាសឬក៏រៀបចំធ្វើការប្រកួតរបស់និស្សិតដែលជា កលល្បិចចាស់ក៏ដោយ សុទ្ធតែមិនអាចបញ្ឆោតសហគមន៍អន្តរជាតិបានទេ ។

កាលពីខែមីនាឆ្នាំ២០១៦ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីបនៃអង្គការសហប្រជាជាតិបានកំណត់ថា ប្រជុំកោះ Malvinas ស្ថិតនៅដែនសមុទ្ររបស់អាហ្សង់ទីន ។ នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន សឹងតែប្រទេសទាំងអស់បានគាំទ្រគោលជំហររបស់អាហ្សង់ទីនលើបញ្ហាប្រជុំកោះ Malvinas ។ ភាគីចិនក៏គាំទ្រយ៉ាងមុតមាំនូវសំណូមពរដ៏ត្រឹមត្រូវរបស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស