ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការបណ្តាក់ទុននៅចិនគឺបណ្តាក់ទុនទៅលើការអភិវឌ្ឍនៅពេលអនាគត
2022-08-16 11:47:45cri
Share with:

    ក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការសេដ្ឋកិច្ចជាតិចិនដែលបានធ្វើឡើងនៅថ្ងៃទី ១ ខែសីហា អ្នកផងជាច្រើនបានកត់សម្គាល់ឃើញនូវពាក្យមួយមាត់នេះថា  "សេដ្ឋកិច្ចបន្តបង្ហាញពីនិន្នាការស្តារឡើងវិញ" ។ ការវិនិច្ឆ័យនេះបានបន្ថែមជំនឿចិត្តរបស់មជ្ឈដ្ឋានខាងក្រៅចំពោះសេដ្ឋកិច្ចចិនថែមមួយកម្រិតទៀត ។

     សូមបញ្ជាក់ថា យោងតាមទិន្នន័យស្ថិតិដែលប្រទេសចិនបានប្រកាសជាផ្លូវការបានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ២,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ក្នុងនោះ នៅត្រីមាសទីមួយបានកើនឡើង ៤,៨ ភាគរយ ឯនៅត្រីមាសទីពីរបានកើនឡើង ០,៤ ភាគរយ ជាពិសេស ក្នុងត្រីមាសទីពីរ ប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន គឺបានមកដោយមិនងាយទេ ហើយបានលំនឹងស្ថានភាពទូទៅរបស់សេដ្ឋកិច្ចចិន ។ នៅខែកក្កដាឆ្នាំនេះ ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិប្រឈមនឹងភាពស្មុគស្មាញនិងតឹងរ៉ឹង ព្រមនិងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកបង្អង់ល្បឿន សេដ្ឋកិច្ចចិនបានបន្តបោះជំហានទៅមុខដោយភាពនឹងនរ គឺមិនងាយទេ ។

    និយាយចំពោះសេដ្ឋកិច្ចចិន ឱកាសការងារនិងតម្លៃទំនិញគឺជាសូចនាករដ៏សំខាន់ ។ នៅខែកក្កដា អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទនៅទូទាំងប្រទេសចិនគឺ ៥,៤ ភាគរយ បានធ្លាក់ចុះ ០,១ ភាគរយបើប្រៀបធៀបនឹងខែមុន ។ ក្នុងពេលដំណាលគ្នា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅទូទាំងប្រទេសចិន(CPI)បានកើនឡើង ២,៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ បានទាបជាង ៣ ភាគរយ ដែលជាគោលដៅតាមការប៉ាន់ប្រមាណក្នុងពេញមួយឆ្នាំ  ។ នៅខែកក្កដានេះ សេដ្ឋកិច្ចចិនបានបន្តស្តារឡើងវិញដោយបានបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ពោលគឺមានភាពធន់យ៉ាងខ្លាំង សក្តានុពលធំធេងនិងចន្លោះអភិវឌ្ឍទូលំទូលាយ  សេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលដូចនេះ ក៏អាស្រ័យដោយគោលនយោបាយគ្រប់ប្រភេទលើវិស័យការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទទួលបានប្រសិទ្ធភាពជាបន្តបន្ទាប់ផងដែរ ។

    លោក Sébastien Périmony អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវ Schiller របស់បារាំង និងជាអ្នកជំនាញខាងបញ្ហាអន្តរជាតិបានលើកឡើងថា ដោយសាររងឥទ្ធិពលពីកត្តាមួយចំនួន ដូចជាវិបត្តិអ៊ុយក្រែនជាដើម បានជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង ។ ប្រទេសមួយចំនួនមានអតិផរណាខ្ពស់និងកំណើនទាប ប្រការនេះបានបង្កជាផលប៉ះពាល់អវិជ្ជមានចំពោះអង្គភាពសេដ្ឋកិច្ចពិត ឱកាសការងារនិងការប្រើប្រាស់ជាដើមនៃបណ្តាប្រទេសនានានៅលើពិភពលោក ។ ក្នុងបរិបទបែបនេះ ស្ថិរភាពនៃសេដ្ឋកិច្ចចិន ព្រមនិងភាពប្រាកដប្រជាដែលចិនបាននាំមកដល់ពិភពលោក គឺមានតម្លៃពន់ពេក ។

    ទាក់ទិននឹងរឿងនេះ សហគ្រាសទុនបរទេសដែលប្រកបអាជីវកម្មនៅប្រទេសចិនបានធ្លាប់ឆ្លងកាត់ដោយផ្ទាល់។ នាពេលថ្មីៗកន្លងទៅនេះ របាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននិងសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិនបានបង្ហាញឱ្យឃើញថា សហគ្រាសទុនអាមេរិកលើសពី ៦០ ភាគរយនិងសហគ្រាសទុនអាល្លឺម៉ង់លើសពី ៧០ ភាគរយគ្រោងផែនការនឹងបន្ថែមការវិនិយោគនៅប្រទេសចិន ។ ពិព័រណ៍ផលិតផលប្រើប្រាស់ចិនអន្តរជាតិលើកទីពីរដែលធ្វើឡើងនៅខេត្តហៃណាន ប្រទេសចិននៅពេលមុននេះមិនជាយូរប៉ុន្មាន បានទាក់ទាញម៉ាកអន្តរជាតិជាង ១៦០០ ដែលមកពីប្រទេសនិងតំបន់ចំនួន ៦១ ដាក់បង្ហាញក្នុងពិព័រណ៌លើកនេះ ។

    នាពេលបច្ចុប្បន្ននេះ នៅខាងក្រៅ នៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនដដែល ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិនក៏មានមូលដ្ឋានមិនសូវរឹងមាំដែរ បើចង់រក្សាលំនឹងនៃសេដ្ឋកិច្ចជាទូទៅ នោះក៏ត្រូវធ្វើការខិតខំប្រឹងប្រែងជាបន្តទៀត ។ ប្រឈមនឹងភាពកាន់តែលំបាក ក៏កាន់តែត្រូវហ៊ានឆ្ពោះទៅមុខដោយអង់អាចក្លាហាន ។ បច្ចុប្បន្ននេះ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែទេ ភាពធន់យ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិនមានលក្ខណៈពិសេសច្បាស់លាស់ ចិនមានឧបករណ៍ជាច្រើនអាចកែសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូច្នេះ សេដ្ឋកិច្ចចិនមានសង្ឃឹមបន្តកើនឡើងនិងរក្សាក្នុងក្របខណ្ឌដ៏សមរម្យ សេដ្ឋកិច្ចចិននឹងនាំមកនូវពន្លឺភ្លឺស្វាងដល់អនាគតសេដ្ឋកិច្ចជាសកលដែលមានភាពកាន់តែស្រអាប់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស